ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ជំទាវ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៅ​ក្រុងភ្នំពេញ​ នៅតែ​ព្យាយាម​រំលោភបំពាន​យក​ដី​ប្រជាពលរដ្ឋ​​​៤២​គ្រួសារ នៅ​តំបន់​ពយ​ម៉ា​ចូ​វ​

ព្រះសីហនុ ​៖​ លោក​ជំទាវ ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​គិត​ថា​ខ្លួន​មាន​អំណាច ​មាន​ឥទ្ធិពល បើ​ទោះ​ជា​បាន​ដឹង​យ៉ាង​ច្បាស់​ថា ដី​របស់​ខ្លួន នៅ​ឯ​ភូមិ​ចំណោទ​រាម មាន​គម្លាត​ពី​ដី​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ​នៅ​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ប្រមាណ​៦​គីឡូម៉ែត្រ​ក៏ដោយ​ ក៏​លោកជំទាវ​រូប​នោះ​នៅតែ​ព្យាយាម​ប្រើ​អំណាច​របស់​ខ្លួន​ប្ដឹង​ផ្ដល់​ប្រជាពលរដ្ឋ​ទាំង​កំរោល​ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ណា​យក​ដី​ទំនាស់​នោះ​ឲ្យ​បាន​ ជាហេតុ ធ្វើ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​ បង្ក​​ការ​លំបាក​គ្រប់​បែប​យ៉ាង​ដល់​ ប្រជាពលរដ្ឋ ក្រីក្រ គ្មាន​ទី​បញ្ចប់។

លោក​មា​ច ចាន់ មេឃុំ បិត​ត្រាំ​ង បាន​ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ និង លោកជំទាវ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​លោក នូវ ដឿ​ន ជា​គណៈកម្មការ ​អាចារ្យ​វត្ត​អូរត្រេះ ជា​តំណាង​នោះ ក្រោយពី​​ប្រជាពលរដ្ឋ ដាក់​ការ​ស្នើសុំ ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ​រួម​នឹង​មន្ត្រី អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ជាក់​ស្តែង ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់ ប័ណ្ណ​កម្មសិទ្ធិ ដែល​លោក ជំទាវ មាន និង​ដី​ប្រជាពលរដ្ឋ ចំនួន​៤២​គ្រួសារ កន្លងទៅនេះ មន្ត្រី​ជំនាញ អះអាងថា រវាង​ដី​ប្រជាពលរដ្ឋ និង​ដី​លោក ជំទាវ​នោះ មិន​ពាក់ព័ន្ធ​គ្នា​ទេ គឺ​ដី​កម្មសិទ្ធិ​លោក ជំទាវ​នោះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ចំណោទ​រាម រីឯ​ដី​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ ស្ថិត ក្នុង​ភូមិ​គគីរ ដែល​មាន​​គម្លាត​ពី​គ្នា​ចំនួន​៦​គីឡូម៉ែត្រ​ណោះ​ ដូចនេះ​មានរឿង​អី​ត្រូវ​ទំនាស់​គ្នា​នោះ។

លោក នូវ ឌឿ​ន ដែលជា​តំណាង​ឲ្យ​លោក ជំទាវ​ឈ្មោះ អា​នី និង​ឈ្មោះ លោក ប៉ុន​រិ​ទ្ធ បាន​បញ្ជាក់​ថា ក្នុងនាម​លោក​ជា​អ្នកតំណាង​ម្ចាស់​កម្មសិទ្ធិ​ លោក ទាមទារ​តែ​អ្វី​ដែល​ជា​កម្មសិទ្ធិ​ពិត ស្រប​ទៅ​តាម​ច្បាប់​ប៉ុណ្ណោះ ទោះជា​ក្នុង​ប័ណ្ណ​កម្មសិទ្ធិ នោះ​បញ្ជាក់ថា ស្ថិតនៅ​ភូមិ ចំណោទរាម ក៏ដោយ ពីព្រោះ​ដី​នេះ​កាលពី​គាត់​ទិញ ម្ចាស់​ដី​ដើម​នៅ​ឆ្នាំ​២០០៨ បាន​បញ្ជាក់ ថា ​គឺ​ស្ថិត នៅ ចំណុច​ដែល​ប្រជាពលរដ្ឋ កំពុង​រស់នៅ​នេះ​តែម្តង ហើយ​សម្រាប់​ប្រជាពលរដ្ឋ ចំនួន​៤២​គ្រួសារ​ខាងលើនេះ​ដើមឡើយ​ មិនមាន​នរណា​ម្នាក់​រស់នៅ​ទីនេះ​ទេ​គឺមាន​តែ​ព្រៃ​ប៉ុណ្ណោះ។ ដូចនេះ​ការ​ទាមទា​របស់​គាត់ យក​ដី​នេះ​មកវិញ មានរឿង​អី​ខុស។ ចំពោះ ប័ណ្ណ​កម្មសិទ្ធិ ដែល​ខុស​ទីតាំង​នេះ​ លោក​នឹង​ឲ្យ​ជំនាញ​កែ​តាម​ក្រោយ​ក៏បាន​ដែរ។

លោក ឌី សុ​ភី នាយរង​រដ្ឋបាល​ព្រៃឈើ ជុំវិញ​ដី​ខាងលើនេះ លោក​បាន​បញ្ជាក់​ថា ទីតាំង​ដី​ដែល​កំពុង​ទំនាស់​នេះ វា​ជា​ដី​ស្ថិត ក្នុង​គម្រប​ព្រៃឈើ ឆ្នាំ​២០០២ ជា​ដី​របស់ រដ្ឋ ហើយ​សម្រាប់​ប័ណ្ណ​កម្មសិទ្ធិ​បើទោះជា ស្ថិតក្នុង​ចំណុច​នេះ ក៏​មិនមាន ​សុពលភាព​ប្រើប្រាស់ នោះដែរ សរុប​សេចក្ដី​មក​ ភាគី​ទាំងសងខាង ដែល​កំពុង​ទំនាស់​គ្នា​នេះ គឺ​ទំនាស់​លើ​ដី​រដ្ឋ។

ដោយឡែក លោក ផៃ ប៊ុន​វ​ណ្ណៈ ​ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សម្របសម្រួល បានអោយដឹងថា ដោយសារតែ​ភាគី​ទាំង​សងខាង​សុទ្ធ​​​តែមាន​អំណះអំណាង​រៀងៗ​ខ្លួន លោក នឹង​យក​សំណុំ​រឿង​នេះ​ទៅ​ពិភាក្សា​គ្នា ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ឋ ឯកឧត្តម​អភិបាលខេត្ត និង ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត​ដើម្បី​ប្រជុំ​វាយតម្លៃ ​ហើយ​ការសម្រេច​យ៉ាងណា​នោះ ​នឹង​ដឹង​នៅ​ពេល ក្រោយ ប៉ុន្តែ​​នៅ​ចំពោះ​មុខ ​សូម​ភាគី​ទាំងសងខាង មេត្តា ធ្វើការ​សម្របសម្រួល​ គ្នា ឲ្យ​អស់​លទ្ធភាព​សិន​ទៅ មុន​ឈាន​ដល់​ការ​ប្តឹងផ្តល់។

ជុំវិញ​បញ្ហា​នេះ ប្រជាពលរដ្ឋ ចំនួន​៤២​គ្រួសារ សង្ឃឹមថា ពួក​គាត់ ​នឹង​ទទួល​បាន ភាព​យុត្តិធម៌​ ពីព្រោះ​ពួកគាត់​ រស់​នៅ​លើដី​រដ្ឋ ដូចនេះ​អ្វីៗ​ទុក​ឲ្យ​រដ្ឋ ជា​អ្នក​សម្រេច ប៉ុន្តែ​បើ​ការ​សម្រេច​យក​ដី​របស់​ពួកគាត់​ទៅ​ឲ្យ​បុគ្គល​ឯកជន គឺ​ពួកគាត់​មិន​ព្រម​ដាច់ខាត គឺ​សុខចិត្ត ស្លាប់ នៅ​លើ​ដី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114