ព័ត៍មានទាន់​ហេតុការណ៏
Search

១៥​ប្រទេស ​ចូលរួម​សន្និសីទ​អន្តរជាតិ ស្ដីពី «​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក​ ៖ វប្បធម៌ ប្រវត្តិ​ និង​មោទ​ក​ភាព​»

​សៀមរាប ៖ មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ​បានរៀបចំ​សន្និសីទ​អន្តរជាតិ​មួយ ស្តីពី «​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក​ ៖ វប្បធម៌ ប្រវត្តិ ​និង​មោទកភាព​» ក្នុង​គោលបំណង​ផ្តល់​ឱកាស​ដល់​បញ្ញវន្ត​ និង​អ្នកស្រាវជ្រាវ​ក្នុង​តំបន់​ និង​ពិភពលោក សម្រាប់​ចែករំលែក​ចំណេះដឹង បទ​ពិសោធន៍ ​និង​ទស្សនៈ​ទៅលើ​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក និង​ដើម្បី​លើកកម្ពស់ និង​ជំរុញ​ឲ្យ​មាន​ភាព​សុខដុមរមនា ភាព​ថ្កុំថ្កើង​នៃ​អារ្យធម៌​របស់​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

សន្និសីទ​អន្តរជាតិ​នេះ​ បាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ពី​សំណាក់​អ្នកស្រាវជ្រាវ​ជាតិ និង អន្តរជាតិ​ប្រមាណ​១០០​នាក់ ដែល​បាន​ប្រព្រឹត្តធ្វើ​ឡើងទៅ​ចាប់​ថ្ងៃទី​២០-២១ ខែធ្នូ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​អង្គរ​សេន​ជូ​រី ក្រុង​សៀមរាប ខេត្តសៀមរាប​។ ​វាគ្មិន​អញ្ជើញ​ចូលរួម​មកពី​១៥​ប្រទេស រួមមាន កម្ពុជា ថៃ វៀត​ណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សិង្ហបុរី កូរ៉េ ចិន ជប៉ុន អង់គ្លេស សហរដ្ឋ​អាមេរិក បារាំង ស្វីស សរុប​១១០​រូប​។​

អង្គ​សន្និសីទ​នឹងមាន​ការពិភាក្សា​ផ្តោះ​ប្តូរ​យោបល់​គ្នា​រវាង​វាគ្មិន និង​អ្នកចូលរួម​ទាំងអស់ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សន្តិភាព និង​ភាព​សុខដុមរមនា ដើម្បី​រក្សា​នូវ​សេចក្តី​សុខក្សេមក្សាន្ត​រប​ស់​ប្រជាជន​ទាំង​ក្នុង​តំបន់​អាស៊ាន អាស៊ី​ប៉ាស៊ីហ្វិក និង​ពិភពលោក ក្រោម​ស្ថានភាព​វប្បធម៌​ នៃ​បណ្តា​ប្រជាជាតិ​ផ្សេង​ពីគ្នា នា​សម័យ​បច្ចុប្បន្ន​នេះ​។

ក្នុង​អង្គ​សន្និសីទ​ដ៏​មាន​អត្ថន័យ​នេះ រាជបណ្ឌិត្យសភាកម្ពុជា មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា សាស្ត្រា​ចារ្យ បណ្ឌិត អ្នកស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ជា​វាគ្មិន​ទាំង​១៥​ប្រទេស នឹង​ចែករំលែក​ចំណេះដឹង​ជា​លទ្ធផល​ នៃ​ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ នា​សម័យ​សមាហរណកម្ម​តំបន់​នេះ បាន​យ៉ាង​ល្អប្រសើរ​ជាក់​ជាមិនខាន​។​

សន្និសីទ​អន្តរជាតិ​លើក​ទី​១៤​នេះ នឹង​ផ្តល់​វិភាគទាន​ដ៏​មានតម្លៃ​ចំពោះ​វិស័យ​វប្បធម៌ ក្នុង​តំបន់​ ក៏​ដូចជា​ពិភពលោក នា​ដំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន និង​អាស៊ី​ប៉ាស៊ីហ្វិក នា​ឆ្នាំ​២០១៨ ដោយ​ផ្តោត​ការពិភាក្សា​លើ​ខ្លឹមសារ​ប្រធានបទ​ចម្បង​ស្តីអំពី វប្បធម៌ ប្រវត្តិ និង​មោទកភាព និង​ប្រធានបទ​រង​ចំនួន​បី​គឺ ១-​ទំនើបកម្ម​អភិបាលកិច្ច​នៃ​វប្បធម៌។ ២-​បញ្ហា​ប្រឈម​នៃ​សកលភាវូបនីយកម្ម​វប្បធម៌​ និង​ទី​៣-​ការ​លើកកម្ពស់​បេតិកភណ្ឌ​ពិភពលោក​៕