ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​អភិបាលខណ្ឌ​មានជ័យ​ ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ដើម្បី​ចង់បាន​សំណូមពរ​យកមក​ដោះស្រាយ​

ភ្នំ​ពេ​ញ ៖ លោក​ពេជ្រ ​កែវ​មុនី អភិបាល​នៃ​គ​ណះ​អភិបាលខណ្ឌ​មានជ័យ​បាន​មាន​ប្រសាសន៍​ប្រាប់​កម្ពុជា​ថ្មី​ថា​ ជា​រៀងរាល់​សប្តាហ៍​លោក​បាន​ជួប​ប្រជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​តាម​បណ្តា​សង្កាត់​ទាំង​៧​ដើម្បី​ចង់បាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​យក​មក​ដោះស្រាយ​ជូន​ភ្លាមៗ​នូវ​សំណូមពរ​ណា​ដែល​លោក​អភិបាលខណ្ឌ​អាច​ដោះស្រាយបាន​។

លោក​ពេជ្រ កែវ​មុនី បាន​បន្ត​ថា ​ការ​ជួបប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​វេទិកា​សា​ធារ​ណៈ​គឺ​លោក​ចង់​ឲ្យ​ប្រជាពលរដ្ឋ​លោក​លើក​ពី​ផល​លំបាក​ក្នុង​ការរស់នៅ​ទាំង​បញ្ហា​សន្តិសុខ​របៀបរៀបរយ​និង​ជីវភាព​។ មាន​ពេល​ខ្លះ​ប្រជាពលរដ្ឋ​លោក​មានទុក្ខ​កង្វល់​ប៉ុន្តែ​មិនដឹង​ជា​ដោះស្រាយ​តាម​វិធី​ណា​ហើយ​មិន​ហ៊ាន​ជួប​ជាមួយ​អាជ្ញាធរ​ដូច្នេះហើយ​ទើប​លោក​អភិបាលខណ្ឌ​មានជ័យ​ចុះ​ជួប​ប្រជុំ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ហើយ​បើ​មាន​បញ្ហា​អ្វីមួយ​សូម​លើកឡើង​ក្នុង​អង្គប្រជុំ​ចៀសវាង​ទៅ​និយាយ​តវ៉ា​តាម​តុ​កាហ្វេ​គឺ​មិនបាន​លទ្ធផល​នោះទេ​។

លោក​អភិបាលខណ្ឌ​បាន​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា​ បើសិនជា​ប្រជាពលរដ្ឋ​លោក​មិន​ហ៊ាន​និយាយ​ជា​ ចំហ​នៅក្នុង​អង្គប្រជុំ​ គឺ​លោក​អភិបាលខណ្ឌ​អនុញ្ញាត​ឲ្យ​សរសេរ​ជា​លិខិត​ដាក់ចូល​ក្នុង​ប្រអប់​សំបុត្រ​នៅ​តាម​ចំណុច​ដែល​លោក​អភិបាល​កំពុង​មាន​វត្ត​មាននៅ​កន្លែង​ជួប​ប្រជុំ។

ហើយ​ការ​ជួបប្រជុំ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផ្ទាល់ ​គឺ​មាន​លទ្ធផល​ល្អ​ណាស់​និង​អាច​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​បាន​ភ្លាមៗ​ហើយ​ការរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដោយផ្ទាល់​និង​ជាក់ស្តែង​បែបនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​លោក​មានការ​កក់ក្តៅ​មកលើ​អាជ្ញាធរ​ថែមទាំង​ជឿទុកចិត្ត​ទៀតផង​។

លោក​ពេជ្រ កែវ​មុនី បាន​បញ្ជាក់​យ៉ាងខ្លី​ថា ​លោក​នឹង​ចុះ​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ភូមិ​និង​សង្កាត់​ដើម្បី​មាន​មូលដ្ឋាន​នៃ​ព័ត៌មាន​ដោយ​ផ្ទាល់ ​កាត់បន្ថយ​នូវ​ការ​ដឹង​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​របាយការណ៍​នោះ​៕