ព័ត៍មានទាន់​ហេតុការណ៏
Search

តួនាទី​របស់​គិលានុបដ្ឋាក យិ​កា ​និង​ឆ្មប​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ធ្វើការ​ថែទាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​

ភ្នំពេញ ​៖ ​តួនាទី​របស់​គិលានុបដ្ឋាកយិ​កា និង​ឆ្មប​ មាន​សារៈសំខាន់​ណាស់​ ដើម្បី​ធ្វើការ​ថែទាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព​ពីព្រោះ​គិលានុបដ្ឋាយិកា​ និង​ឆ្មប​ជា​សហការី​ដ៏​ជិតស្និទ្ធ​បំផុត​របស់​គ្រូពេទ្យ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ផ្ដល់​ព័ត៌មាន​ពី​ស្ថានភាព​អ្នកជំងឺ​នឹង​ផ្ដល់​ការថែទាំ​សុំ​សមស្រប​ដល់​អ្នកជំងឺ​គ្រប់​កាលៈទេសៈ​។​

លោក​ គង់ សន្យា អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ពិធី​បើក​ទិវា​វិទ្យាសាស្ត្រ​ទ្យា​សាស្ត្រ​ថែទាំ​គិលានុបដ្ឋាក ឆ្មប​លើក​ទី៨​ កាលពី​ព្រឹក​ថ្ងៃទី២០ ​ខែធ្នូ​ ឆ្នាំ​២០១៨​នេះ​ក្រោម​ការចូលរួម​ពី​លោក​លោកស្រី​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​ឱសថការី ​គិលានុបដ្ឋាកនាយិកា ឆ្មប និង​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត​ក្នុង​គោលដៅ​ផ្តល់​សេវា​ថែទាំ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ប្រកបទៅដោយ​វិជ្ជាជីវៈ​ទទួលខុសត្រូវ​ខ្ពស់​ដោយ​ផ្តោតទៅលើ​(​ការអភិវឌ្ឍន៍​សេវា​ថែទាំ​ប្រកបដោយ​គុណភាព​)​។​

លោក សាស្ត្រាចារ្យ អគ្គនាយករង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​បន្តថា​ សេវា​ថែទាំ​របស់​គិលានុបដ្ឋាក​-​យិ​កា និង​ឆ្មប គឺជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​សុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​។

សេវា​ថែទាំ​ទាំងនោះ​រួមមាន ការថែទាំ​ផ្ទាល់​ដល់​អ្នកជំងឺ ការលើកកម្ពស់​សុខភាព ការថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ ការ​ស្តារនីតិសម្បទា ការលើកកម្ពស់​គុណភាព​ នៃ​ការថែទាំ ការថែទាំ​អ្នកជំងឺ ដំណាក់កាល​ចុងក្រោយ ការលើកកម្ពស់​វិជ្ជាជីវៈ​តាមរយៈ​ការបណ្តុះបណ្តាល​បន្ត ការស្រាវជ្រាវ​ដើម្បី​កែលំអ​ចំណុច​ខ្សោយ​ នៃ​ការថែទាំ ការចូលរួមចំណែក​ក្នុងការ​រៀបចំ​ផែនការ ឬ​គោលនយោបាយ​ថែទាំ​សុខ​ភាព​ និង​សេវា​ថែទាំ​សំខាន់ៗ​ដទៃ ទៀត​។ សេវា​ទាំងនេះហើយ​ដែលជា​កត្តា​ជំរុញ​ឲ្យ​គិលានុបដ្ឋាក​-​យិ​កា និង​ឆ្មប បាន​ចូលរួមចំណែក​យ៉ាង​ធំធេង បម្រើ​សុខុមាលភាព​របស់​ប្រជារាស្ត្រ​យើង​នៅ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ស្របតាម​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​ក្រសួង សុខាភិបាល ក្រោម​គោល​នយោបាយ និង​ម្លប់​សន្តិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ ព្រះរាជាណាចក្រ​កម្ពុជា ជា​ប្រមុខ​ដឹកនាំ​។

លោក​ គង់ សន្យា បន្តថា ​ទិវា​វិទ្យាសាស្ត្រ​ថែទាំ គិលានុបដ្ឋាក​-​យិ​កា និង​ឆ្មប លើក​ទី​៨ ស្ដីពី “​ការ​អភិវឌ្ឍន៍​សេវា​ថែទាំ​ប្រកបដោយ​គុណភាព​ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុងការ​ស្វែងយល់​ពី​សមិទ្ធផល និង​របកគំហើញ​ថ្មីៗ គិលានុបដ្ឋាក​-​យិ​កា និង​ឆ្មប ដែល​បាន​ប្រឹងប្រែង​ក្នុងអំឡុង​ពេល​កន្លង​មក ក្នុងការ​ថែទាំ​ជំងឺ មក​ពិភាក្សា​លើ ករណី ជំងឺ​ចាំបាច់​មួយចំនួន​ដែល​បាន​ជួបប្រទះ ទាំង​ឧបសគ្គ និង​ដំណោះស្រាយ ល្អៗ​ក្នុង​ជីវិត​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​ចែករំលែក​នូវ​បទពិសោធន៍​រវាង​គ្នា​ដើម្បី បង្កើន​នូវ​ចំណេះដឹង ជំនាញ និង​ឥរិយាបថ​ត្រឹមត្រូវ​ល្អ​ក្នុង​គោលបំណង កាត់បន្ថយ​ការ​សម្រាក​ពេទ្យ​យូរ អត្រា​គ្រោះថ្នាក់ និង​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ ពិសេស​ផ្តល់ជូន​ដល់​អ្នកជំងឺ និង​គ្រួសារ​អ្នកជំងឺ​នូវ​ស្នាមញញឹម​នៃ​ក្តីសង្ឃឹម ពេល​ចេញពី មន្ទីរពេទ្យ​។

រាល់​ប្រធានបទ​ដែល​លើក​ឡើងមក​បង្ហាញ​ក្នុង​ទិវា​វិទ្យាសាស្ត្រ​ថែទាំ គិលានុបដ្ឋាក​-​យិ​កា និង​ឆ្មប​លើក​ទី​៨​នេះ មានការ​ផ្តោតទៅលើ​ការថែទាំ ត្រៀម​មុន​វះកាត់​ទូទៅ និង​ការថែទាំ​ក្រោយ​ការវះកាត់​បេះដូង ការអប់រំ​អ្នក ជំងឺ​បេះដូង ជំងឺ​ហើម​សួត​ស្រួចស្រាវ ការថែទាំ​ជំងឺ​ធ្ងន់ធ្ងរ​ក្រោម​ដំណក​ដង្ហើម ដោយ​ម៉ាស៊ីន​ជំនួយ​ដង្ហើម សេវា​ថែទាំ​ស្ត្រី​មាន​ផ្ទៃពោះ​ចូល​សម្រាលកូន ការថែទាំ ងូតទឹក​ដល់​ទារក​ទើប​កើត និង​ជាពិសេស​ក្រមសីលធម៌​វិជ្ជាជីវៈ សមត្ថភាព រួម​របស់ គិលានុបដ្ឋាក​-​យិ​កា និង​ឆ្មប​ជា​ចំណុច​សំខាន់​ចាំបាច់​ក្នុងការ​ពង្រឹង គុណភាព ការផ្តល់​វា​ថែទាំ និង​ព្យាបាល ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ជាពិសេស អ្នកជំងឺ​ដែល​បានមក​ទទួល​សេវា​ពិនិត្យ សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត មាន​កំណើន​យ៉ាងខ្ពស់​គួរ​ជាទី​មោទនៈ ចំពោះ​ការខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ធ្វើឲ្យ​អតិថិជន​មាន​ជំនឿ​ទុកចិត្ត​លើ​សេវា​ថែទាំ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​។

​ព្រោះ​កម្ពុជា​ជា​សមាជិក​មួយ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ទាំង​១០ យោងតាម​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក (Member Regional of Asean) សមាជិក​អាស៊ាន​បាន​ឯកភាពគ្នា​ពង្រឹង​សមត្ថភាព​របស់​គិលានុបដ្ឋាក យិ​កា និង​ឆ្ន​ប​ដើម្បី​លើកកម្ពស់​គុណភាព​នៃ​ការផ្តល់សេវា​ថែទាំ​ក្នុង​តំបន់​ជាក់ស្តែង គិលានុបដ្ឋាក​-​យិ​កា យើង​បាន​ទៅ​បន្ត​ការសិក្សា​ស្វែងយល់​ពី​បណ្តា​ប្រទេសជិតខាង ដូចជា សិង្ហ​បុរី ថៃ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន សហរដ្ឋអាមេរិក ដើម្បី​បង្កើន​នូវ​សមត្ថភាព​ថែទាំ​ព្យាបាល​ឱ្យមាន​ប្រសិទ្ធភាព​កាន់តែ​ខ្ពស់​។ ប្រធាន បទ​ទាំងអស់​ខាងលើ​បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​មន្ទីរពេទ្យ​ក្នុងការ​

​អភិវឌ្ឍន៍​នូវ​សមត្ថភាព​ជំនាញ ស្របតាម​ទិសដៅ​អាស៊ាន ដូច្នេះ​សូម​ លោក លោកស្រី និង​ក្មួយៗ​ទាំងអស់ យកចិត្តទុកដាក់​ក្រេប​យកចំណេះ​ដឹង​ថ្មីៗ​ទាំងនេះ ទៅ​អនុវត្ត​ឱ្យ​បានជា​គុណប្រយោជន៍​ក្នុងការ​លើកកម្ពស់​គុណ​ភាព​បន្ថែម​ឲ្យ​កាន់ តែ​ល្អប្រសើរ ទៅលើ​សេវា​ថែទាំ​អ្នកជំងឺ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដែលជា​មន្ទីរពេទ្យ ជាតិ​មួយ​តំណាងឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​៕