ព័ត៍មានទាន់​ហេតុការណ៏
Search

ជា សំនៀង ជួប Famechhai ឯ ម៉ន ព្រហ្ម​ម៉ាញ ជួប Khun Lek​ លើ​សង្វៀន​ Wurkz

អ្នក​ប្រដាល់​កម្ពុជា ​ជា សំនៀង ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ត្រូវ​អ្នករៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​សង្វៀន​Wurkz របស់​SEA-TV ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ Famechh ai អ្នក​ប្រដាល់​ជន​ជាតិ​ថៃ នា​រសៀល​ថ្ងៃអាទិត្យ​ ទី​២៣ ខែ​ធ្នូ​ ឆ្នាំ​២០១៨ នេះ។

Famechhai ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ពីរ​បី​លើក​ហើយ​កន្លងមក។ Famechhai និង​ជា សំនៀង នឹង​ប្រកួត​គ្នា​ ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម។​

អ្នក​ប្រដាល់​ថៃ​នេះ ធ្លាប់​ប្រកួត​បាន​៦៥​លើក ដោយ​វាយ​ឈ្នះ​៥៣​លើក និង ចាញ់​១២​លើក មិនដែល​ស្មើ។ បើតាម​ លោក​ ញាណ សុធី អ្នករៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​SEA-TV​ និយាយប្រាប់​ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មិនធម្មតា​ឡើយ​ដោយ​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ដល់​ទៅ​ពីរ​ឯណោះ។

ទោះជា​យ៉ាងណា Famechhai​មិនដឹងថា អាច​វាយ​ឈ្នះ​អ្នក​ប្រដាល់​កម្ពុជា​ជា សំនៀង ​ឬ​អត់​នោះទេ​? ។​ អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ មាន​កាយសម្បទា​រឹងមាំ និង​មាន​កម្ពស់​ខ្ពស់​ថែមទៀត គឺ​១,៦៩​ម៉ែត្រ។​

ជា សំនៀង ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ដែល​ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ មិនតិច​នាក់​នោះទេ​កាលពីពេល​កន្លងមក។ និយាយ​ជារួម ក្នុងការ​ប្រកួត​ចំនួន​៩៥​លើក​របស់​ជា សំនៀង គេ​វាយ​ឈ្នះ​៧៤​លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក​។ ការប្រកួត​ចុងក្រោយ​ជាមួយ​ថៃ សំនៀង​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Kao Ah ក្នុង​ទឹក​ទី​១។

យ៉ាងណា សម្រាប់​ការជួប​អ្នក​ប្រដាល់​ថៃ Famechhai លើក​នេះ មិនដឹងថា ជា សំនៀង អាច​យកឈ្នះ​បាន​ឬ​អត់​នោះទេ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គឺជា​ជើង​ខ្លាំង​ប្រចាំ​នៅ​ស្រុកថៃ។ ចាំមើល តើ​ជា សំនៀង ឈ្នះ Famechhai ឬ​អត់?។​

ម៉ន ព្រហ្ម​ម៉ាញ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Khun Lek។ អ្នក​ប្រដាល់​ថៃ Khun Lek នេះ ជា​អ្នក​ប្រ ដា ល់​ចំណូល​ថ្មី ពុំ​ធ្លាប់​ដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្តងណា​នៅឡើយ​ទេ​កន្លងមក។​

ម៉ន ព្រហ្ម​ម៉ាញ គេ​ទើបតែ​បាន​ប្រកួត​ជាមួយ​ថៃ បាន​៤​លើក​ទាំង​លើក​នេះ​ទេ។​ ក្នុង​៣​លើក ​នៃ​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​កន្លងមក​នោះ ម៉ន ព្រហ្ម​ម៉ាញ វាយ​ចាញ់​ថៃ​ពីរលើក និង​លើក​ទី​៣ ពេល​ជួប​ជា​មួយ​Pha Thana គឺ​ពុំ​ប្រកាស​លទ្ធផល​ឡើយ។ ចាំមើល​ប្រកួត​លើក​នេះ ព្រហ្ម​ម៉ាញ អាច​យកឈ្នះ​ថៃ Khun Lek នេះ​បាន​ឬ​អត់​នោះ​?

Khun Lek ធ្លាប់​ប្រកួត​បាន​ចំនួន​៦០​លើក ក្នុងនោះ​វាយ​ឈ្នះ​៥២​លើក និង ចាញ់​០៨​លើក មិនដែល​ស្មើ ។​ឯ ម៉ន ព្រហ្ម​ម៉ាញ​វិញ គេ​មាន​កំណត់ត្រា​ប្រកួត​ចំនួន​៦៥​លើក ឈ្នះ​៥១លើក ចាញ់​១៣​លើក និង​ស្មើ​០១​លើក។​

ម៉ន ព្រហ្ម​ម៉ាញ នៅក្នុង​ស្រុក ម៉ន ព្រហ្ម​ម៉ាញ ជា​អ្នក​ប្រដាល់​ដែល​វាយ​មិនចេះ​ខ្លាច ញញើត​នោះ​ឡើយ។ ចាំមើល ម៉ន ព្រហ្ម​ម៉ាញ ជួប​ប្រកួត​ជាមួយ​ថៃ​លើក​នេះ តើ​គេ​អាច​បំបាក់​ឲ្យ​ថៃ​ចុះចាញ់​មុន​ទឹក ឬ​ឈ្នះ​ដោយ​ពិន្ទុ ឬក៏​ចាញ់​នោះ?។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ លី តឿន អ្នក​ប្រដាល់​ក្លិប​មកុដ​រាជសីហ៍ ត្រូវ​ជួប​ប្រកួត​ជាមួយ អៀ​ប ឆា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្តព្រៃវែង។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

រវាង​លី តឿន និង អៀ​ប ឆា នេះ អៀ​ប ឆា ខ្ចី​ខាង​បទពិសោធន៍ និង​តិចនិក​ប្រកួត​ជាង​ លី តឿន ដោយសារ​សារ​អៀ​ប ឆា ​គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ ដូច្នេះ​សម្រាប់​ការជួបគ្នា​លើក​នេះ អៀ​ប ឆា ទំនងជា​មិនអាច​ឈ្នះ​លី តឿន នោះទេ។​

ស៊ឹម ប៊ុនឆៃ អ្នក​ប្រដាល់​មកពី​ក្លិប​ព្រៃទទឹង​ខេត្តបាត់ដំបង នឹង​ជួប​ជាមួយ​ផៃ គឹម​ហឿ​ត អ្នក​ប្រដាល់​ក្លិប​ឃ្លាំង​មឿ​ន​កីឡា​ខេត្ត​ពោធិ៍សាត់ ដោយ​ប្រកួត​ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។ ពួកគេ​មិនដែល​ប៉ះគ្នា​ទេ​កន្លងមក។ អ្នកណា​ឈ្នះ អ្នកណា​ចាញ់ មិនអាច​ទាយ​មុន​បានឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114