ព័ត៍មានទាន់​ហេតុការណ៏
Search

សិក្ខាសាលា​ស្ដីពី វិស័យ​កំពង់ផែ​កម្ពុជា – ជប៉ុន ឆ្នាំ​២០១៨

ភ្នំពេញ ៖ លោក ញ៉ែម សារ​វង្ស អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ តំណាង​ឲ្យ​លោក​អគ្គនាយក ចាន់ តារា បាន​បើក​សិក្ខាសាលា​ស្ដីពី វិស័យ​កំពង់ផែ​កម្ពុជា – ជប៉ុន​ឆ្នាំ​២០១៨ រៀបចំឡើង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមាគម​សហប្រតិបត្តិការ​កំពង់​ផែ​ក្រៅប្រទេស​ជប៉ុន។

សិក្ខាសាលា​ស្ដីពី វិស័យ​កំពង់ផែ​កម្ពុជា – ជប៉ុន ឆ្នាំ​២០១៨ នេះ ប្រព្រឹត្ត​ឡើង កាលពី​ថ្ងៃ​អង្គារ ១១​កើត ខែ​មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល តំណាង​មកពី​សាកលវិទ្យាល័យ Open University of Japan ទីភ្នាក់ងារ​JICA តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន​មកពី​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា ប្រមាណ​ជាង ១០០ នាក់​។

សិក្ខាសាលា​នេះ​ ផ្តោត​សំខាន់​ទៅលើ​ការអភិវឌ្ឍ​កំពង់ផែ​ស្វ័យ​ត​រាជធានី​ភ្នំពេញ នីតិវិធី​ទាក់ទង​នឹង​ការផ្ទេរ​ទំនិញ​នៅ​កំពង់ផែ និង​ការដោះដូរ​ទំនិញ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច (Port EDI) កិច្ចសហប្រតិបត្តិការ​ជប៉ុន​ក្នុង​វិស័យ​កំពង់ផែ​នៅ​កម្ពុជា ការផ្លាស់ប្តូរ​បច្ចេកទេស​កំពង់ផែ​ទ្វេភាគី សារសំខាន់​ស្ដង់ដារ​បច្ចេកទេស និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់ផែ​។

លោក ញ៉ែម សារ​វង្ស អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់ផែ បាន​បញ្ជាក់​ពី​សារសំខាន់​នៃ​ការប្រើប្រាស់​ធនធាន​សមាគម​អតីត​និស្សិត​របស់​ទីភ្នាក់ងារ JICA ដោយហេតុថា សមាគម​នេះ​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​គ្រប់គ្រង​ទំនិញ និង​ពង្រឹងសមត្ថភាព​គ្រប់គ្រង និង​កិច្ចប្រតិបត្តិការ​នៃ​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ និង​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​។

លោក​អគ្គនាយករង​បាន​បន្ថែម​ថា ការ​យល់ដឹង​ពី​គ្នា​ទៅវិញទៅមក និង​ការ​ផ្លាស់ប្តូរ​ទស្សនៈ​រវាង​គ្នា​ក្នុង​វិស័យ​កំពង់ផែ នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​កំពង់ផែ និង​សេដ្ឋកិច្ច​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114