ព័ត៍មានទាន់​ហេតុការណ៏
Search

បេសកជន​របស់​ទីក្រុង​អូ​តា​វ៉ា​ប្រចាំ​ប្រទេស​ចិន​ ជួប​ជាមួយ​ជនជាតិ​កាណាដា​ទី​ពីរ​ដែល​ត្រូវ​ជាប់ឃុំ

ក្រសួងការបរទេស​កា​ណា​ដា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ឯកអគ្គរាជទូត​កាណាដា​ប្រចាំ​ក្រុង​ប៉េកាំង​បាន​ជួប​ជាមួយ​ជនជាតិ​កាណាដា​ទី​២​ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​ចិន​ដោយ​ជាប់​សង្ស័យថា​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​។​

ក្រសួង​បាន​និយាយថា ឯកអគ្គរាជទូត John McCallum បាន​ជួប​ជាមួយ​លោក Michael Spavor ដែលជា​អ្នកពិគ្រោះ​យោបល់​អាជីវកម្ម​, ពីរ​ថ្ងៃ​បន្ទាប់ពី​បាន​ជួប​ជាមួយ​ជនជាតិ​កាណាដា​ជាប់ឃុំ​ម្នាក់ទៀត​ឈ្មោះ Michael Kovrig ដែលជា​បុគ្គលិក​វិទ្យាស្ថាន​មួយ​។​

ក្រសួង​និយាយថា “​មន្ត្រី​ស្ថាន​កុងស៊ុល​កាណាដា​បាន​បន្ត​ផ្តល់​សេវា​កុងស៊ុល​ដល់​គាត់​និង​ក្រុមគ្រួសារ​របស់គាត់​ហើយនឹង​បន្ត​ស្វែងរក​សិទ្ធិ​ចូលទៅ​ដល់​លោក Spavor បន្ថែមទៀត​”​។​

ប្រទេស​ចិន​បាន​ចាប់ខ្លួន​ជនជាតិ​កាណាដា​ពីរ​នាក់​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​អូ​តា​វ៉ា​ឃាត់ខ្លួន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស Huawei​តាម​សំណើ​របស់​សហរដ្ឋអាមេរិក​។​

នាយករដ្ឋមន្ត្រី​កាណាដា​លោក Justin Trudeau បាន​ប្តេជ្ញា​ចំពោះ​ទូរទស្សន៍ Citytv របស់​ទីក្រុង​តូ​រ៉ុ​ន​តូ​កាលពី​ថ្ងៃ​សុក្រ​ថា “​យើង​មាន​ភាពច្បាស់លាស់​ក្នុងការ​ឈរ​ខាង​ប្រជាពលរដ្ឋ​របស់​យើង​ដែល​ត្រូវបាន​គេ​ឃុំឃាំង​ដោយ​ព្យាយាម​ពន្យល់​ពី​មូលហេតុ​ហើយ​កំពុង​ព្យាយាម​ធ្វើការ​ជាមួយ​ចិន​ដើម្បី​បង្ហាញថា​រឿងនេះ​មិនអាច​ទទួលយក​បានទេ​”​។​

ស្របពេល​ជាមួយគ្នា​នោះដែរ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo ក៏បាន​ចាត់ទុក​ការចាប់ខ្លួន​នេះ​ថា “​មិនអាច​ទទួលយកបាន​” ផងដែរ​។​

ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបាន​ដោះលែង​អោយនៅ​ក្រៅ​ឃុំ​ក្នុង​ទីក្រុង វ៉ាន់​ខូ​វើ នៅ​ថ្ងៃ​អង្គារ​ដោយ​រង់ចាំ​ការធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​។ លោកស្រី​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទណ្ឌកម្ម​របស់​អាមេរិក​ដែល​ដាក់​លើ​អ៊ីរ៉ង់​។​

ក្រុង​ប៉េកាំង​បាន​គំរាម​កាណាដា​ថា​នឹងមាន “​ផលវិបាក​ធ្ងន់ធ្ងរ​” ប្រសិនបើ​លោកស្រី​មិន​ត្រូវបាន​ដោះលែង​ទេនោះ​។​

ក្រុង​អូ​តា​វ៉ា​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀតថា ការចាប់ខ្លួន​នេះ​មិនមែនជា​រឿង​នយោបាយ​ទេ​ប៉ុន្តែ​ជា​ដំណើរការ​តុលាការ​ស្របតាម​សន្ធិសញ្ញា​បត្យាប័ន​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114