ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស ដូច្នេះ​ការដឹកនាំ​ប្រទេស គ្មានអ្វី​ក្រៅពី​បម្រើ​ប្រជាពលរដ្ឋ​នោះទេ​

កំពង់ស្ពឺ ​៖ លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចូលរួម​ក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា និង​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រៃ​ក​ន្ទោ​ច នៅ​ភូមិ​អង្គ​ដូង​ពីស ឃុំ​ទឹកល្អក់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​។​

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ លោក ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ផល​នៃ​សុខសន្តិភាព ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស មានឱកាស​ត្រឡប់មក​ស្រុកកំណើត​វិញ ដើម្បី​ជួយ​ស្រុកកំណើត​របស់ខ្លួន នឹង​ហើយ​គឺជា​ស្មារតី​រួមគ្នា នឹង​ហើយ​ជា​សមិទ្ធផល​ក្រោម​ការដឹកនាំ​រយៈពេល​ជាង​៤០​ឆ្នាំនេះ ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្តេជ្ញា​ថែរក្សា​សុខសន្តិភាព​ជាប​ន្ត​ទៀត។

លោក​បន្តថា ប្រជាពលរដ្ឋ​បាន​បោះឆ្នោត​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស ដឹកនាំ​ប្រទេស​គ្មានអ្វី​ក្រៅពី​បម្រើ​ប្រជាពលរដ្ឋ​នោះទេ​។ នេះហើយ​គឺជា​អ្វីដែល​សម្តេច​បាន​ណែនាំ​ជាប់​ជាប្រចាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឱ្យខិត​ខំ​បម្រើ​ប្រជាពលរដ្ឋ ព្រោះ​ប្រជាពលរដ្ឋ​បានផ្ដល់​ឱកាស​តាមរយៈ​ការបោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​តេ​ជោ​ដឹកនាំ​ប្រទេស​។ ការគាំទ្រ​នេះ​គឺជា​ការផ្ដល់​កម្លាំងចិត្ត​ណាស់​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ និង​ជា​ទឹកចិត្ត​របស់​សម្តេច​តេ​ជោ​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេល​ទាំងអស់​។​

ជាមួយគ្នា​នោះ​លោក ហ៊ុន ម៉ា​ណែ​ត ស្នើ​ឲ្យ​ប្រជាពលរដ្ឋ លោកតា លោកយាយ ជឿថា ការគាំទ្រ​សម្តេច​តេ​ជោ​ឱ្យ​ដឹកនាំ​ប្រទេស គឺ​មិន​ខុស​ទេ គឺ​លោក​មិនដែល​សម្រាក​ទេ គឺ​តែងតែ​នៅជាប់​ជាមួយនឹង​ប្រជាពលរដ្ឋ ខិតខំ​ឲ្យ​វិនិយោគិន​មក​វិនិយោគ បើក​រោងចក្រ​ផ្ដល់ឱកាស​ការងារ​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ ផ្សព្វផ្សាយ ទាក់ទាញ​ឱ្យ​អ្នកទេសចរ​មកលេង​ស្រុក​ខ្មែរ លោក​ខិតខំ​ធ្វើ​ទាំង​កិច្ចការ​ក្នុងប្រទេស និង​ក្រៅប្រទេស គឺ​លោក​ធ្វើការ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ និង​កូនចៅ​ទៅ​ថ្ងៃ​អនាគត​ឲ្យ​កាន់តែ​សម្បូរ​សប្បាយ​។​

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បាន​ទៅ​បោះឆ្នោត ហើយ​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា អោយ​សម្ដេច​តេ​ជោ​ដឹកនាំ​ប្រទេស គឺជា​សារ​ធំ​ណាស់​សម្រាប់​ប្រាប់​ដល់​អន្តរជាតិ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​ក្តី​សុខ ចង់​រស់នៅ​សុខ​សប្បាយ ចង់​មាន​ជីវភាព​ធូរធារ​។ គោលការណ៍ គោលនយោបាយ​របស់​គ​ណ​បក្ស ប្រជាជន​កម្ពុជា គឺ​ធ្វើ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ជួយ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅតាម​មូលដ្ឋាន​ខិតខំ​ជួយ​ប្រជាពលរដ្ឋ ផ្ដល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​ល្អ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ​សេវាសាធារណៈ​បាន​ចុះ​ទៅដល់​មូលដ្ឋាន​។ នេះ​គឺជា​ការ​តបស្នង​សងគុណ​ចំពោះ​ប្រជាពលរដ្ឋ​។ កន្លែង​ខ្លះ​នៅមាន​ការខ្វះខាត​យើង​ខិតខំ​កែសម្រួល យើង​ខិតខំ​ធ្វើ​។ អ្វីដែល​យើង​មាន​សព្វថ្ងៃនេះ​គឺ​យើង​កំពុង​រស់នៅក្នុង​សេចក្តីសុខ​ដោយ​មិន​ព្រួយបារម្ភ​ពី​សង្គ្រាម​ទៀត​ទេ​។ នេះហើយ គឺជា​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច ហ៊ុនសែន​។ នេះហើយ​គឺជា​ការជ្រើសរើស អ្នកដឹកនាំ​ត្រូវ ហើយ​យើង​រួមគ្នា​កសាង​ប្រទេស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ទៀត​។​

លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងអំណរគុណ​ប្រជាពលរដ្ឋ​សម្រាប់​ការជឿទុកចិត្ត​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ ហើយ​បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ជឿទុកចិត្ត ចំពោះ​ការដឹកនាំ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​ជោ ដែល​នៅ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទាំងអស់ ដើម្បី​យើង​រួមគ្នា​កសាង​ប្រទេស​បន្តទៅទៀត​៕