ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប៊ីសាអ៊ូឌីត​ចង់​បង្កើន​ការ​ស៊ើបការណ៍​សម្ងាត់​បន្ទាប់ពី​ការធ្វើឃាត​អ្នក​រិះគន់​

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​និយាយថា ខ្លួន​កំពុង​បង្កើត​ស្ថាប័ន​រដ្ឋាភិបាល​ដើម្បី​បង្កើន​ការត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​របស់ខ្លួន​បន្ទាប់ពី​មាន​កំហឹង​ជា​អន្តរជាតិ​អំពី​ករណី​ឃាតកម្ម​លើ​អ្នក​រិះគន់​ឈ្មោះ Jamal Khashoggi ។​

ប្រទេស​នេះ​បាន​និយាយថា លោក Khashoggi ត្រូវបាន​សម្លាប់​នៅ​ខាងក្នុង​ស្ថាន​កុងស៊ុល​របស់ខ្លួន​ប្រចាំ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ថ្ងៃទី​២​ខែតុលា​នៅក្នុង “​ប្រតិបត្តិការ​ដ៏​ឃោរឃៅ​” ដែល​ដឹកនាំ​ដោយ​អតីត​អនុប្រធាន​ស៊ើបការណ៍​សម្ងាត់​លោក Ahmad al-Assiri និង​ទីប្រឹក្សា​តុលាការ​រាជវង្ស​លោក Saud al-Qahtani ដែល​អ្នក​ទាំងពីរ​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​។​

ក្រោយមក ស្តេច Salman បាន​បញ្ជា​អោយមាន​ការរៀបចំ​ឡើង​វិញ​នូវ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ក្រោម​ការត្រួតពិនិត្យ​ពី​បុត្រា​របស់​ព្រះអង្គ​គឺ​រាជទាយាទ Mohammed bin Salman ដែល​បាន​ប្រឈមមុខ​នឹង​ការរិះគន់​ជាស​កល​លើ​ឃាតកម្ម​អ្នកកាសែត​បើទោះបីជា​រដ្ឋាភិបាល​បាន​បដិសេធថា ខ្លួន​មិនជា​ប់​ពាក់ព័ន្ធ​ក៏ដោយ​។​

ទីភ្នាក់ងារសារព័ត៌មាន Saudi Press Agency បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណៈកម្មាធិការ​មួយ​ដែល​ដឹកនាំ​ដោយ​ព្រះអង្គម្ចាស់​បានអនុម័ត​ការបង្កើត​នាយកដ្ឋាន​ចំនួន​បី​ដើម្បី​ធានា​អោយ​ប្រតិបត្តិការ​ស៊ើបការណ៍​សម្ងាត់​ស្របទៅនឹង​គោលនយោបាយ​សន្តិសុខ​ជាតិ ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​និង​នីតិវិធី​ដែល​បានអនុម័ត​។​

ទោះបីជា​យ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍​នេះ​មិនបាន​បញ្ជាក់​អំពី​លោក Khashoggi ទេ​។​
​ក្រុមអ្នកវិភាគ​និយាយថា ប្រតិកម្ម​យ៉ាងខ្លាំង​ក្លារ​បស់​ពិភពលោក​ជុំវិញ​ការសម្លាប់​របស់គាត់​បា​ន​ធ្វើអោយ​ខូច​កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​ព្រះមហាក្សត្រ​ហើយ​បាន​បណ្តាលអោយ​ប្រទេស​សម្បូរ​ប្រេង​មួយ​នេះ​មាន​ភាពទន់ខ្សោយ​ផ្នែក​ការទូត​។​

វា​ក៏​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ថ្មី​ផងដែរ​លើ​ជម្លោះ​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងប្រទេស​យេ​មែន​ដែល​អង្គការសហប្រជាជាតិ​ពណ៌នា​ថា​ជា​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​របស់​ពិភពលោក​៕ AFP