ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​មន្ត្រី​លុបបំបាត់​កុំ​ឲ្យ​មាន​លក់​ឱសថ​តាម​តូប​ចាប់ហួយ ឬ ​​កញ្ច្រែង​

ភ្នំពេញ ​៖​ លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ទីប្រឹក្សា​ក្រសួងសុខាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​សុខាភិបាល​ បាន​ណែនាំ​ដល់​មន្ត្រី​ត្រូវមាន​ការតាមដាន​ និង​ពង្រឹង​ការគ្រប់គ្រង​ឱសថ​ឲ្យ​បានល្អ កុំឲ្យ​មានការ​ដាក់លក់​ឱសថ​តាម​ចាប់ហួយ តាម​កន្លែង​លក់​ឥវ៉ាន់ ឫ​តាម​កញ្ច្រែង​ដូច​កាលពី​២០​ឆ្នាំមុន​នោះ​ឲ្យ​សោះ។​
​ ​
ជាមួយគ្នានេះដែរ​ លោកស្រី​វេជ្ជបណ្ឌិត​លើកឡើង​ទៀតថា ​ត្រូវខិតខំ​ជំរុញ​ការអនុវត្ត​ការប្រើប្រាស់​ឱសថ​ឲ្យ​បាន​សមស្រប ជាពិសេស​ការប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទិច (Antibiotics) ស្របទៅតាម​ម​គ្គុ​ទេសន៍​ព្យាបាល​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​កើតឡើង​ដោយសារ​ឱសថ និង​ភាពស៊ាំ​ឱសថ​ផងដែរ​។

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បាន​បន្ថែមទៀតថា​ ទន្ទឹមនឹងនោះ ចំពោះ​ការប្រើប្រាស់​ឱសថ សូម​បន្ត​ការយកចិត្តទុកដាក់​លើ​ការផ្តល់​ឱសថ​ឲ្យ​ត្រូវ​ និង​ចំ​តាម​សភាព​ជំងឺ ដោយមាន​ការព្យាបាល​កុំ​ឲ្យ​ខុសឆ្គង​ចៀសវាង​ការប្រើ​លើស​កម្រិតយល់ដឹង​ពី​អន្តរ​កម្ម​របស់​ឱសថ​ និង​ការហាម​ប្រើ ដែល​បង្ក​ឲ្យ​មាន​ប្រតិកម្ម​រំខាន​របស់​ឱសថ​កើតឡើង​។​

លោកស្រី អគ្គនាយក​បច្ចេកទេស​សុខាភិបាល​បានលើកឡើង​បែបនេះ​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ខេមរា ខេត្ត​កំពត ​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ប្រតិកម្ម​រំខាន​របស់​ឱសថ​(​ហ្វា​ម៉ា​កូ​វី​ជី​ឡង់​) ដល់​មន្ត្រី​សុខាភិបាល​សាធារណៈ​ចំនួន​៤៩​នាក់​ មកពី​តាម​បណ្ដា​រាជធានី​ខេត្ត​ចំនួន​១០​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍ថា ​លោកស្រី​បន្ត​គាំទ្រ​សកម្មភាព​ហ្វា​ម៉ា​កូ​វី​ជី​ឡង់ និង​សូម​ឲ្យ​មាន​សកម្មភាព​លើ​កិច្ចការ​នេះ ដើម្បី​ជួយ​ដល់​ការងារ​គ្រប់គ្រង​ឱសថ​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​។​

លោកស្រី​ បាន​សង្កត់ធ្ងន់​បន្ថែម​លើ​ភាពចាំបាច់​ នៃ​ការ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន​របស់​ឱសថ និង​បាន​ណែ​នាំ​ឲ្យ​ពិនិត្យមើល​ឡើងវិញ​នូវ​គោលការណ៍​ណែនាំ​ក្នុងការ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន​របស់​ឱសថ ពេល​បញ្ចប់​រួច​ត្រូវ​រៀបចំ​ការផ្សព្វផ្សាយ​គោលការណ៍​ណែនាំ​ទាំងនោះ​ជូន​ដល់​ជន​បង្គោល​ហ្វា​ម៉ា​កូ​វី​ជី​ឡង់​។
ចំពោះ​ជន​បង្គោល​ហ្វា​ម៉ា​កូ​វី​ជី​ឡង់​តាម​បណ្ដា​រាជធានី​-​ខេត្ត​ ត្រូវ​ពិនិត្យ​រៀបចំ​ឡើងវិញ ឲ្យ​មាន​គ្រប់​ខេត្ត ព្រមទាំង​សូម​សំណូមពរ​ដល់​អង្គការ​សុខភាព​ពិភពលោក​ជួយឧបត្ថម្ភ និង​គាំទ្រ​ដល់​សកម្មភាព​ហ្វា​ម៉ា​កូ​វី​ជី​ឡង់ ដោយ​ចាប់ផ្ដើម ០៣ ខេត្ត​ដំបូង (​កំពង់ធំ កំពង់ស្ពឺ និង​កំពត​) ដែល​កំពុងតែ​អនុវត្ត​កម្មវិធី​ពង្រឹង​ប្រព័ន្ធ​សេវា​សុខាភិបាល​ ដើម្បី​ការ​ទទួល​បានការ​គ្របដណ្ដប់​សុខភាព​ជាស​កល (UHC) ដែល​ឧបត្ថម្ភ​គាំទ្រ​ដោយ​អង្គការ​សុខភាព​ពិភពលោក ដោយ​នាយកដ្ឋាន​ឱសថ ត្រូវ​ធ្វើ​ការ​ពិភាក្សារ​ជាមួយ​នាយកដ្ឋាន​មន្ទីរពេទ្យ និង​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ជំរុញ​សកម្មភាព​ហ្វា​ម៉ា​កូ​វី​ជី​ឡង់​ ដើម្បី​ជា​កិច្ច​ចាប់ផ្ដើម​ នៃ​ការងារ​នេះ​ផង​ដែរ​។​

ទន្ទឹមនឹងនេះ​ លោកស្រី​វេជ្ជបណ្ឌិត ​ក៏បាន​សង្កត់ធ្ងន់​ទៅលើ​ការយល់ដឹង​ពី​គុណភាព​ឱសថ ឱសថ​អន់​គុណភាព ឱសថ​ក្លែងក្លាយ និង​ការយល់ច្រលំ​និយមន័យ​ឱសថ​ក្លែងក្លាយ ដើម្បី​កុំ​ឲ្យ​មានការ​បក​ស្រាយ​ខុស​លើ​ពាក្យ​ឱសថ​ក្លែងក្លាយ នៅ​ក្នុង​ប្រទេស​យើង និង​សូម​ឲ្យ​យកចិត្តទុកដាក់​លើ​ការ​អនុវត្ត​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់​៕

 

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114