ព័ត៍មានទាន់​ហេតុការណ៏
Search

មហោស្រព​ខ្លែងឯក​ខ្មែរ ​លើក​ទី​២២​ នៅ​ទឹកដី ​ខេត្ត​ស្វាយរៀង​

ស្វាយរៀង ​៖​ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​មិគសិរ ឆ្នាំច​សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ដោយមាន​ការ​សហការ​រវាង​រដ្ឋបាល​ខេត្តស្វាយរៀង និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​រៀបចំ​កម្មវិធី​មហោស្រព​ខ្លែងឯក​ខ្មែរ​លើក​ទី​២២ នៅ​បរិវេណ​តារាង​បាល់ទាត់​វិទ្យាល័យ​ស្វាយរៀង ក្រោម​អធិបតីភាព​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​តំណាង​លោកស្រី ភៀ​ង ស​កុ​ណា រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ និង​លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត​តំណាង​លោក ម៉ែន វិបុល អភិបាល​ នៃ​គណៈ​អភិបាលខេត្ត។

ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី កង​កម្លាំង​ទាំង​៣ លោក​អភិបាលក្រុង​-​ស្រុក អស់លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត សិស្សានុសិស្ស គរុ​សិស្ស ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ​៦០០​នាក់ ​និង​មាន​ខ្លែងឯក​ខ្មែរ​ទូទាំង​២៤​ខេត្ត​/ក្រុង​ ចូលរួម​បង្ហោះ​ផងដែរ។​

បើ​យោងតាម​កម្រង​ឯកសារ ​ស្ដីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ មៀ​ច ប៉ុណ្ណ បាន​លើកឡើងថា «​ប្រពៃណី ​នៃ​ការ​បង្ហើរ​ខ្លែង បាន​ឆ្លុះបញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ ដែល​រស់នៅ​ផ្សាភ្ជាប់​នឹង​ធម្មជាតិ ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើការ​រស់នៅ និង​ការកម្សាន្ត។ ម្យ៉ាងទៀត ប្រពៃណី​នៃ​ការ​បង្ហើរ​ខ្លែង មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើឡើង​សម្រាប់​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរព​បូជា​ដល់​សាសនា​សំខាន់​ទាំងពីរ​ផង​ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពីដើម​រៀងមក គឺ ព្រហ្មញ្ញសាសនា​ និង​ព្រះពុទ្ធសាសនា៕
​​