ព័ត៍មានទាន់​ហេតុការណ៏
Search

សៀវ ង៉ុ​យ និង ពុទ្ធ ភា​រិន្ទ , សេក គឹម​សាន្ត និង ធន់ អៀង​ឡៃ តើន​រណា​ឈ្នះ​? ​

ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក TV5 Boxing Knock Out Series by K.cement ទម្ងន់​៥៧​គីឡូក្រាម នៅ​ថ្ងៃ​ចុង​សប្តាហ៍​នេះ ជាការ​ប្រកួត​លើក​ទី​២ ក្នុង​ជម្រុះ​ជុំ​ទី​២ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដែល​ឆ្លង​ផុតពី​ដំណាក់កាល​ទី​១​មក ដើម្បី​ប្រជែង​យក​កៅអី​សម្រាប់​ជុំ​ទី​៣ ដែលជា​វគ្គ​៨​នាក់​ចុងក្រោយ​នោះ​។​

សម្រាប់​ការប្រកួត​ជម្រុះ​លើក​ទី​២ ក្នុង​ជុំ​ទី​២​នេះ TV5 នឹង​លើក​សង្វៀន​ទៅធ្វើ​ការប្រកួត​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល គឺ​នៅ​យប់​ថ្ងៃទី​៣១​ធ្នូ​២០១៨ នៅ​តំបន់​អភិវឌ្ឍ​លី​យ៉ុង​ផាត់​សង្កាត់​ព្រែក​តាសេក​ខណ្ឌឫស្សីកែវ ដែលជា​កន្លែង​ប្រារព្វ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​និង​ឆ្លង​ឆ្នាំ​សាកល​នោះ ។

​ការប្រកួត​លើក​ទី​២​ជុំ​ទី​២​នេះ ជាការ​ជួបគ្នា​រវាង​សៀវ ង៉ុ​យ អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ជាមួយនិង​ពុទ្ធ ភា​រិន្ទ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ហើយ​មួយគូ​ទៀត​នោះ ជា​ការជួប​ប្រកួត​រវាង​សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង ធន់ អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ​រវាង​សៀវ ង៉ុ​យ និង ពុទ្ធ ភា​រិន្ទ ពួកគេ​ទាំងពីរ​ម្នាក់​ជា​អ្នក​ប្រដាល់​ជើងចាស់​និង​ម្នាក់ទៀត​ជា​អ្នក​ប្រដាល់​ជើង​ថ្មី ដែល​កន្លងមក​មិន​ធ្លាប់​ដែល​ជួបគ្នា​ទេ ។

​កាលពី​ក្នុង​ជុំ​ទី​១ សៀវ ង៉ុ​យ គេ​វាយ​ឈ្នះ​នួន រ៉ា​ថេ​ន អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ខេត្តព្រៃវែង ដោយ​ពិន្ទុ ។ ឯ ពុទ្ធ ភា​រិន្ទ គេ​វាយ​ឈ្នះ​ថាំង ឌី​ណា អ្នក​ប្រដាល់​ស្រករ​ក្រោយ​ក្លិប​អាណាចក្រ​ប្រយុទ្ធ​ខេត្តសៀមរាប ក្នុង​ទឹក​ទី​១ ។​
​សម្រាប់​ការជួបគ្នា​រវាង​សៀវ ង៉ុ​យ និង ពុទ្ធ ភា​រិន្ទ នេះ តាម​កា​រស​ន្និ​ដ្ឋា​និង​ទស្សន៍ទាយ​មុន​នោះ គឺ​សៀវ ង៉ុ​យ ច្បាស់​ជា​ស៊ី​ពុទ្ធ ភា​រិន្ទ ផុយ​ហើយ ព្រោះ​សៀវ ង៉ុ​យ​ជា​កីឡាករ​ប្រដាល់​លំដាប់​លើ​ពុទ្ធ ភា​រិន្ទ ពោល​រវាង​អ្នក​ប្រដាល់​ទាំងពីរ​គឺមាន​កំរិត​សមត្ថភាព​បច្ចេកទេស​ខុសគ្នា​ដាច់​តែម្តង ដោយ​សៀវ ង៉ុ​យ ល្អ​និង​ខ្លាំង​ជាង ។ ដូច្នេះ ចាំមើល តើ​សៀវ ង៉ុ​យ អាច​យកឈ្នះ​ពុទ្ធ ភា​រិន្ទ បាន​មែនឬ​អត់ ? ។​
​ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ ក៏​ប្រកួត​តែ​បី​ទឹក​ដូច​ក្នុង​ជុំ​ទី​១​ដែរ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង និង អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ហាវ​អាវ ។​

​ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង សេក គឹម​សាន្ត អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ​ខេត្តសៀមរាប និង ធន់ អៀង​ឡៃ អ្នក​ប្រដាល់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។ ពីរ​នាក់​នេះ ក៏​មិន​ធ្លាប់​ប៉ះគ្នា​ដែរ​កន្លងមក ។
​សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ ? តែ​យ៉ាងណា សេក គឹម​សាន្ត គេ​មាន​កលល្បិច​និង​បទពិសោធន៍​លើ​រេញ​ច្រើនជាង​ធន់ អៀង​ឡៃ ។ ប៉ុន្តែ​គឹម​សាន្ត ក៏​មិនអាច​ធ្វេសប្រហែស​ឬ​មើលស្រាល​អៀង​ឡៃ បានដែរ ព្រោះ​ធន់ អៀង​ឡៃ នេះ គេ​ក៏​វាយ​ខ្លាំង​និង​ល្អ​ដែរ និយាយ​រួម​ពីរ​នាក់​នេះ គឺ​ត្រូវ​មានការ​ប្រយ័ត្ន​រៀងៗ​ខ្លួន​។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ ទោះជា​អ្នកណា​ឈ្នះ ក៏​ឈ្នះ​ដោយ​វេទនា​ដែរ ។​

​កាលពី​ប្រកួត​ក្នុងដំណាក់កាល​ទី​១​នោះ សេក គឹម​សាន្ត គេ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ​ដោយសារ​ដៃគូ​(​កំពែង ខ្មៅ​)​រក្សា​ទម្ងន់​មិនបាន ពោលគឺ​លើស​ទម្ងន់​កំណត់ ទើប​គណៈកម្មការ​បច្ចេក​ទេស​អោយ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ។ ឯ ធន់ អៀង​ឡៃ ជុំ​ទី​១​គេ​វាយ​ឈ្នះ​អេ​រ៉ា​វ៉ាន់ ចាន់​រាជ ក្លិប​កុសល​កីឡា ដោយ​ពិន្ទុ ។ ចាំមើល ក្នុង​ជុំ​ទី​២ រវាង សេក គឹម​សាន្ត និង ធន់ អៀង​ឡៃ នេះ តើន​រណា​ឈ្នះ​បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះ​? ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114