ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌ​សែន​សុខ​ កំពុង​ជួសជុល​ស្ថាបនា​ផ្លូវ​បេតុង ​ឆ្ពោះ​ទៅ​កាន់​ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​ ជូន​ពលរដ្ឋ​ប្រើប្រាស់​

ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ អំពី​ស្ថានភាព​ផ្លូវ​ខូចខាត បង្កឡើង​ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ​ជា​អ្នក​បំផ្លាញ ធ្វើ​ឲ្យ​លំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ បាន​កៀរគរ​រក​សប្បុរសជន ដើម្បី​ធ្វើការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​បេតុង​ឲ្យ​បាន​ល្អប្រសើរ សម្រាប់​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់។​

មន្ត្រី​សាលាខណ្ឌ​សែន​សុខ​ប្រាប់​ឲ្យ​ដឹងថា ផ្លូវ​បេតុង ដែល​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​កំពុងធ្វើការ​ជួស​ជុល និង​ស្ថាបនា នាពេលនេះ គឺ​ផ្លូវ​បេតុង​ឆ្ពោះទៅកាន់ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដោយ​ពិនិត្យឃើញ​អំពី​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ លោក ម៉ូ​វ ម៉ានិត អភិបាល ខណ្ឌ​សែន​សុខ បាន​កៀរគរ​រក​សប្បុរសជន ដើម្បី​ជួយ​ដោះស្រាយ ជួសជុល​ធ្វើ​យ៉ាង​ណា មិនឲ្យប្រជាពលរដ្ឋ​ជួប​ការលំបាក​នោះឡើយ។​

យោងតាម​ការបញ្ជាក់​ពី​ក្រុមការងារ​ដែល​កំពុង​បំពេញភារកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ផ្លូវ​បេតុង ដែល​អាជ្ញាធរ​កំពុងធ្វើការ​ជួស​ជុល និង​ស្ថាបនា នាពេលនេះ គឺ​ផ្លូវ​បេតុង​ឆ្ពោះទៅកាន់ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ប្រវែង​២០០​ម៉ែត្រ ក្រាល​សរសៃ​ដែក កម្រាស់ ០,១៥​ម៉ែត្រ ( ១​តឹក​កន្លះ )។ ចាប់ផ្ដើម​ស្ថាបនា កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ គ្រោង​នឹង​បញ្ចប់​ការងារ នា​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ ឬ ដើមខែ​មករា ឆ្នាំ​២០១៩ ខាងមុខនេះ។​

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក៏បាន​សំដែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង ដោយ​ឃើញ​អាជ្ញាធរ បាន​និង​កំពុង​ធ្វើការ​ជួសជុល​ស្ថាបនា ជូន​ពួកគាត់​ប្រើប្រាស់។ ពីព្រោះថា ផ្លូវ​បេតុង​ឆ្ពោះទៅកាន់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ​នេះ មានការ​ខូចខាត​ដោយ​កន្លែង បង្កឡើង​ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ​បើកបរ​ទៅមក​ជាប្រចាំ។ ប៉ុន្តែ​រហូត​ពេលនេះ ពួកគាត់​ប្រហែល​លែង​លំបាក​ដូច​មុន​ទៀតហើយ ដោយ​បាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​ លោក ម៉ូ​វ ម៉ានិត បាន​និង​កំពុងធ្វើការ​ជួសជុល ស្ថាបនា ជូន​ពួកគាត់​ប្រើប្រាស់៕