ព័ត៍មានទាន់​ហេតុការណ៏
Search

សហគមន៍​អឺរ៉ុប​និង ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៨៧​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH – Capture

ភ្នំពេញ​ ៖ លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ថា សហគមន៍​អឺរ៉ុប​និង ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៨៧​លាន​អឺរ៉ូ ដល់​កម្ពុជា ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​នេះ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH – Capture។ ​នេះ​បើ​យោង​តាម​ការប្រកាស របស់​ក្រសួងកសិកម្ម​។

ការ​លើក​ឡើង​របស់​លោក George Edgar បាន​ធ្វើ​ឡើង នា​ឱកាស​ដែល លោក និង លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ អញ្ជើញ​ចុះ​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​នៅ​រដូវ​នេសាទ​ឆ្នាំ​២០១៨ របស់​ប្រជា​នេសាទ​នៅ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញា​ឭ ខេត្តកណ្តាល កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ២០១៨​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ​នា​ឱកាស​អញ្ជើញ ចុះ​ពិនិត្យ លោ​កម​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរដ្ឋទូត​បា​ន​រួមគ្នា​ប្រកាស​ជា​ផ្លូវការ​ស្តី​ពី​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហគមន៍​អឺរ៉ុប ដែល​មាន​ទឹកប្រាក់​សរុប ៨៧​លាន​អឺរ៉ូ ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​នេះ សម្រាប់​អភិវឌ្ឍន៍​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH – Capture​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពី​ខែវិច្ឆិកា​កន្លងទៅ ក៏​មាន​ការ​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ប្រតិបត្តិការ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) ដែល​ក្នុង​នោះ​មួយ​មាន​ចំនួន​ទឹកប្រាក់ ២៥ លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​វិស័យ​ជន​ផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន សំដៅ​ដល់​ការអភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ទាំង​ទឹកសាប និង​សមុទ្រ​។

​ក្រសួង​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​បាន​ពិនិត្យ​ការ​ប្រមូល​ផល​ត្រី​រួចមក លោក រដ្ឋមន្ត្រី​លោក ឯកអគ្គរដ្ឋទូត និង​សហការី​បាន​បន្តដំណើរ​ទៅ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ឆ្តោ​របស់​លោក ឡោ ស្រៀ​ង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម ដែល​ចិញ្ចឹម​លើ​ផ្ទៃ​ប្រមាណ​៤​ហិត​តា។ កសិដ្ឋាន​នេះ​ដំណើរការ​បាន ៣​ឆ្នាំ​ហើយ មានលទ្ធភាព​ផ្គត់ផ្គង់​ត្រី​ឆ្តោ​ទៅ​ទីផ្សារ​ប្រមាណ​ជា ៥០០​តោន​ក្នុង​១​ឆ្នាំ​។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំងពី​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​ឆ្តោ​ឡើងវិញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ពិនិត្យ​ឃើញ​ថា ការ​ចិញ្ចឹម​ត្រី​ឆ្តោ​កំពុងតែ​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ពោល​គឺ​រហូតដល់​ជាង ៦០​ពាន់​តោន​ក្នុង​ឆ្នាំ​២០១៨​នេះ​។ បរិមាណ​នេះ​បាន​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​នាំ​ចូល​ពី​ប្រទេសជិតខាង កាត់បន្ថយ​ការ​ចាប់​ត្រី​ពី​ប្រភព​ធម្មជាតិ លើកកម្ពស់​ផលិតភាព​វារីវប្បកម្ម និង​បង្កើន​ប្រាក់ចំណូល៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114