ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​ខេត្ត​សៀមរាប ​គាំទ្រ​ និង​ជំរុញ​ដល់​ប្រជា​សហគមន៍​ធនធាន​ជលផល​តាម​វាលស្រែ​ចែករំលែក​បទពិសោធន៍​ល្អៗ​ដល់​គ្នា​ទៅវិញទៅមក​ដើម្បី​ឱ្យ​សហគមន៍​រីកចម្រើន

សៀមរាប ៖ ​​ក្រោយពី​ពិភាក្សា​លើ​ចំណុចខ្លាំង​ ចំណុចខ្សោយ និង​ដំណើរការ​អស់​រយៈពេល​ពីរ​ថ្ងៃ នៃ សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ស្ដីពី​«​ការអនុវត្ត​​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​នៅ​កម្ពុជា ដំណាក់កាល​ទី​២», សិក្ខាសាលា​នេះ បាន​បិទ​បញ្ចប់​កាលពី​រសៀល​ថ្ងៃ​ទី​២០ ទទួល​បាន​​លទ្ធផល​ផ្លែផ្កា​ជា​វិជ្ជមាន ​ដោយ​បាន​វាយតម្លៃ​ផ្ដល់​ពិន្ទុ​ទៅលើ​គណៈកម្មការ​សហគមន៍​ស្រះ​ជំ​រក​ត្រី ចំនួន​៦​ក្នុងចំណោម​៤៤​សហគមន៍​ស្រះ​ជំ​រកត្រី​នៅក្នុង​ខេត្តសៀមរាប​ ដែល​បាន​និង​កំពុង​អនុវត្ត​អនុវត្តន៍​គម្រោង​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ ក្នុង​ខេត្តសៀមរាប។

ថ្លែង​ក្នុងឱកាស​បិទ​អង្គ​សិក្ខាសាលា លោក ចឹក គឹម​ជុន នាយករង​រដ្ឋបាល​សាលាខេត្ត​សៀមរាប មានប្រសាសន៍ថា​ ៖ ​ធនធាន​ជលផល​តាម​វាលស្រែ គឺជា​ផ្នែក​មួយ ​ដែល​គ្រប​ដណ្តប់​មួយ​ភាគ​ធំ​ទៅ​លើដី​កសិកម្ម​ក្នុងប្រទេស​កម្ពុជា​យើង​។ ​ឆ្លងតាម​បទពិសោធន៍ ​ដែល​បាន​ស្តែងឡើង​ក្នុង​អង្គ​សិក្ខាសាលា​ឃើញថា​ សហគមន៍​ខ្លះ​ទទួល​បាន​​លទ្ធផល​ល្អ​និង​នៅ​មួយចំនួនធំ​នៅមានកម្រិត​នៅឡើយ ហេតុនេះ​សុំ​ស្នើ​ដល់​គណៈកម្មការ​សហគមន៍​ស្រះ​ជំ​រកត្រី​ដែលមាន​បទពិសោធន៍​និង​ធ្លាប់​ទទួលបាន​លទ្ធផល​ល្អ​ពី​ការអនុវត្ត​គម្រោង សូមជួយ​ចែករំលែក​នូវ​បទពិសោធន៍​ជូន​ទៅដល់​សហគមន៍​ផ្សេងៗ​ទៀត​ដើម្បី​ភាព​រីកចម្រើន​និង​ទទួលបាន​ទិន្នផល​ត្រី​កើនឡើង​ពី​សហគមន៍​យើងទាំងអស់គ្នា។

លោក ចឹក គឹម​ជុន មានប្រសាសន៍​ទៀតថា ​៖ ​លទ្ធផល​ដែល​យើង​ទទួល​បាន​ខាងលើនេះ ពិតជា​បានមក​អំពី​ការខិតខំ​ប្រឹងប្រែង របស់​យើងទាំងអស់គ្នា ព្រោះថា​គម្រោង​នឹងធ្វើ​អោយ​សំបូរ​ត្រី​ឡើងវិញ នៅតាម​វាលស្រែ បឹងបួ អូរ ប្រឡាយ ស្រះ សម្រាប់​យើងទាំងអស់គ្នា ហើយ​វា​ក៏​ជា​ភារកិច្ច​របស់​យើងទាំងអស់គ្នា ជាពិសេស​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ជលផល ដែល​ត្រូវ​សហការ​គ្នា​ជាមួយនឹង​អង្គការ​សម្របសម្រួល ក្នុងនោះ​មាន​អង្គការ​ម្ចាស់ជំនួយ អង្គការ​ត្រី​ពិភពលោក (WorldFish) ជាពិសេស​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា (TCO) ដែលជា​អ្នកអនុវត្ត​ផ្ទាល់ នៅតាម​មូលដ្ឋាន ធ្វើយ៉ាងណា​ដើម្បី​សម្រេច​ជោគជ័យ ក្នុងការ​ស្តារឡើងវិញ លើ​វិស័យ​ជលផល​ក្នុង​ខេត្ត​យើង ក៏ដូចជា​ដើម្បី​ចូលរួម​សម្រេច​យុទ្ធសាស្ត្រ ទូទាំងប្រទេស​កម្ពុជា​យើង គឺ​សម្រេច​អោយបាន ១២០០​ស្រះ​ជម្រក​ត្រី និង​ដំណាច់ឆ្នាំ ២០១៩ ខាងមុខនេះ។

លោក ចឹក គិ​ម​ជុន ​ក៏បាន​មានប្រសាសន៍ គាំទ្រ​សកម្មភាព​នៃ​គម្រោង​ខាង​លើ​នេះ​ យ៉ាង​ពេញទំហឹង ចំពោះ​អង្គការ​ម្ចាស់ជំនួយ​គឺ​អង្គការ​ត្រី​ពិភពលោក (WorldFish) និង​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា (TCO) ដែល​បាន​យកចិត្តទុកដាក់​លើ​ការ គាំទ្រ​គម្រោង​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​ដំណាក់កាល​ទី​២ រយៈពេល​ប្រាំ​ឆ្នាំ ក្នុង​ខេត្តសៀមរាប​យើង​នេះ ហើយ​និង​សង្ឃឹមថា​អស់លោក លោកស្រី​នឹង​ស្វែងរក​គម្រោង​ផ្សេងៗ​បន្ថែមទៀត មក​អនុវត្ត​ក្នុង​ខេត្ត​យើង​ជាក់​ជាមិនខាន។

លោក អ៊ុង ច័ន្ទ​រតនា នាយក​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា លើកឡើងថា ​៖ ​គម្រោង​«​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​» មាន​រយៈពេល ៥​ឆ្នាំ ដោយ ចាប់​អនុវត្ត ពី​ខែ​តុលា ឆ្នាំ ២០១៦ និង​ត្រូវ​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០២១ មាន​អង្គការ​ដៃគូ​ចំនួន​៤​អនុវត្ត​ក្នុង​ខេត្ត​ចំនួន ៤​ត្រូវ​បាន​និង​កំពុង​អនុវត្ត​​សិក្សា​ស្រាវជ្រាវ​អំពី​ធនធាន​ជលផល​តាម​វាលស្រែ ដើម្បី​ចូលរួម​អនុវត្តន៍​គោលនយោបាយ​រដ្ឋបាល​ជល​ផល​ថ្នាក់ជាតិ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ក្នុងដំណាក់កាល​ទី​បី​របស់​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ធនធាន​ជលផល និង​ប្រព័ន្ធ​ជីវចម្រុះ​តាម​វាលស្រែ ជាពិសេស មច្ឆជាតិ ក៏ដូចជា​វា​រី​សត្វ និង​វា​រី​រុក្ខជាតិ​ផងដែរ។

លោក អ៊ុង ច័ន្ទ​រតនា បន្តថា ​៖ ​គម្រោង​ខាងលើនេះ​មាន​គោលបំណង​សំខាន់ៗ ដូចជា​៖​ចងក្រង​នូវ​វិធីសាស្ត្រ​សមស្រប ក្នុងការ​គ្រប់គ្រង​សហគមន៍​ស្រះ​ជម្រក​ត្រី ដើម្បី​យកទៅអនុវត្ត​បន្ត​នូវ បរិស្ថាន​ធនធាន​ជលផល​តាម​វាលស្រែ​ដ៏ទៃទៀត​។ ​បង្កើត និង​ធ្វើអោយមាន​សុពលភាព​នូវ​គំរូ​អភិបាលកិច្ច​ល្អ នៃ​ការគ្រប់គ្រង​សហគមន៍​ស្រះ​ជម្រក​ត្រី និង​ប្រើប្រាស់​ប្រភពទឹក​ពី​ស្រះ​ជម្រក​ត្រី​សហគមន៍​ក្នុង​គោលបំណង​ផ្សេងៗ​ទៀត ប្រកបដោយ​ប្រសិទ្ធភាព លើកកម្ពស់​ចំណេះដឹង​ដល់​ស្ត្រី​ដែលមាន​ក្មេង​តូច​ក្រោម​អាយុ ប្រាំ​ឆ្នាំ ពី​សារៈប្រយោជន៍​របស់​ត្រី​ល្អិត របប​អាហារ​ចម្រុះ ការរៀបចំ​អាហារ​អោយបាន​សមស្រប តាម​ក្បួន​អនាម័យ និង​ការបរិភោគ​ទឹកស្អាត ផ្សព្វផ្សាយ​ពី​ចំណេះដឹង​ដែល​បាន​រៀនសូត្រ​បាន​ពី​ការអភិវឌ្ឍ​​សហគម​ន៍​ស្រះ​ជម្រក​ត្រី នៅក្នុង​តំបន់​ទន្លេសាប ទៅដល់​ភ្នាក់ងារ​អភិវឌ្ឍន៍​ដទៃទៀត ដើម្បី​ពង្រីក​ការអភិវឌ្ឍន៍​បន្ថែម​នៅក្នុង​តំបន់​ផ្សេងៗ​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន​កម្ពុជា​យើង​មាន​៨៦៤​ស្រះ​ជម្រក​ត្រី​ក្នុងនោះ​សៀមរាប​មាន​៩៩​ដែល​៤៤​អនុវត្តតាម​គម្រោង​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​។​សិក្ខាសាលា រៀបចំ​ដោយ​អង្គការ​អ្នកត្រួសត្រាយ​កម្ពុជា​សហ​ការ​ជាមួយ ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប តាមរយៈ​គម្រោង​ថវិកា​របស់​អង្គការ​វើ​ល​ហ្វី​ស​(WorldFish)​សហការ​គាំទ្រ​ថវិកា​ដោយ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​ហៅ​កាត់​ថា​យូ​សេដ (USAID) ដើម្បី​អនុវត្ត​គម្រោង​«​បង្កើន​ធនធាន​ជលផល​តាម​វាលស្រែ​»​បានរៀបចំ​សិក្ខាសាលា​ឆ្លុះ​បញ្ចាំង​ស្ដីពី​«​ការអនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ រយៈពេល​ពីរ​ថ្ងៃ​ពីថ្ងៃ​ទី​១៩​ដល់​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​រ៉ូយ៉ាល់​អេ​ម​ផាយ​ខេត្តសៀមរាប​ក្រោម​វត្តមាន​មន្ត្រី​នៃ​នាយកដ្ឋាន​ជលផល និង​រដ្ឋបាល​ខេត្តសៀមរាប ព្រមទាំង​សិក្ខាកាម​ជា អភិបាលស្រុក លោក​មេឃុំ និង​ក្រុមប្រឹក្សាឃុំ​មេភូមិ ព្រមទាំង​គណៈកម្មការ​សហគមន៍​ស្រះ​ជម្រក​ត្រី​ទាំង​៤៤​ដែល​កំពុង អនុវត្តន៍​ផែនការ​គ្រប់គ្រង​ប្រព័ន្ធ​ជលផល​តាម​វាលស្រែ​ជាច្រើន​ផងដែរ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114