ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៩​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​ត្រូវការ​ឈាម​ជាង​៩​ម៉ឺន​ប្លោក ​ដើម្បី​ត្រៀម​ទុក​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​

​ភ្នំពេញ​ ៖​ លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ឲ្យ​ដឹងថា​ សម្រាប់​ឆ្នាំ​២០១ ៩​ខាងមុខនេះ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​ត្រូវការ​ឈាម​រហូតដល់​ទៅជា​ង​៩​ម៉ឺន​ប្លោក​ ដើម្បី​ត្រៀម​ទុក​សម្រាប់​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​ឲ្យ​បាន​ទាន់​ពេល​វេលា​។​
​ ​
លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង​ បាន​បន្តថា​ ចំនួន​នេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​នេះ ​ឃើញថា​ មាន​ការ​កើនឡើង​ជាង​១​ម៉ឺន​ប្លោក​ ខណៈ​នៅ​ឆ្នាំនេះ​ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​អំណោយ​ឈាម​នៅ​ទូទាំងប្រទេស​ចំនួន​៨៣៩៨៤​ប្លោក ​ក្នុងនោះ​នៅ​ភ្នំពេញ​មាន​ចំនួន​៥៨៣៩៧​ប្លោក ​និង​នៅ​ឆ្នាំ​២០១៧​កន្លងទៅ ​ទទួលបាន​អំណោយ​ឈាម​តែ​៧៦៥១១​ប្លោក​ប៉ុណ្ណោះ​។​

​លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង​ បាន​បន្ថែមទៀតថា ​ការកើនឡើង​នៃ​ចំនួន​ឈាម​នេះ ​គឺ​ដោយសារ​តែ​តម្រូវការ​អ្នកជំងឺ​ដែល​ត្រូវការ​ឈាមមាន​ការកើនឡើង​ខ្ពស់ ​ពិសេស​ការពង្រីក​មន្ទីរ​ពេទ្យ​នានា​នៅ​ទូទាំងប្រទេស​ក៏​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​តម្រូវការ​ឈាម​ផងដែរ​។​

ជាក់ស្តែង ​ក្នុង​១​ថ្ងៃៗ​ តាម​ការ​ប៉ាន់ប្រមាណ ​មជ្ឈមណ្ឌល ​ត្រូវការ​ឈាម​ប្រមាណ​ពី​២០០​ប្លោក​សម្រាប់​នៅ​រាជធានី​ភ្នំពេញ​ និង​២៥០​ប្លោក​ នៅ​ទូទាំង​ប្រទេស​ ដើម្បី​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ដូចជា​ អ្នកជំងឺ​ ទាក់ទិន​នឹង​ការ​ហូរ​ឈាម​តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់​ជំងឺ​បេះ​ដូង គ្រោះថ្នាក់​ចរាចរណ៍ ការ​ហូរ​ឈាម​មិន​ប្រក្រតី​នៅមុន ​និង​ក្រោយពេល​សម្រាលកូន ជំងឺ​ខ្សោយ​តម្រង់​នោម​ និង​ការព្យាបាល​ថែទាំ​ជំងឺ​មហារីក​ជាដើម​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង បាន​ជំរុញ​ និង​អំពាវ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ជា​ពិសេស​ក្រុមយុវជន​ជួយ​បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ជាតិ​យកទៅជួយ​សង្គ្រោះ​ដល់​ជនរងគ្រោះ ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ហើយ​សកម្មភាព​ទាំងនេះ​ពិតជា​បាន​ចូលរួម ចំណែក​យ៉ាងខ្លាំង ដើម្បី​ត្រៀម​ជួយសង្គ្រោះ​ដល់​អាយុជីវិត​មនុស្ស​ឲ្យ​បាន​ទាន់ពេលវេលា​។​ ​

លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា ​« បើសិនជា​គ្មាន​ការចូលរួម ចំណែក​ពី​សប្បុរសជន​ទាំងឡាយ​នោះ មជ្ឈមណ្ឌល​ក៏​មិនអាច​ទ្រទ្រង់ និង​ផលិត​ឈាម បានឡើយ ​ដូច្នេះ​ការចូលរួមរ​បស់បង​ប្អូន ពិត​ជា​មាន​សារសំខាន់​យ៉ាងខ្លាំង​»​។​
​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ឲ្យ​ដឹង​ទៀតថា​ ការផ្ដល់សេវា​ផ្គត់ផ្គង់​ឈាម គឺជា​សេវា​មនុស្សធម៌​មួយ ដោយ​នៅក្នុងពេល​បច្ចុប្បន្ន ជា​បន្ទុក​របស់​រាជរដ្ឋាភិបាល​ទាំងស្រុង ក៏ដូចជា​ក្រសួងសុខាភិបាល ដោយ​សមាសភាព​ឈាម ទាំងអស់​ត្រូវបាន​ផ្គត់ផ្គង់ នៅតាម​បណ្ដា​មន្ទីរពេទ្យ​ទូទាំងប្រទេស ដោយ​មិន​ឲ្យ​ពលរដ្ឋ​បង់ថ្លៃ​សេវា​ឡើយ​ ដោយ​រដ្ឋ​ជា​អ្នករ៉ាប់រង​ទាំងអស់​។​

លោក​វេជ្ជបណ្ឌិត ហុក គឹម​ចេង​ បាន​បញ្ជាក់ថា​ ដើម្បី​បំពេញ​នូវ​តម្រូវការ​ឈាម​នេះ​ ក្រសួង​សុខាភិបាល ​បាន​និង​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ជាច្រើន ​ក្នុងនោះ​មានការ​បង្កើតជា​ស្ថានីយ​ទទួល​អំណោយ​ឈាម​ឲ្យ​បាន​ច្រើន​កន្លែង​ ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ចូលរួម​អ្នក​បរិច្ចាគ​ឈាម​ ខណៈ​បច្ចុប្បន្ននេះ​ មានតែ​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ទី​១ ​និង​ទី​២​ប៉ុណ្ណោះ ​ដែល​ធ្វើ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍​។​

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ជាតិ​ ក៏បាន​សហការ​ជាមួយ​ក្លឹប​ នៃ​ក្តី​ស្រលាញ់​របស់​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា គ្រឹះស្ថាន​សាកលវិទ្យាល័យ​ និង​វិស័យ​ឯកជន​ផ្សេងៗ​ទៀត ​ដើម្បី​ប្រមូល​ឈាម​ឲ្យ​បាន​ច្រើន​សម្រាប់​ទុក​ជួយសង្គ្រោះ​ដល់​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114