ព័ត៍មានទាន់​ហេតុការណ៏
Search

ស្វែងរក​ការ​ជួយ​សង្គ្រោះ បើ​ខ្លួន​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ ​មានគំនិត​ចង់​សម្លាប់​ខ្លួន​នោះ​

​ភ្នំពេញ ​៖ ​ការ​សម្លាប់​ខ្លួន ​គឺ​ការធ្វើសកម្មភាព​ដើម្បី​បញ្ចប់​ជីវិត​ខ្លួនឯង​។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ​ មាន​មនុស្ស​ស្លាប់​ដោយសារ​ការសម្លាប់​ខ្លួន​ជាង​មួយ​លាន​នាក់ ដែល​មាន​ន័យ​ថា រាល់​៤០​វិនាទី​ម្តង មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​។

​ដោយឡែក នៅ​ប្រទេស​កម្ពុជា​យើង របាយការណ៍​ដដែល​បង្ហាញ​ថា មាន​មនុស្ស​ជិត​៨០០​នាក់​ស្លាប់​ដោយ​ការ​សម្លាប់​ខ្លួន​ក្នុង​មួយឆ្នាំៗ​។

ក​) ការយល់ច្រឡំ និង​ការពិត​ស្ដីពី​ការ​សម្លាប់​ខ្លួន ​៖
​ការ​យល់ច្រឡំ ​៖ មានតែ​មនុស្ស​ឆោតល្ងង់​ទេ ដែល​គិត​ចង់​សម្លាប់​ខ្លួនឯង​។ ការពិត​ ៖ មនុស្ស​ភាគ​ច្រើន​ធ្លាប់បាន​គិតពី​ការចង់​សម្លាប់​ខ្លួនឯង នៅពេល​ណាមួយ​ក្នុង​ជីវិត​នេះ​។ ការ​សម្លាប់​ខ្លួន និង​ការ​ប៉ុនប៉ង​សម្លាប់ខ្លួន ភាគច្រើន​កើតឡើង​ដោយមាន​គម្រោង​ទុកជាមុន​។​

​ការយល់ច្រឡំ​ ៖ មនុស្ស​ដែល​ធ្លាប់បាន​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ម្តង​ហើយ នឹងមិន​ព្យាយាម​សម្លាប់ខ្លួន​ម្តង​ទៀត​ឡើយ​។ តែ​ការពិត​ ៖ មនុស្ស​ដែល​ធ្លាប់បាន​ប៉ុនប៉ង​សម្លាប់ខ្លួន​ពីមុន មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​សម្លាប់ខ្លួន​នៅ​លើក​ក្រោយ​ទៀត​។ សម្រាប់​បុគ្គល​ខ្លះ ការប៉ុនប៉ង​សម្លាប់​ខ្លួនឯង​នៅ​លើក​ទី​ពីរ ឬ​ទី​បី អាច​ងាយ​សម្រេច​ជាង​មុន​។​

ការយល់ច្រឡំ​ ៖ បើ​មនុស្ស​ម្នាក់​ចង់​សម្លាប់​ខ្លួនឯង​ទៅហើយ គឺ​គ្មាន​នរណា​អាចជួយ​គាត់​បានទេ​។​
ការពិត ភាគច្រើន ការសម្លាប់​ខ្លួន​កើតឡើង​ដោយ​មិនបាន​គិតពិចារណា​ច្បាស់លាស់​ឡើយ​។

មនុស្ស​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន ចង់​គេច​ផុតពី​បញ្ហា ព្រោះ​គាត់​យល់ថា​ ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ទាំង​នោះ​តែឯង​។ តែ​ការពិតទៅ មាន​មនុស្ស​ដែល​បារម្ភ​ពី​គាត់ នៅចាំ​ជួយ​គាត់​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ និង​ជួយ​គាំទ្រ​គាត់​ក្នុងអំឡុង​ដែលមាន​ជំងឺផ្លូវចិត្ត រហូតដល់​គាត់​អាច​ចេះ​គិត​បាន​ច្បាស់​លាស់​ឡើងវិញ​។ ការយល់ច្រឡំ​ ៖ ការនិយាយ ឬ​សាកសួរ​អំពី​ការ​សម្លាប់ខ្លួន ​នឹង​អាចធ្វើ​ឲ្យ​មនុស្ស​គិត​ធ្វើ​បែប​នោះ​តែម្ដង​។ ការពិត​ ៖ ជំងឺផ្លូវចិត្ត និង​ទុក្ខព្រួយ​ផ្សេងៗ​ប៉ះពាល់​ទៅលើ​ការគិត​របស់​ជនរងគ្រោះ ហើយ​ពេលខ្លះ​វា​ក៏​អាច​ជំរុញ​ឲ្យ​គាត់​គិត​ចង់​សម្លាប់​ខ្លួនឯង​ផងដែរ​។ ការនិយាយ​ដោយ​បើកចំហ និង​ការយកចិត្តទុកដាក់រ​បស់​យើង​ក្នុងការ​សាកសួរ​គាត់​ពី​ការចង់​សម្លាប់ខ្លួន​នេះ នឹង​ធ្វើ​ឲ្យ​គាត់​ហ៊ាន​និយាយ​អំពី​បញ្ហា​ទាំងនោះ​។ វា​ក៏​អាចជួយ​គាត់​ឲ្យ​មាន​អារម្មណ៍​ថា​មិនសូវ​ឯកោ ព្រោះ​មាន​អ្នក​នៅចាំ​ជួយ​ស្តាប់​ពី​បញ្ហា​ក្នុង​ចិត្ត​របស់គាត់ ហើយ​ជួយ​ដោះស្រាយ​ជាមួយ​គាត់​។​

​ខ​) សារ​ស្ដីពី​ការ​សម្លាប់​ខ្លួន ​៖
​ការនិយាយ​ប្រាប់​អ្នកដទៃ​ពី​ការលំបាក​របស់​យើង និង​សុំ​រក​ការជួយ​នៅពេលដែល​អារម្មណ៍ ​នៃ​ការ​សម្លាប់​ខ្លួន​កំពុង​ញាំញី​​យើង គឺជា​ការចាំបាច់​ណាស់​។ ការនិយាយ​ពី​ការសម្លាប់​ខ្លួន ឬ​បញ្ហា​ក្នុង​ចិត្ត មានន័យថា​យើង​មាន​ភាពរឹងមាំ ហ៊ាន​ប្រឈមមុខ​ជាមួយ​បញ្ហា ហើយ​ចង់​រក​ដំណោះស្រាយ​ដែល​ល្អ ជាជាង​ការបញ្ចប់​ជីវិត​របស់​ខ្លួនឯង​។​

“​ប្រសិនបើ​លោក លោកស្រី ឬ​មនុស្ស​ដែល​អ្នក​ស្គាល់ មានគំនិត​ចង់​សម្លាប់ខ្លួន​សូម​អញ្ជើញ​មក ​ឬ​បញ្ជូន​គាត់​មក​ទទួល​ការពិគ្រោះ និង​ព្យាបាល​ដោយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ផ្លូវចិត្ត​នៅ​មន្ទីរពេទ្យ​ជំនាញ​៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114