ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​យុទ្ធជន​ពិការ​ធ្លាក់ខ្លួន​ដេកពេទ្យ​ហើយ! ជីវិត​ចុងក្រោយ លោក​ទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ជួយ​រក​យុត្តិធម៌​ដល់​គាត់​ផង

ភ្នំពេញ ​៖ លោក​មាស សុផាត អតីត​ទាហាន​ទ័ពស្រួច​ភូមិភាគ​វរៈ​សេនា​ធំ​១២៨ នៃ​កងពល​លេខ​២ ហើយ​បាន​ពលី​ជើង​ខាងឆ្វេង​មួយ​ចំហៀង ដោយសារតែ​សង្គ្រាម​ក្នុងសម័យ​ប៉ុលពត​នោះ ថែមទាំង​មាន​ជំងឺ​រុំារ៉ៃ​ មាន​ជីវភាព​លំបាក​ផង​នោះ បាន​ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ហើយ ខណៈ​ពេលដែល​តុលាការ​គ្រោង​ចុះ​អនុវត្ត​សាលដីកា។

អតីតយុទ្ធជន​ពិការ​រូបនោះ បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយ​រូប​ដេក​លើ​គ្រែពេទ្យ បន្តោក​សេរ៉ូម​ផង​នោះ​ថា “​ខ្ញុំ​បាទ​ឈ្មោះ មាស សុផាត ពេលនេះ​មាន​ជំងឺ​សម្រាក​ពេទ្យ មាន​ក្តីសង្ឃឹម និង​ជឿជាក់​លើសម្តេច​តេ​ជោ ហ៊ុន សែន នឹងមិន​បំភ្លេច​យុទ្ធ​មិត្ត ដែល​ធ្លាប់​តស៊ូ​ច្បាំង​ក្នុង​សមរភូមិ​ក្នុង​ភូមិភាគ​បូព៌ា​ម្នាក់នេះ​ទេ​។ ខ្ញុំ​បាទ​នៅតែមាន​ក្តីសង្ឃឹម ជឿជាក់​លើ​ឯកឧត្តម ជា សុផារ៉ា នឹង​ផ្តល់​យុត្តិធម៌​ឆាប់ៗ​ដល់​រូប​ខ្ញុំ​បាទ​។ ខ្ញុំ​បាទ​នៅតែ​នឹករលឹក​ដឹក​គុណ​ដល់​លោកជំទាវ ហ៊ុន ស៊ី​ណាត ដែល​បានផ្តល់​កំលាំងចិត្ត​ឱ្យ​ខ្ញុំ​បាទ​ខំតស៊ូ​រស់​បន្តទៀត​។ ខ្ញុំ​បាទ​សូម​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​សារព័ត៌មាន​ទាំងអស់ ដែល​បាន​ចុះផ្សាយ​រឿង​អយុត្តិធម៌​ខ្ញុំបាទ​។ ខ្ញុំបាទ​ឈ្មោះ មាស សុផាត ជា​អតីត​យោធិន​ពិកា ធ្លាប់​ច្បាំង​ក្នុង​សមរភូមិ​១៧៤​ដង ត្រូវរបួស​៥​ដង និង​១​ដង​ចុងក្រោយ​ដាច់​ជើង ដើម្បី​ការពារជាតិ មាតុភូមិ រូប​ខ្ញុំ​មិនដែល​ខ្លាច​ការស្លាប់​ទេ ប៉ុន្តែ​រូប​ខ្ញុំ​បែរជា​ខ្លាច​ភាព​អយុត្តិធម៌​ចំពោះ​គ្រួសារ​ខ្ញុំ​បាទ ដែល​ត្រូវ​លោក កើត សារ៉េត ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី និង​ប្រពន្ធ​ឈ្មោះ ហ៊ឹម សុ​ធន់​អ៊ូ មានគំនិត​ទុច្ចរិត​លួច​ធ្វើ​ប្លង់ ប្លន់​យក​ដី​ក្រុមគ្រួសារ​ខ្ញុំ​បាទ​ទាំង​បំពាន​។ ខ្ញុំ​បាទ​មាន​ក្តីសង្ឃឹម​លើដី​តែ​១​ដ៉ុំ​នេះ​ទេ ដើម្បី​ទុកជា​ទ្រព្យ និង​ទុក​ព្យាបាល​ជំងឺ​ចាស់ជរា ឈឺ​រ៉ាំរ៉ៃ រហូតដល់​ថ្ងៃ​ស្លាប់​”​។​

លោក មាស សុផាត អាយុ​៦០​ឆ្នាំ អតីត​ទាហាន​ពិការ​ជើង​ម្ខាង និង​មានមុខរ​បរជាកសិក​រ​ចិញ្ចឹម​ត្រី រស់នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក កើត សារ៉េត ថា​បាន​បំពាន​យក​ដី​របស់ខ្លួន​កំពុង​រស់នៅ​តាំងពី​ឆ្នាំ​១៩៩២ ដែល​គិត​មកដល់ពេលនេះ គឺមាន​រយៈពេល​២៦​ឆ្នាំ​ហើយ​។ លោក​បាន​រំឭក​ពី​ដី​នេះ​ថា កាលដើមឡើយ​ដី​នេះ​ជា​បឹង មាន​ព្រំប្រទល់​ជាប់​នឹង​ដី លោក កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ត្រូវជា​ពូ​ជីដូនមួយ​របស់លោក​តែម្តង​។ នៅក្នុង​ឆ្នាំ​១៩៩៤ លោក​បាន​សុំ​ដី​បឹង​នេះ​ពី​រដ្ឋអំណាច​មូលដ្ឋាន ដើម្បី​ដាំ​ឈូក ហើយ​រហូតដល់​ឆ្នាំ​១៩៩៥ លោក​បាន​សុំ​ការអនុញ្ញាត​ពី​មន្ត្រី​ក្នុង​មូលដ្ឋាន​ដដែល​នេះ ដើម្បី​ជីក​ធ្វើ​ស្រះ​ចិញ្ចឹម​ត្រី​វិញ​ម្តង ហើយ​ជីក​បាន​ចំនួន​២​ស្រះ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​បាន​ធូរធារ​ជាង​មុន​។​

​លោក មាស សុផាត បាន​ចោទ​លោក កើត សារ៉េត ថា “​គាត់​អាង​អំណាច​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ លួច​ធ្វើ​ប្លង់​យក​ដី​ខ្ញុំបាទ​”​។ ដោយសារ​មិន​អស់​ចិត្តនឹង​ការបោកប្រាស់​នេះ ទើប​មានការ​ប្តឹង​គ្នា​ទៅវិញទៅមក នៅ​សាលាដំបូង​ខេត្តកណ្តាល ដែល​នៅ​ទីនោះ​តុលាការ​បាន​យកតែ​បណ្ដឹង​របស់ កើត សារ៉េត មក​ពិចារណា ដោយមាន​ចៅក្រម​ឈ្មោះ ស៊ិន វីរៈ ជា​អ្នកកាត់ក្តី​ឲ្យ​ម្ចាស់​បណ្ដឹង​ឈ្នះ​។​

​យោងតាម​ការរៀបរាប់​របស់លោក មាស សុផាត បានដឹងថា ក្រោយមក​ភាគី​អ្នកចាញ់​ក្តី​នៅ​សាលាដំបូង​ខេត្តកណ្តាល លោក​បាន​ប្តឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ហើយ​លោក​ចៅក្រម ប្លង់ សំណាង ក៏បាន​ចុះ​អង្កេត​ផ្ទាល់​លើដី​ទំនាស់ និង​បាន​បើក​សាវ​នា​ការសម្រេច​ក្តី​ឲ្យ​ឈ្នះ​លោក កើត សារ៉េត​។ លោក​បាន​រៀបរាប់​ទៀតថា ចំណែក​លោក កើត សារ៉េត ក្រោយពី​ចាញ់ក្តី​នៅ​សាលាឧទ្ធរណ៍ ក៏​ប្តឹង​សារទុក្ខ​ទៅ​តុលាការ​កំពូល ដែល​ក្រោយមក​តុលាការ​នេះ​បាន​បង្វិល​សំណុំរឿង​ទៅ​ឲ្យ​សាលាដំបូង​ខេត្តកណ្ដាល​ឲ្យ​កាត់​ឡើងវិញ ប៉ុន្តែ​លោក កើត សារ៉េត គាត់​មិន​ព្រមទៅ​សាលាដំបូង​វិញ​ទេ​។ ដូច្នេះ​ទីបំផុត​តុលាការ​កំពូល​ក៏​សម្រេច​ចេញ​សាលដីកា​ឲ្យ​លោក​ចាញ់ក្តី​យ៉ាង​អយុត្តិធម៌​បំផុត​។​

​ដោយ​ចាញ់ក្តី​នៅ​តុលាការ​កំពូល លោក មាស សុផាត បាន​សុំ​អង្វរ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី និង លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ សូមមេត្តា​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ដល់​គាត់​ផង​។​

​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ខាងលើនេះ ​ភ្នាក់ងារ​យើង​ មិនទាន់​អាចទាក់ទង​សុំ​ការពន្យល់​បកស្រាយ​ពី​លោក កើត សារ៉េត បាន​នៅឡើយ​ទេ​។​

​ទាក់ទង​សំណុំរឿង​របស់លោក មាស សុផាត នេះ លោកស្រី​ហ៊ុន ស៊ី​ណាត ដែល​ប្អូនស្រី​បង្កើត​សម្តេច​តេ​ជោ ហ៊ុន សែន សម្តែង​ការភ្ញាក់ផ្អើល និង​បាន​ជឿ​ទុក្ខ​ចិត្ត​លើ​ឯកឧត្តម​ ជា សុផារ៉ា ជួយ​រក​យុត្តិធម៌ ។ លោកស្រី​បានបញ្ជាក់​យ៉ាងនេះ​ថា “​អុញ ! ម្ចាស់​ថ្លៃ​រឿងនេះ​មិនធម្មតា​ទេ​គាត់​អតីត​យោធា​ពិការ​ជើង​ដោយសារ​ការពារ​ប្រទេស​ផង​ហេតុ​អី​បាន​អស់លោកអ្នក​មានអំណាច​ទៅយក​ដី​របស់គាត់​។ រឿងនេះ​បើសិនជា​លោក​កើត សារ៉េត ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​មែន​នោះ ខ្ញុំ​ជឿ​ទុក្ខ​ចិត្ត​លើ​ឯកឧត្តម ជា សុផារ៉ា ហើយ គាត់​មិនអោយ​កូនចៅ​ដើរ​រំលោភ​យក​ដីធ្លី​រាស្ត្រ​ទេ​! បើ​ពិតមែន​ថា​លោក​កើត សារ៉េត​ដែលមាន​តួនាទី ធំ​ប៉ុន​ភ្នំ​យក​ដី​រាស្ត្រ​ពិត​នោះ បែប​ឯកឧត្តម ជា សុផារ៉ា មិន​ទុក្ខ​សាច់​ស្អុយ​ទេ​នាំ​តែ​ខូច​ដល់​កេរ្តិឈ្មោះ​ក្រសួង​របស់លោក ៚​នេះ​បើ​ពិត​ថា លោក​សារ៉េត​យកមែន ។ សូម​បងប្អូន​កូនក្មួយ​មិត្ត​រួម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​រងចាំ​មើលថា តើ​អតិ​ត​យោធា​ពិការ​ជើង​ម្នាក់នេះ​បាន​យុត្តិធម៌​ពី​តុលាការ​រឿង​ដី​នេះ​មកវិញ​ដែរ​ទេ ? សូម​ឯកឧត្តម​កើត សារ៉េត អាណិត​ដល់​អ្នក​ពិការ​ផង​”​។​
​កាលពីដើម​ខែធ្នូ អតីត​ទាហាន​ពិការ​រូបនេះ បាន​ចេញពី​ពេទ្យ​ទាំង​ខ្លួន​មាន​ជំងឺ ទៅ​ដាក់​ពាក្យសុំ​អន្តរាគមន៍​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ លោក​បាន​ថ្លែងថា ជិវិត​ចុងក្រោយ​របស់លោក គឺ​មានតែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ដែល​អាចជួយ​រក​យុត្តិធម៌​អោយ​លោក​បាន​។ ហេតុនេះ លោក​សូម​ទទូច​ដល់​សម្តេច​តេ​ជោ និង​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មេត្តាជួយ​រក​យុត្តិធម៌​ផង​។​

​ជាមួយគ្នានេះ អតីត​ទាហាន​ពិបាក​រូបនេះ​ក៏បាន​ព្រមាន​យក​សាំង​ដុត​សម្លាប់ខ្លួន បើសិនជា​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​សាលដីកា​យក​ដី​ជាង ១​ហិកតា​របស់គាត់ ដែល​កំពុង​រស់នៅ​សព្វថ្ងៃ​នៅ​ភូមិ​ដួង សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ទៅ​ឲ្យ​ឈ្មោះ លោក​កើត សារ៉េត អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។​

​អតីត​ទាហាន​ពិការ​រូបនេះ ក៏បាន​និយាយ​ទាំង​ទឹកភ្នែក​សុំ​ឲ្យ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដី​ដែន នគរូបនីយកម្ម និង​សំណង់ ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ឲ្យ​លោក​ផង ក្នុង​រឿង​ជម្លោះដីធ្លី​ជាមួយ​លោក កើត សារ៉េត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114