ព័ត៍មានទាន់​ហេតុការណ៏
Search

ទីផ្សារ​ទេសចរណ៍​អាស៊ាន​សម្រាប់​កម្ពុជា

ភ្នំពេញ​ ៖ តំបន់​អាស៊ាន​ដែល​មាន​១០​ប្រទេស (​ប្រទេស​ប្រ៊ុយណេ ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ឡាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​មី​យ៉ាន់​ម៉ា ប្រទេស​ហ្វីលីពីន ប្រទេស​សិង្ហ​បុរី ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​) ដែលមាន​ប្រជាជន​សរុប​ប្រមាណ​ជាង ៥៥០​លាន​នាក់ គឺជា​ទីផ្សារ​ដ៏​សំខាន់ និង​មាន​សក្តានុពល​ទី​១​សម្រាប់​កម្ពុជា។ លក្ខណៈ​អំណោយផល​នៃ​ទីផ្សារ​នេះ​សម្រាប់​កម្ពុជា​គឺ​អាស៊ាន​បាន​បញ្ចូល​គ្នា​ទៅជា​សហគមន៍​តែមួយ​នៅ​ឆ្នាំ​២០១៥ ដែល​ធ្វើ​ឲ្យ​ប្រជាជន​ក្នុង​សហគមន៍​អាស៊ាន​នេះ​ចេះ​ធ្វើដំណើរ​ទេសចរណ៍​ក្នុង​រង្វង់​អាស៊ាន​បាន​ដោយ​ងាយស្រួល និង​ចាំបាច់​តម្រូវ​ឲ្យ​មាន​ទិដ្ឋាការ​រួម​ជា​មួយ​និង​មធ្យោបាយ​ត​ភ្ជាប់​ការ​ធ្វើដំណើរ​ក្នុង​តំបន់​យ៉ាង​រលូន ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ហើយ​ទីតាំង​ភូមិសាស្ត្រ​នៃ​ប្រទេស​នីមួយៗ​ក្នុង​តំបន់ អាស៊ាន​ជាមួយ​កម្ពុជា​គឺ​នៅ​ជិតគ្នា។ ជា​មួយ​គ្នា​នេះ​ដែរ ចលនា​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន (Intra-ASEAN travel) និង​មាន​សកម្មភាព​កាន់​តែ​ខ្លាំង​ឡើងៗ​នៅ​ឆ្នាំ​២០១៦ ដែល​តំបន់​នេះ​ក្លាយទៅជា “​សហគមន៍​អាស៊ាន ឬ​សហគមន៍​តែមួយ វាសនា​តែមួយ​” (One Community One Destiny) និង សមាហរណកម្ម​អាស៊ាន ២០១៥ (ASEAN Ingration2015) ដោយពេល​នោះ​នឹងមាន​ការបើក​ទូលាយ​នូវ​ការ​ធ្វើ​សមាហរណកម្ម​រួមគ្នា លើ​គ្រប់​វិស័យ។

នៅ​ឆ្នាំ​២០១៤ អាស៊ាន​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ចំនួន ១០៥ ០៤៦ ១២២​នាក់ កើនឡើង​២,៨% ក្នុង​នោះ​ការ​ធ្វើ​ដំណើរ​ក្នុង​រង្វង់​អាស៊ាន​មាន​រហូតដល់ ៣៧​លាន​នាក់ ស្មើនឹង​៥៥% ។ ដោយឡែក ទេសចរណ៍​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០១៤ មាន​ប្រមាណ​ជិត​២​លាន​នាក់ ស្មើនឹង​៤៤.២% នៃ​ចំណែក​ទីផ្សារ​សរុប និង​មាន​កំណើន​៨,៨% ក្នុងនោះ​ទេសចរ​ដែលមាន​ចំនួន​ច្រើន​គឺ​មកពី​ប្រទេស​វៀតណាម ឡាវ ថៃ ហ្វីលីពីន និង​ម៉ាឡេស៊ី ។ ដូចនេះ​វិស័យ​ទេសចរណ៍​អាស៊ាន​បាន និង​កំពុង​ក្លាយជា​កម្លាំង​ចលករ រួមចំណែក​ជំរុញ​កំណើន​ទេសចរណ៍​កម្ពុជា​យ៉ាង​ឆាប់រហ័ស ដោយសារ​កិច្ចសហការ​គ្នា​ល្អ​នៃ​អាស៊ាន​ក្នុង​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ “​អាស៊ីអាគ្នេយ៍​ផ្តល់​ភាពកក់ក្តៅ (Southeast Asia Feel ASEAN)” និង “​សមាហរណកម្ម​អាស៊ាន ២០១៥ (ASEAN integration 2015)” ព្រម​ជា​មួយ​យុទ្ធនាការ​ផ្សព្វផ្សាយ (GO ASEAN) ដែល​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​វិស័យ​ទេសចរណ៍ និង​ធុរកិច្ច​ក្នុង​អាស៊ាន ធ្វើអោយ​អាស៊ាន​ទទួល​បាន​ទេសចរ​ផ្ទៃក្នុង​អាស៊ាន ក៏ដូចជា​អន្តរជាតិ​កាន់​តែ​ច្រើន​ថែមទៀត។ នៅ​ឆ្នាំ​២០២០ កម្ពុជា​សង្ឃឹមថានឹង​ទទួល​បាន​ទេសចរណ៍​ពី​អាស៊ាន​ចំនួន​ប្រមាណ​ជាង ៣,៥​លាន​នាក់​ដែល​ពី​ប្រទេស​វៀតណាម ចំនួន ១,៥​លាន​នាក់​, ថ្ងៃ​ចំនួន ១​លាន​នាក់​, ឡាវ​ចំនួន ៧០​ម៉ឺន​នាក់​, ម៉ាឡេស៊ី​ចំនួន ៣០​ម៉ឺន​នាក់​, ហ្វីលីពីន​ចំនួន ១៥​ម៉ឺន​នាក់​, សិង្ហ​បុរី​ចំនួន ១២​ម៉ឺន​នាក់ និង​ឥណ្ឌូនេស៊ី​ចំនួន ១០​ម៉ឺន​នាក់។

ដោយ​តំបន់​អាស៊ាន​ជាតី​ផ្សារ​ដ៏​មាន​សក្តានុពល​ធំ​សម្រាប់​កម្ពុជា ព្រមទាំង​ជា​ច្រកទ្វារ​ដ៏​សំខាន់​សម្រាប់ ទេសចរណ៍​ប្រទេស​ទី​៣ យើង​ត្រូវបង្កើត​ការផ្សព្វផ្សាយ​អោយបាន​ខ្លាំងក្លា តាម​គ្រប់​រូបភាព​ទៅកាន់​ទីផ្សារ​នេះ ពិសេស​ទីផ្សារ​ដែលមាន​ការតភ្ជាប់​ជាមួយ​កម្ពុជា​បច្ចុប្បន្ន ដូចជា វៀតណាម ថៃ ភូមា ឡាវ ម៉ាឡេស៊ី ហ្វីលីពីន និង​សិង្ហ​បុរី ។ ចំពោះ​ទីផ្សារ​ឥណ្ឌូនេស៊ី យើង​ត្រូវ​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ចា​កាតា និង​កោះ បាលី​មកកាន់​តំបន់​វប្បធម៌​អង្គរ​ព្រះរាជាណាចក្រ​កម្ពុជា និង​បង្កើន​ជើងហោះហើរ​ផ្លូវអាកាស​ដែល​មាន​ស្រាប់​ឲ្យ​កាន់​តែ​ច្រើន​ថែមទៀត ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​តំបន់។ ក្រៅពី​ការតភ្ជាប់​តាមផ្លូវ​អាកាស​នេះ កម្ពុជា​ត្រូវតែ​ជំរុញ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​នូវ​ការតភ្ជាប់​ការធ្វើដំណើរ​និង​ដឹកជញ្ជូន​ផ្លូវគោក និង​ផ្លូវទឹក ។ ជំរុញ​ការផ្សព្វផ្សាយ​តាមរយៈ​ការរៀបចំ​ផលិតផល​ខ្សែ​ទស្សនកិច្ច​រួមជាមួយ​ប្រទេស​និ​មួយៗ ពិសេស​ជាមួយ​ប្រទេស​ក្នុង​មហា​អនុតំបន់​មេគង្គ កម្ពុជា វៀតណាម ឡាវ ថៃ ដូចជា​ខ្សែ​ទស្សនកិច្ច​មួយ​គោលដៅ​ទេសចរណ៍​ពីរ​ឬ​បី (One Package Two/Three Destinations) ឬ​ប្រទេស​ពី​ឬ​បី​គោលដៅ​ទេសចរណ៍​មួយ (Two/Three Countries One Destination) និង​ជំរុញ​ការផ្សព្វផ្សាយ​រួមគ្នា​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ។

Two Kingdom One Destination តាមរយៈ​ការរៀបចំ​សកម្មភាព​ផ្សព្វ​ផ្សាយ Roadshow រៀបចំ​សិក្ខាសាលា​ស្តីពី​សក្តានុពល​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​ការបង្កើត​ស្ថាន​តំណាង​ទេសចរណ៍ ការរៀបចំ FAM Trip សម្រាប់​យុវជន អ្នកសារព័ត៌មាន និង​ក្រុមហ៊ុន​ទេសចរណ៍ ការសម្តែង​សិល្បៈ​រួមជាមួយ​ប្រទេស​ក្នុង​តំបន់ ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ media ក្នុងស្រុក​នៃ​ទីផ្សារ​ទាំងនោះ ការចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍​នានា និង​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​តាម​គេហទំព័រ​អាស៊ាន និង​គេហទំព័រ GO ASEAN ដែល​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​ម៉ាឡេស៊ី។ ក្រៅ​ពី​នេះ​យើង​ត្រូវ​ពង្រីក​ការផ្សព្វផ្សាយ​គ្រប់​រូបភាព​ទៅកាន់​ទីក្រុង​នៃ​នានា​នៃ​ប្រទេស​ទាំងនោះ​ក្រៅពី​ទីក្រុង​រាជធានី​របស់គេ ។ ឧទាហរណ៍​ប្រទេស​វៀតណាម យើង​ត្រូវ​ពង្រីក​ការ​ផ្សព្វផ្សាយ​ទៅកាន់​ភូមិភាគ​ខាងត្បូង និង​ភូមិភាគ​កណ្តាល​ដូចជា​ខេត្ត កាន់​ធឺរ គៀង​យ៉ាង អាងយ៉ាង ឡុង​អាង និង​ខេត្ត​ដា​ណា​ង​ជាដើម៕