ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ទទួល​បាន​វិញ្ញាបនបត្រ ISO 15189 ដំបូង​គេ​នៅ​កម្ពុជា

ភ្នំពេញ ​៖ វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺជា​គ្រឹះស្ថាន​មិន​រកប្រាក់​ចំណេញ​នៅ​កម្ពុជា ដែល​បង្កើតឡើង​នៅ​ឆ្នាំ​១៩៥៣ ដើម្បី​ចូលរួម​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ ការស្រាវជ្រាវ និង​ការ​ការពារ​ជំងឺឆ្លង​។ នៅ​ខែធ្នូ ឆ្នាំ​២០១៨​នេះ មន្ទីរពិសោធន៍​ជីវសាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ ទទួលបាន​ប​វិញ្ញាបនបត្រ ISO 15189 ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ពី​គណៈកម្មាធិការ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​របស់​ប្រទេស​បារាំង (COfrac) ថា ​ជា​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ​មួយ បាន​អនុវត្ត​ល្អ​តាម​គោលការណ៍​ស្តង់ដារ​គុណភាព ក្នុង​ការ​ធ្វើតេស្ត​វិភាគ​ត្រឹមត្រូវ​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ និង​ទាន់ពេលវេលា​តាម​តម្រូវការ​។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​បង្ហាញ​ថា ដោយ​ពិនិត្យ​ឃើញ​ពី​ការងារ​ល្អ​របស់​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ ក្រោម​ការ​គ្រប់គ្រង​រប​ស់​លោក​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បានដាក់​ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​កម្រិត​ស្តង់ដារ ISO 15189: 2012 ទៅ​គណៈកម្មាធិការ​វាយតម្លៃ​ទទួលស្គាល់​គុណភាព​របស់​ប្រទេស​បារាំង​(COfrac) នៅ​ខែធ្នូ ឆ្នាំ​២០១៧​។

បន្ទាប់ពី​ការធ្វើ​សវនកម្ម នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០១៨ គណៈកម្មាធិការ​វាយតម្លៃ​ទទួលស្គាល់​គុណ​ភាព​របស់​ប្រទេស​បារាំង​បាន​សន្និដ្ឋាន​ថា មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ នៃ​វិទ្យាស្ថាន​ប៉ាស្ទ័រ​របស់​កម្ពុជា បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ស្របតាម​តម្រូវការ​ស្តង់ដារ ហើយ​បានសម្រេច​ផ្តល់នូវ​ការទទួលស្គាល់​គុណភាព លើ​វិសាលភាព​ជាក់លាក់ នៃ​គ្លីនិក​ជីវសាស្ត្រ​ដូចជា ជីវគីមី លោហិត​សាស្ត្រ សេរ៉ូម​សាស្ត្រ​រក​ជំងឺ​ឆ្លង បាក់តេរី​សាស្ត្រ និង​ការធ្វើ​រោគវិនិច្ឆ័យ​រក​មេរោគ​រ​បេង ជាមួយ​GenXpert​។

ជាង​នេះ​ទៅ​ទៀត ​ការទទួលស្គាល់​គុណភាព​ស្របតាម​បទដ្ឋាន​អន្តរជាតិ ISO 15189 បាន​បង្ហាញ​ពី​សមត្ថភាព​បច្ចេកទេស នៃ​មន្ទីរ​ពិសោធន៍ និង​ប្រតិបត្តិ​ការត្រឹមត្រូវ​មួយ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​មួយ​នេះ ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​មួយ​ដ៏​សមស្រប​៕