ព័ត៍មានទាន់​ហេតុការណ៏
Search

លោក អូស្មាន ហាស្សាន់​ ៖ ភាព​ជោគជ័យ វា​ទាល់តែ​យើង​ចេះ រួបរួម​សាមគ្គីភាព​គ្នា ទើប​មាន​សន្តិភាព និង​សុខដុមរមនា

អារ៉ាប៊ីសាអ៊ូឌីត ៖ ថ្លែង​នៅក្នុង​សន្និសីទ​អន្តរជាតិ នៅ​ទីក្រុង​ម៉ា​កាស់ ប្រទេស​អា​រ៉ា​ប៊ី​សា​អ៊ី​ឌី​ត រៀបចំ​ដោយ​អង្គការ​សម្ព័ន្ធ​ឥស្លាម​ពិភពលោក (Rabita) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ព្រះអង្គម្ចាស់ ខលិ​ទ ហ្វៃ​សល ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​អភិបាលក្រុង​ម៉ា​កាស់ តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ពុធ​៥​កើត​ខែ​មិគសិរ ឆ្នាំច​ សំរឹទ្ធិស័ក ​ព​.​ស​២៥៦២​ ត្រូវ​នឹង​ទី​១៣ ខែធ្នូ ឆ្នាំ២០១៨។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស បាន​ថ្លែង​បញ្ជាក់​ថា ដរាបណា ឥស្លាម​របស់​យើង​រក្សា​បាន​នូវ​ការ​រួបរួម​គ្នា ការ​សាមគ្គីភាព​គ្នា​ល្អ គឺ​យើង​នឹង​អាច​សម្រេច​បាន​នូវ​កិច្ចការ​ធំៗ​ជាច្រើន​។ ផ្ទុយទៅវិញ បើសិនជា​យើង​បែកបាក់ យើង​នឹង​ទន់ខ្សោយ ហើយ​យើង​នឹង​ចាញ់កល​ល្បិច​សត្រូវ ដែល​នាំ​ឲ្យ​សត្រូវ​របស់​យើង​សប្បាយ​នឹង​ផ្ដួល​រំលំ​យើង ហើយ​ជួល​គ្នា​យើង​បំផ្លាញ​គ្នា​យើង​ដោយ​ភាព​ងាយស្រួល។\

នៅ​ចំពោះមុខ ឥស្សរជន ថ្នាក់ដឹកនាំ បញ្ញវន្ត អ្នក​ស្រាវ ជ្រាវ មាន​ចំនួន​ជាង ១៣០០នាក់ មកពី ១២៧ ប្រទេស​ជុំវិញ​ពិភពលោក លោក​បណ្ឌិត អូស្មាន ហាស្សាន់ បាន​ថ្លែងបន្ត​ថា ភាព​ជោគជ័យ ដូច​នៅ​កម្ពុជា​ជា​គំរូ​ស្រាប់ ជា​ប្រទេស​ដែល​បាន​ឆ្លងកាត់​នូវ​សង្គ្រាមរ៉ាំរ៉ៃ អស់​ជាច្រើន​ទសវត្ស បន្ទាប់ពី​បារាំង​បាន​កាន់កាប់​ជាង​៩០​ឆ្នាំ ទាំង​សង្គ្រាម​មនោគមវិជ្ជា និង​សង្គ្រាមស៊ីវិល​តាំងពី​ឆ្នាំ​១៩៧០ សម័យ​លន់ នល់ បាន​ស្លាប់​មនុស្ស​ជិត កន្លះ​លាន​នាក់។ សម័យ​ប៉ុលពត បាន​សម្លាប់​មនុស្ស ប្រហែល​ជាង២​លាន​នាក់ រហូតដល់​ឆ្នាំ​១៩៧៩ ហើយ​ជម្លោះ​បាន​បន្ត​រហូតដល់​ឆ្នាំ​១៩៩១ ទើប​អាច​អង្គុយ​តុ​ចរចា​គ្នា​បាន រហូតមកដល់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើប​កម្ពុជា​ទទួល​បាន​សុខសន្តិភាព ស្ថេរភាព​ពេល​លេញ​ទូទាំង​ផ្ទៃ​ប្រទេស​។

លោក​បន្ថែម​ថា ​ភាព​ជោគជ័យ ក្រោម​គោលនយោបាយ ឈ្នះ​-​ឈ្នះ របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ស​និ្ត​ភាព និង​ស្ថេរ​ភាព​នេះ ធ្វើ​ឲ្យ​យើង​ទទួល​បាន​សមិទ្ធផល​គួរ​ជាទី​មោទនៈ ខណៈ មាន​បងប្អូន​ឥស្លាម​របស់​យើង​នៅក្នុង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ខ្លះ កំពុងតែ​រង​ការ​បិទ​សិទ្ធិ​សេរីភាព និង​ការ​ធ្វើ​បាប​រឹត​ត្បិត យ៉ាង​តឹងរ៉ឹង​បំផុត​នោះ។

ក្នុង​សន្និសីទ​រយៈពេល ២​ថ្ងៃ (១២-១៣ ធ្នូ ២០១៨) ស្តីអំពី សាមគ្គីភាព​ឥស្លាម គ្រោះថ្នាក់​នៃ​ការ​លាប​ពណ៌ និង​អ​បរិយាយប័ណ្ណ លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​អំពាវនាវ នៅក្នុង​អង្គ​សន្និសីទ​នោះ​ថា ក្នុងនាម​យើង​ជា​សាសនិក​ឥស្លាម​ដូចគ្នា ត្រូវតែ​យក​ពេល​អង្គុយ​តុ​ជុំគ្នា កាន់​ក្រដាស​ទំព័រ​ស​ថ្មី និង​ប៉ិច ញញឹម​ដាក់គ្នា សើច​សប្បាយ​ទទួលបាន​ជោគជ័យ នៃ​សុខ​សន្តិភាព​ប្រទេស និង​ឥស្លាម ហើយ​ត្រូវ​សម្រក់​ទឹកភ្នែក​ដូចគ្នា ក្នុង​ការ​អាណិតអាសូរ​ដល់​បងប្អូន​ឥស្លាម​មួយចំនួន ដែល​កំពុង​រង​ទុក្ខវេទនា ត្រូវ​គេ​សម្លាប់ ធ្វើ​ទុក​បុក​ម្នេញ។ ដោយសារ​តែ​គេ​ឃើញ​ការ​បែកបាក់ កម្លាំង​យើង​ខ្សោយ មិន​រួម​កម្លាំង សាមគ្គីភាព​គ្នា មិន​យោគយល់​អនុគ្រោះ​គ្នា បែងចែក​ក្រុម​ពួក​លាប​ពណ៌​គ្នា តែងតែ​ចាញ់​ល្បិចកល សត្រូវ​ដែល​អាច​ធ្វើ​យើង​បែកបាក់​និង​ទៅ​ថ្ងៃ​អនាគត ឥស្លាម​ខ្សោយ​ទៅៗ​នៅ​ចុង​ក្រោយ ហុច​ឱកាស​ឲ្យ​សត្រូវ​បំផ្លាញ​យើង​ម្តង​មួយៗ ជាមិនខាន ប្រសិន ។ បើ​យើង​នៅតែ​មិន​រត់​មក​រួបរួម​សាមគ្គីភាព​គ្នា​បាន មិន ឈប់​ធ្វើការ​លាប​ពណ៌​ដាក់គ្នា នឹង​នៅតែ​ទាស់​គ្នា រហូត​បែប​នេះនោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114