ព័ត៍មានទាន់​ហេតុការណ៏
Search

អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​មគ្គុទ្ទេសក៍​ភាសា​បារាំង អស់ទាំង​ស្រុង​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួនធំ

សៀមរាប ​៖ ​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ របស់​មគ្គុទ្ទេសក៍​ភាសា​បារាំង​ម្នាក់​ដែល​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម ទំហំ​៧​គុណ​និង​១០​ម៉ែត្រ ​បណ្តាល​ឲ្យ​ខូច​ខាត​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​នោះ​មិន​មាន​រាល​ដល់​ផ្ទះ​អ្នក​ដទៃ​នោះ​ទេ​ ហើយក៏​គ្មាន​នរណា​ម្នាក់​របួស​ដែរ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​០០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨ ស្ថិតនៅ​ក្រុម​ទី០៩ ភូមិ​សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោក​អនុសេនីយ៍ឯក ស៊ូ វ៉ាន់​ដេ​ត នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​ស្វាយដង្គំ បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆាបឆេះ​នេះ​ មិនបាន​រាលដាល​ទៅផ្ទះ​អ្នក​ដទៃ​នោះ​ទេ។ ​ផ្ទះ​របស់​ជនរងគ្រោះ​មាន ឈ្មោះ គាន សូ​ថា​វី ភេទស្រី អាយុ៣៣ឆ្នាំ បាន​ឆេះ​អស់ទាំង​ស្រុង ហើយ​ត្រូវ​បាន​រថយន្ត​អគ្គិភ័យ​របស់​ស្នងការដ្ឋាន ជួយ​អន្តរាគមន៍​ទាន់ ដោយ​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​នោះទេ​។

លោក​បន្ត​ថា ទ្រព្យសម្បត្តិ​ខូចខាត​រួមមាន កង់​០៧​គ្រឿង​,​ម៉ូតូ​១​គ្រឿង,​លុយ​ជិត​៥០០០​ដុល្លារ​និង​គ្រឿង​អលង្កា​ប្រហែល​៥០០០​ដុល្លារ​។ ​លោក​បន្ត​ថា តាម​ការសាកសួរ​និង​ត្រួតពិនិត្យ​ទៅ​ដឹង​ថា ករណីនេះ​បណ្តាល​មក​ពី​ទុសេ​ខ្សែភ្លើង​ពី​ជាន់​លើ​។​ ក្នុង​ហេតុការណ៍​នោះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៥​គ្រឿង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114