ព័ត៍មានទាន់​ហេតុការណ៏
Search

ឈឿន ឆៃ​ដែន ជួប Bukjoh ឯ ចាន់ ស៊ី​ណាត ជួប Phetngarm នៅ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ​

អ្នក​ប្រដាល់​ជើងចាស់​ ឈឿន ឆៃ​ដែន ក្លិប​និរោធ​មានជ័យ គេ​នឹង​ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ Bukjoh Sor.Ahmucha នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦១​គីឡូក្រាម។ ពីរ​នាក់​នេះ ធ្លាប់​ប៉ះគ្នា​ម្តង​ហើយ​កន្លងមក ដោយ Bukjoh ឈ្នះ​ក្នុង​ទឹក​ទី​២​។ បើ​និយាយ​ពី​បច្ចេកទេស​ និង​ល្បិចកល​ប្រកួត ពួកគេ​ទាំងពីរ​មាន​ដូចគ្នា។​ ឈឿន ឆៃ​ដែន គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ ដែលមាន​កាយសម្បទា​រឹងមាំ និង​វាយ​ខ្លាំង និង​ធ្លាប់​ផ្ដួល​ជើងចាស់​អស់​ច្រើន​នាក់​មក​ហើយ តែមួយ​រយះ​ចុង​ក្រោយនេះ ឆៃ​ដែន រាង​ចុះខ្សោយ​កម្លាំង ដែល​ធ្វើ​ឲ្យ​ការប្រកួត​របស់​គេ​ចាញ់​រហូត។

ជាក់ស្ដែង ៥​ប្រកួត​ចុងក្រោយ​ជាមួយ​ថៃ​នោះ គឺ​វាយ​ចាញ់​ទាំង​៥​ប្រកួត ដែល​ការប្រកួត​លើកចុង​ក្រោយ​គេ ឆៃ​ដែន វាយ​ចាញ់ Fanimith ក្នុង​ទឹក​ទី​២​។ តែ​យ៉ាងណា ឈឿន ឆៃ​ដែន ជួប​ជាមួយ Bukjoh លើក​នេះ មិន​ប្រាកដថា​ចាញ់​នោះទេ។​

Bukjoh ជា​អ្នក​ប្រដាល់​ថៃ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពីរ​បី​ដង​ហើយ​កន្លងមក។ ​អ្នក​ប្រដាល់​ថៃ​រូប​នេះ គេ​ធ្លាប់​ប្រកួត​ឈ្នះ​ ឈឿន ឆៃ​ដែន ​ក្នុង​ទឹក​ទី​២ ហើយ​ធ្លាប់​ត្រូវ​ ផល សោ​ភ័​ណ្ឌ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២​វិញ។

អ្នក​ប្រដាល់​ថៃ​នេះ មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៥​លើក ចាញ់​១៣​លើក ស្មើ​០១​លើក ។ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ មាន​កម្ពស់​ប្រហាក់ប្រហែល ​ឆៃ​ដែន ​ដែរ គឺ​១,៧០​ម៉ែត្រ ហើយ​ ឆៃ​ដែន ១,៦៨​ម៉ែត្រ។ តែ​យ៉ាងណា Bukjoh មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ ឈឿន ឆៃ​ដែន បាន​ឬ​អត់​នោះទេ​?។​

ឈឿន ឆៃ​ដែន ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជើងចាស់ ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​រាប់សិប​នាក់​ហើយ​នាពេល​កន្លងមក តែមួយ​រយៈ​ចុង​ក្រោយនេះ គេ​ស្រុត​ធ្លាក់​ខ្លាំង​ដោយ​វាយ​ចាញ់​ថៃ​រហូត ដែល​ការជួប​ថៃ​ចុងក្រោយ​គេ​នោះ ឆៃ​ដែន ត្រូវ Fanimith ផ្ដួល​ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​២។

និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​៧១​លើក ឆៃ​ដែន វាយ​ឈ្នះ​៥៨​លើក ចាញ់​១៣ លើក មិនដែល​ស្មើ។

យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ Bukjoh លើក​នេះ គេ​ពុំមាន​ជំនឿ​ទុកចិត្ត​លើ ឈឿន ឆៃ​ដែន ថា​នឹង​អាច​យកឈ្នះ​Bukjoh នេះ​បាន​នោះឡើយ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ​គេ​មក​ប្រកួត​លើកចុង​ក្រោយ​នេះ វាយ​ចាញ់ ​ផល សោ​ភ័​ណ្ឌ ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ក្នុង​ទឹក​ទី​២។​

ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ថៃ​រូបនេះ មិន​ប្រាកដថា​ឈ្នះ ​ឈឿន ឆៃ​ដែន ​ទៀត​នោះឡើយ ហើយ​ឆៃ​ដែន ក៏​មិន​ប្រាកដថា​អាច​យកឈ្នះ Bukjoh នេះ បាន​ឬ​អត់​នោះដែរ ?​ ព្រោះ ​ឈឿន ឆៃ​ដែន វាយ​ធ្លាក់ចុះ​ខ្លាំងពេក​មួយរយៈ​ចុងក្រោយ​នេះ។​

ចំពោះ ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួប​សាក​កណ្ដាប់ដៃ​ជា​មួយ​អ្នក​ប្រដាល់​ថៃ Petch Ngarm Wor.Shungnuen។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​

អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​ធ្លាប់​ដែល​មក​កម្ពុជា​ដែរ​កន្លងមក។ ជា​លើក​ទី​២​ហើយ ដែល Petch Ngarm បាន​មកជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខ្មែរ​នោះ។​

ស៊ី​ណាត ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា។ គេ​មាន​កណ្ដាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ តែ​អ្នក​ប្រដាល់​រូបនេះ វាយ​រាង​ឆាប់​អស់​កម្លាំង​ស៊ុ​ហ្វ តែ​ស៊ូ​ចំពោះ​ការប្រកួត។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១០៦​លើក ក្នុងនោះ​វាយ​ឈ្នះ​៩២​លើក ​ចាញ់​១៤​លើក និង​ស្មើ​០៧​លើក និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​បាន​៣២​លើក​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា ចាន់ ស៊ី​ណាត មិនអាច​មើល​ស្រាល Petch Ngarm​បានទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កលល្បិច​ខ្ពស់​ផង​ដែរ​។​

Petch Ngarm ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៧​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ ចាំមើល ចាន់ ស៊ី​ណាត តើ​គេ​អាច​យកឈ្នះ Petch Ngarm បាន​ឬ​អត់​?។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គួ​ន ប៊ុន​ហ៊ីម អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង នឹងត្រូវ​ជួប​សងសឹក​ជាមួយ មាស សារ៉ាក់ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។​ កាលពី​ជួបគ្នា​លើក​មុន គួ​ន ប៊ុន​ហ៊ីម វាយ​ចាញ់ មាស សារ៉ាក់​ ត្រឹម​ពិន្ទុ​ប៉ុណ្ណោះ។​ចាំ​មើល តើ​ ប៊ុន​ហ៊ីម អាច​សងសឹក​ សារ៉ាក់​ បានសម្រេច ឬ អត់?៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114