ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​សុខាភិបាល​ ណែនាំ​ដល់​ស​.​វ​.​ស ខិតខំ​ថែរក្សា​ឲ្យបាននូវ​កេរ្តិ៍ឈ្មោះ​ឧត្ដមភាព ​និង​ឈានមុខ​គេ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល​

​ភ្នំពេញ ​៖​ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​ណែនាំ​ដល់​សាកលវិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(​ស​.​វ​.​ស​)​ បន្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី​ឲ្យ​មាន​ភាព​អនុលោម​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ និង​ខិតខំ​ថែរក្សា​ឲ្យ​បាន​នូវ​កេរ្តិ៍ឈ្មោះ​ឧត្ដមភាព ​និង​ឈាន​មុខ​គេ​របស់​សាកលវិទ្យាល័យ​សម្រាប់​ការបណ្តុះបណ្តាល ការស្រាវជ្រាវ និង​ការផ្តល់សេវា​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​សុខាភិបាល​។​

ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​សមិទ្ធផល​០៥ ឆ្នាំ​២០១៤-២០១៨ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល នៅ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​ស​អង្គរ នៅ​ខេត្ត​សៀមរាប ​កាលពី​ថ្ងៃទី​២៤​ ខែធ្នូ​ ឆ្នាំ​២០១៨ ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ បានលើកឡើង​ពី​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៦ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់​លើ​វិស័យ​សុខាភិបាល​។​

លោក​សាស្ត្រាចារ្យ​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បាន​អនុវត្ត​ការងារ​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុងការ​លើកកម្ពស់​គុណភាព បណ្ដុះបណ្ដាល ពង្រឹង​ការងារ​ស្រាវជ្រាវ ការផ្តល់សេវា និង​ការ​ធ្វើ​ទំនើបកម្ម​ផ្សេងៗ​។​

ជាមួយគ្នានេះដែរ​ លោក​សាស្ត្រាចារ្យ បាន​ណែនាំ​ដល់ ស​.​វ​.​ស ឲ្យ​បន្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី ឲ្យ​មាន​ភាព​អនុលោម​តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល ២០១៦-២០២០ និង​ខិតខំ​បន្ថែម​ទៀត ថែរក្សា​ឲ្យ​បាន​នូវ​កេរ្តិ៍ឈ្មោះ​ឧត្ដមភាព និង​ឈានមុខ​គេ​របស់​សាកលវិទ្យាល័យ​សម្រាប់​ការបណ្តុះបណ្តាល ការស្រាវជ្រាវ និង​ការផ្តល់សេវា​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ​សុខាភិបាល​។​
​ ​
ទាក់ទង​ទៅនឹង​សិក្ខាសាលា​ស្តីពី​សមិទ្ធផល ០៥ ឆ្នាំ ២០១៤-២០១៨ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នេះដែរ​ លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ សកលវិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​មានប្រសាសន៍ថា​សិក្ខាសាលា​ដែលមាន​រយៈពេល​ពីរ​ថ្ងៃ (២៤-២៥ ខែធ្នូ ឆ្នាំ​២០១៨)​នេះ​ធ្វើឡើង ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​សំខាន់ៗ​រប​ស់ស​.​វ​.​ស​ ដែល​សម្រេចបាន​គួរ​ជាទី​មោទនៈ និង​ដើម្បី​ពិភាក្សា​អំពី​ចំ​ណុច​អ្វីខ្លះ​ដែល​សវ​ស គួរ​កែលំអ និង សមិទ្ធផល​អ្វីខ្លះ​ទៀត​ដែល​ថ្នាក់ដឹកនាំ និង មន្ត្រី របស់​យើង​រំពឹង​ចង់ឃើញ​ស​.​វ​.​ស សម្រេច​បាន​បន្ថែម​ទៀត​ក្នុង​រយ​:​ពេល ៥ ទៅ​១០​ឆ្នាំ​ខាងមុខ​។​
​ ​
លោក​សកលវិទ្យាធិការ​សង្ឃឹមថា​ តាមរយៈ​សិក្ខា​សាល​២​ថ្ងៃនេះ ​សាកលវិទ្យាល័យ​វិទ្យាល័យ​សុខា​ភិបាល នឹង​អាច​រៀបចំ ផែនការ​យុទ្ធសាស្ត្រ​ថ្មី សម្រាប់​រយ​:​ពេល​៥​ឆ្នាំ​ទៅមុខទៀត ​បន្ទាប់ពី​សាកល​វិទ្យាល័យ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ២០១៤-២០១៨ ប្រកបដោយ​ភាពជោគជ័យ​រួចមក​។​
​ ​
គួរ​បញ្ជាក់ថា ​សិក្ខាសាលា​ស្តីពី​សមិទ្ធផល ០៥ ឆ្នាំ ២០១៤-២០១៨ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ទីប្រឹក្សា​ក្រសួងសុខាភិបាល លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប សកលវិទ្យាធិការ ថ្នាក់ដឹកនាំ និង​មន្ត្រី​-​បុគ្គលិក​ឆ្នើម ​ឆ្នាំ​២០១៨ របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សរុប​ប្រមាណ​៧០​រូប​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114