ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​ ( ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ) ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

សៀមរាប​ ៖ ​ជាមួយ​នឹង​កិច្ច​ស្វាគមន៍​នៃ​កម្មវិធី​នេះ វា​ជា​ពេលវេលា​ដ៏​វិសេសវិសាល ដើម្បី​អបអរ​ចំពោះ​សករាជ​ថ្មី ភាពជា​ដៃគូ​សហការ​ការងារ​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំងបី​នៅ​កម្ពុជា។ វា​ក៏​ជា​មោទកភាព ដែល​មក​ទល់នឹង​ថ្ងៃនេះ កម្ពុជា​បាន​បម្រើ​សេវា​កម្ម​ជូន​អ្នកដំណើរ​ដល់​ទៅ ១០​លាន​នាក់ ដែល​នេះ​គឺជា​កំណត់​អត្រា​ដំបូង​បំផុត មិន​ធ្លាប់មាន​កន្លងមក ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​រប​ស់​រាជ​រដ្ឋាភិបាល ក្រសួងទេសចរណ៍​, រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា​, គយ​និង​រដ្ឋាករ​, អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ភ្នាក់ងារ​ឯកជន ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។ ឆ្នាំមុន អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជា បាន​អបអរសាទរ ការឆ្លងកាត់​នៃ​អ្នកដំណើរ ៨ លាន​នាក់ ជា​ប្រវត្តិសាស្ត្រ។ មានន័យថា សម្រាប់​ឆ្នាំនេះ មាន​កំណើន​ឡើង​ចំនួន​២​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៧។

លោក យ៉ាន​និ​ច អៃ​យើ​រី ( Yannick AILLERIE ) នាយក​គ្រប់គ្រង​ទូទៅ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានបង្ហាញ​នៅក្នុង​សន្ទរកថា​របស់ខ្លួន​យ៉ាង​ដូច្នេះ នា​រសៀល​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨ ក្នុង​ពិធី​អបអរសាទរ កម្ពុជា​ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ ( អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន ៥ លាន ១​សែន​នាក់ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន ៤ លាន ៤​សែន​នាក់ និង អាកាសយានដ្ឋាន​អន្តរជាតិ ក្រុងព្រះសីហនុ ទទួលបាន​ប្រមាណ​ជា ៦​សែន​នាក់)។

ជា​យុទ្ធសាស្ត្រ ការតភ្ជាប់​រវាង​អាកាសយានដ្ឋាន​ទាំង​៣​ក្រោម​ដំបូល​តែមួយ បាន​នាំមក​នូវ​ភាព​ជោគជ័យ​ដ៏​ធំ​នេះ ព្រោះ​ជា​យុទ្ធសាស្ត្រ បានរួម​ចំណែក​ដល់​ការនាំ​អ្នកដំណើរ​កាន់តែច្រើន​មក​កម្ពុជា។ កាល​ក្នុងអំឡុង​ឆ្នាំ ១៩៩៥ នៅពេលដែល​ក្រុមហ៊ុន Cambodia AIRPORTS បានទទួល​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល ឲ្យ​អភិវឌ្ឍ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឆ្នាំ​នោះ​គឺមាន​អ្នកដំណើរ​ឆ្លងកាត់​តែ ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ គឺ​តិចជាង​២០​ដង​បើ​ធៀប​នឹង​បច្ចុប្បន្ន ហើយ​ពេលនោះ​គឺ​មានតែ​អាកាសយានដ្ឋាន​តែមួយគត់​នៅ​កម្ពុជា។ បច្ចុប្បន្ននេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជា កំពុង​បាន​ប្រើ​សេវា​កម្ម​ជាង ៦០ គោលដៅ និង បាន​ជួយ​ដល់​ដំណើរ​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ។​

លោក ម៉ៅ សុភាព នាយករង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប លើកឡើងថា ការទទួល​ភ្ញៀវ​១០​លាន​នាក់​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ក្នុង​ឆ្នាំ​២០១៨​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​អំពី​ការអភិវឌ្ឍ​​មួយ​ដ៏​ធំ ក្រោម​ការអនុវត្ត​គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ការចូលរួម​ពី​វិស័យ​ឯកជន។ តាមរយៈ​នៃ​កំណើន​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​នេះដែរ ប្រព័ន្ធ​ការងារ​វា​នឹង​ទាមទារ​រក​ធនធានមនុស្ស​ដើម្បី​បម្រើ​សេវា​កម្ម​នៃ​ផ្នែក​ពាក់ព័ន្ធ​ផងដែរ ដែល​នោះ​គឺជា​ឱកាស​ការងារ​ធ្វើ សម្រាប់​ប្រជាពលរដ្ឋ ពិសេស​គឺ​យុវជន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114