ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូឌុប​ទៀតហើយ​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​ថ្នាំញៀន​ចូលទៅ​ការិយាល័យ​ពន្ធនាគារ​ខេត្ត

រតនគិរី ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ខេត្ត​ចាប់​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុង​ការិយាល័យ​ពន្ធនាគារ​ខេត្ត​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​ព្រឹក ​ថ្ងៃ​សៅរ៍ ៨​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ពន្ធនាគារ​ខេត្ត ស្ថិតនៅ​ក្នុងភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង​។

មន្ត្រី​ពន្ធនាគារ​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយពី​ឃាត់​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី​បន្ត ក្នុង​នោះ​ដែរ​ មានការ​សម្របសម្រួល​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្ត​ផងដែរ​។

មន្ត្រី​ពន្ធនាគារ​បន្ត​ថា ជនសង្ស័យ ឈ្មោះ វណ្ណា វុន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៧​មករា សង្កាត់​ទ្បា​បាន​សៀក ក្រុង​បាន​លុង ដោយ​ជនសង្ស័យ​រូប​នេះ​បាន​យក​ផ្លែ​ចេកទុំ​ចូល​ទៅ​ក្នុង​ការិយាល័យ​ពន្ធនាគារ​ ខណៈ​នោះ​មន្ត្រី​ពន្ធនាគារ​បាន​សង្ស័យ​ក៏​ឆែកឆេរ​រក​ឃើញ​មាន​ថ្នាំញៀន​ដាក់​ចូល​ផ្លែ​ចេក​ចំនួន​៣​ផ្លែ​ដើម្បី​បន្លំ ខណៈ​នោះ​មន្ត្រី​ពន្ធនាគារ​ក៏បាន​ឃាត់​ជនសង្ស័យ​ភ្លាមៗ​ផងដែរ​។

ក្នុង​នោះ​ដែរ ​សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង​រួមមាន ​ម្ស៉ៅ​ក្រាម​ ពណ៌​ស​ថ្លា​ សង្ស័យ​ថ្នាំញៀន​ចំនួន ៣​ថង់​តូច​ទម្ងន់ ១.៨៥​ក្រាម​ ទូរស័ព្ទដៃ​២​គ្រឿង និង​ម៉ូតូ ១​គ្រឿង។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ឃាត់​និង​រក្សាទុក​បណ្តោះ​អាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យកា​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់​៕