ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួងសុខាភិបាល ​ណែនាំ​កុំ​ឲ្យ​ពលរដ្ឋ​ប្រើ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM​ ដែល​អាច​ក​ប៉ះ​ពាល់​ដល់​សុខភាព​

ភ្នំពេញ ​៖​ ក្រសួង​សុខាភិបាល​ បាន​ហាមប្រាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សព្វផ្សាយ និង​ប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ​ ECOSLIM ដោយសារ​ឱសថ​ប្រភេទ​នេះ​ មិន​មាន​ការ​ត្រួតពិនិត្យ​គុណភាព និង​មិន​បាន​ចុះ​បញ្ជិកា​ពី​ក្រសួង​សុខាភិបាល​នៅឡើយ​ទេ។

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួងសុខាភិបាល ​ដែល​បាន​បង្ហោះ​នៅ​ក្នុង​គេហទំព័រ​របស់​ក្រសួង​បាន​ឲ្យ​ដឹងថា ក្រសួងសុខាភិបាល ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា យោង​តាម​ការពិនិត្យ​ឃើញ​តាម​បណ្ដាញ​សង្គម (FACEBOOK) រៀងរាល់ថ្ងៃ​មាន​គណនី​ឈ្មោះ Ecoslim Cambodia កំពុង​លក់ និង​ផ្សព្វផ្សាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM បំផ្លើស​ហួស​ពី​ការពិត​ដូចជា​ឱសថ​ថ្មី​សម្រាប់​សម្រក​ទម្ងន់​ដែល​ស្រ​ក​បាន​១៥​គីឡូក្រាម ក្នុងពេល​៤ សប្ដាហ៍​ដោយ​មិន​មាន​ជាតិគីមី​មិន​តម​អាហារ មិន​ហាត់ប្រាណ និង​យក​ឈ្មោះ​ក្រសួងសុខាភិបាល​មក​ប្រើ​ដើម្បី​បោកប្រាស់​ដល់​សាធារណជន​។​

ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM នេះ​គ្មាន​ការត្រួតពិនិត្យ​គុណភាព ​និង​គ្មាន​ការ​ចុះ​បញ្ជិកា​ពី​ក្រសួងសុខាភិបាល​ឡើយ​។​

សេចក្ដីជូនដំណឹង​ខាងលើ​បាន​បន្ត​ថា ​« ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព ឬ​អាច​ឈានដល់​បាត់បង់​អាយុជីវិត​របស់​អ្នកប្រើប្រាស់​ទៀត​នោះ សូម​បងប្អូន​ប្រជាពល​រដ្ឋ​បញ្ឈប់​ការប្រើប្រាស់​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM នេះ​បន្ត​ទៀត ហើយ​ក្រសួង​សុខាភិ​បាល​សុំ​ឲ្យ​ម្ចាស់​គណនី​ឈ្មោះ Ecoslim Cambodia ខាងលើនេះ​ត្រូវ​បញ្ឈប់​ការ​នាំ​ចូល​ផ្សព្វផ្សាយ លក់ និង​ចែកចាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ខុសច្បាប់​នេះ​ជាបន្ទាន់​»​។​

នៅក្នុង​សេចក្ដីជូនដំណឹង​បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល នឹង​មាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវ​ច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ឱសថ​ចំពោះ​ម្ចាស់​គណនី​ឈ្មោះ Ecoslim Cambodia ដែល​នាំចូល​ផ្សព្វផ្សាយ​លក់ ​ឬ​ចែកចាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM ខាងលើនេះ​ទៅតាម​ផ្លូវច្បាប់ ​ស្ដីពី​ការ​គ្រប់​គ្រង​ឱសថ​ជា​ធរមាន​។​

ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួបប្រទះ​ឃើញ​កំពុង​ប្រើប្រាស់ លក់ ឬ​ចែកចាយ​ឱសថ​សម្រក​ទម្ងន់​ឈ្មោះ ECOSLIM​ខាងលើ​ សូម​បងប្អូន​ប្រញាប់​ផ្តល់​ព័ត៌មាន​ ឬ​ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយក​ដ្ឋាន​ឱសថ​ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​សូម​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរស័ព្ទ ០១១ ៥៧ ៤៧ ៤៧, ០៩៥ ៣៥ ៩៣ ៩៩, ០១២ ៩៨ ៣៣ ៣៤ ឬ​០១២ ៨៩ ២០ ២២​។​

បើតាម​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ​ឱសថ​គ្មាន​ចុះ​បញ្ជិកា ​គឺ​ស្មើនឹង​ឱសថ​ខុសច្បាប់​ ដោយ សារ​ពុំ​ទទួលបាន​ការត្រួតពិនិត្យ​គុណភាព​ត្រឹមត្រូវ​ពី​ក្រសួងសុខាភិបាល ​ពិសេស​ថ្នាំ​សម្រក​ទម្ងន់​បើ​មិន​ធ្វើការ​ត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ​គឺ​អាច​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114