ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បឹងកេត ប្រកាស​ពី​ការចាកចេញ​របស់​កីឡាករ​ប្រេ​ស៊ី​ល Maycon ក្រោយ​រួមរស់​ជាមួយគ្នា​អស់​រយៈពេល​២​ឆ្នាំ

ក្លិប​បាល់ទាត់​បឹងកេត​អែ​ហ្វ​ស៊ី សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​ពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល ឈ្មោះថា​Silva Calijuri Maycon Rogerio ខណៈ​កីឡាករ​រូបនេះ​កំពុងតែ​លេចមុខ​ហ្វឹកហាត់​ធ្វើតេស្ត​សមត្ថភាព​ជាមួយ​ក្លិប Shan United របស់​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​។

យោង​តាម​សេចក្តី​បញ្ជាក់​របស់​ក្លិប​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន នៅ​រសៀល​ថ្ងៃ​ពុធ សប្ដាហ៍​នេះ​លើកឡើងថា «​ក្លិប​សូម​ប្រកាស​អំពី​ការ​ចាកចេញ​របស់​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ី​ល Maycon Calijuri។ ក្លិប​សូម​អរគុណ​សម្រាប់​ការ​រួម​ចំណែក​របស់គាត់​ក្នុង​ភាព​ជោគជ័យ​របស់​ក្លិប​ក្នុង​រយៈពេល​២​រដូវ​កាល​កន្លង​មក​នេះ ជូនពរ​ឲ្យ ម៉ៃ​ខន​(Maycon) ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​នាពេលខាងមុខ​»​។

ត្រឹម​អាយុ​៣២​ឆ្នាំ​កីឡាករ Maycon ធ្លាប់​ប្រកប​អាជីព​ជាមួយ​ក្លិប​មិន​តិច​ជាង​១០​នោះ​ទេ ដោយ​នៅ​ឆ្នាំ​២០០៦ រូបគេ​ចូលរួម​ជាមួយ​ក្រុម U.R.T União Recreativa នៅ​ស្រុកកំណើត​ហើយ​ឆ្នាំ​បន្ទាប់​ចូលរួម​ជាមួយ​ក្រុម​Extrema FC​។ នៅ​ឆ្នាំ​២០០៨ ដល់​២០០៩ រូបគេ​បាន​ចេញពី​ស្រុកកំណើត​ទៅលេង​នៅ​ក្លិប​Gomel សមាជិក​លី​គ​កំពូល​ប្រទេស​ប៉េ​ឡា​រុស ខណៈ​២​រដូវ​កាល​បន្ទាប់​បាន​ចំណាយពេល​ជាមួយ​ក្លិប​Jagiellonia Białystok ក្នុង​លី​គ​កំពូល​របស់​ប្រទេស​ប៉ូឡូញ អំឡុង​ពេលនោះ​មានការ​ខ្ចី​ជើង​ទៅកាន់​ក្លិប​Piast Gliwice ប៉ូឡូញ​និង​ក្លិប​FC BATE Borisov របស់​បេឡា​រុស​។ នៅ​រដូវ​កា​២០១៣ រូបគេ​ទៅ​ចូលរួម​ជាមួយ​ក្រុម Masafi Club ក្នុងប្រទេស​អារ៉ាប់​រួម ខណៈ​រដូវ​កាល​២០១៤ ចូលរួម​ជាមួយ​ក្រុម Inter de Limeira នៅ​ប្រទេស​ប្រេ​ស៊ី​ល វិញ​មុន​មកកាន់​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៥ ដោយ​ចូលរួម​ជាមួយ​ក្រុម​Chiangmai និង​ចុងក្រោយ​ឆ្នាំ​២០១៦ ប្តូរ​ទៅលេង​ឱ្យ​ក្រុម​Persiba Balikpapan របស់​ឥណ្ឌូណេស៊ី មុន​មកដល់​កម្ពុជា​។

​យ៉ាង​ណា​ក្តី​ក្លិប Shan United នៅ​មិនទាន់​ប្រកាស​ពី​សមាជិក​កីឡាករ​បរទេស​ថ្មី​ដើម្បី​ត្រៀម​រដូវ​កាល​ឆ្នាំ​២០១៩ នោះទេ បូក​ទាំង​មិនទាន់​ប្រកាស​ថា ​កីឡាករ Maycon ជា​សមាជិក​របស់​ខ្លួន​នោះ​ដែរ​។ កីឡាករ​ប្រេ​ស៊ី​ល រូបនេះ​បាន​ផុត​កុងត្រា​ជាមួយ​ក្លិប​បឹងកេត ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨​។ អំឡុងពេល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា កីឡាករ Silva Calijuri Maycon Rogerio ធ្លាប់ជួយ​ក្រុម​បឹងកេត លើក​ពានរង្វាន់​លី​គ​នៅ​ឆ្នាំ​២០១៧ និង​ពានរង្វាន់ CNCC Cup 2017 ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114