ព័ត៍មានទាន់​ហេតុការណ៏
Search

មិនដឹង​រកស៊ី​អី មានតែ​ដើរ​ក្នុង​ផ្សា​របុក​ហោប៉ៅ ប៉ូលិស​ចាប់បាន​ម្នាក់​ដកហូត​បាន​លុយ​ជាង​៦០​ម៉ឺន

​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ​ ធ្វើការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង ខណៈ​កំពុង​ធ្វើ​សកម្មភាព​បុក​ហោប៉ៅ ស្ត្រី​ម្នាក់ទៀត​យក​លុយ​ជាង​៦០​ម៉ឺន។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ព្រឹក​ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ នៅក្នុង​ផ្សារ​ដើម​គរ ផ្លូវ​លេខ​៣៣៦ ក្រុមទី​៥ ភូមិ​៣​សង្កាត់ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ជនសង្ស័យ ឈ្មោះ រ៉េត មុំ ហៅមុំ ភេទ​ស្រី អាយុ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​កា​កាប ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

វត្ថុ​តាង​ចាប់​យក​រួមមាន​លុយ​ខ្មែរ​ចំនួន​៦២៥០០០​រៀល​(​ជា​របស់ ជនរងគ្រោះ​)​។​ចំណែក​ជនរងគ្រោះ​ ឈ្មោះ ចាន់ រ៉ាវី ភេទ​ស្រី អាយុ៥៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៣០ ផ្លូវ​លេខ​២២៧ ក្រុមទី​១០ ភូមិ​៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេក​កើតហេតុ​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​វេលា​ម៉ោង​ប្រហែល​៧​និង​៣០​នាទី ជនរងគ្រោះ​បាន​ចេញពីផ្ទះ​មក​ផ្សារ​ដើម​គរ​ក្នុង​គោលបំណង​ទិញ​ផ្លែឈើ​សែន​ថ្ងៃសីល​ នៅពេល​មកដល់​ក្នុង​ផ្សារ​ដើម​គរ​កន្លែង​ផ្លែឈើ ក៏បាន​ឈប់​ទិញ​ដោយ​ដាក់​លុយ​ក្នុង​ហោប៉ៅ​អាវ ពេលនោះ​ក៏​ត្រូវ​ជនសង្ស័យ​ឈ្មោះ​រ៉េត មុំ តាម​មក​ឈរ​អែបជិត​រួច​ធ្វើ​សកម្មភាព​លូក​យក​លុយ​របស់​ជនរងគ្រោះ​ដែល​ដាក់​ក្នុង​ហោប៉ៅ​អាវ​បានសម្រេច តែ​ក្នុងពេលនោះ​ជនរងគ្រោះ​ដឹងខ្លួន​ទាន់​ក៏​ស្រែក​ឆោឡោ​ឲ្យ​គេ​ជួយ​អន្តរាគមន៍​ចាប់​ឃាត់​ជនសង្ស័យ​បាន​ជាក់ស្តែង​រួមជាមួយ​វត្ថុ​តាង នាំ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​យើង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់។ ក្រោយពេល​ឃាត់ខ្លួន​បាន ​សមត្ថ​កិ​ច្ច​យើង​បាន​ធ្វើ​តេស្ត​ទឹកនោម​ជនសង្ស័យ​រក​សារធាតុ​ញៀន​ក្នុង​ទឹកនោម ជា​លទ្ធផល អវិជ្ជមាន គ្មាន​សារធាតុ​ញៀន។

បច្ចុប្បន្ន​ជនសង្ស័យ​ឈោះ រ៉េត មុំ កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114