ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម ឡេង​លី ជួប ចែត​ស្យ៉ា​ម ឯ ចាន់ ប៊ុន​ហឿន ជួប ថេត រ៉ាវី នៅ​សង្វៀន​ស្ទឹងមានជ័យ

អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដែល​កំពុង​ឡើង​កូដ ឯម​ឡេង​លី ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ចែត​ស្យ៉ា​ម ស៊ិត​ចេ​មៀរ (Chet Siam Site Chamear) នា​យប់​ថ្ងៃ​សុក្រ​ទី​២៨​ធ្នូ​២០១៨​នេះ​នៅលើ​សង្វៀន​បាយ័ន​ស្ទឹង​មា​នេ​ជ័យ ។ ពួកគេ​ទាំងពីរ ជួប​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៧០​គីឡូក្រាម ។

ចែត​ស្យ៉ា​ម ជា​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក​។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​សមត្ថភាព​ខ្លាំងក្លា និង​ជា​ម្ចាស់​ខ្សែក្រវាត់​ថែមទៀត ។​
​មិនធម្មតា​ទេ យក​ម្ចាស់​ខ្សែក្រវាត់​មកជួប​ជាមួយ​ឯម ឡេង​លី​បែបនេះ ក៏​ព្រោះតែ​ឡេង​លី​គេ​ខ្លាំង​និង​វាយ​ឈ្នះ​ថៃ​សឹងតែ​គ្រប់​ថៃ​ដែល​មកជួប​ទៅហើយ ។ ចាំមើល តើ​ឯម​ឡេង​លី អាច​យកឈ្នះ​ចែត​ស្យ៉ា​ម បាន​ទៀត​ឬ​អត់​លើក​នេះ ?

យ៉ាងណា ចែត​ស្យ៉ា​ម ជា​ជើង​ខ្លាំង​និង​ជា​ម្ចាស់​ខ្សែក្រវាត់​នៅ​ស្រុកថៃ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧៣​លើក ឈ្នះ​៦១​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ ​នេះ​បើតាម​ប្រវត្តិ​ប្រកួត​របស់​ចែត​ស្យ៉ា​ម។

ឯម ឡេង​លី មាន​កំណត់​ត្រា​ប្រកួត​តែ​៥១​លើក ឈ្នះ​៤២​លើក ចាញ់​០៨​លើក ស្មើ​០១​លើក​ក៏ដោយ ក៏​មិនទាន់​ប្រាកដថា គេ​ចាញ់​ចែត​ស្យ៉ា​ម​នោះ​ដែរ ។ ឡេង​លី​ឥឡូវ គេ​មាន​ទិច​និ​ច​ប្រកួត​ខ្ពស់ជាង​មុន។

ទោះជា​យ៉ាងណា ឯម​ឡេង​លី មិនអាច​ធ្វេសប្រហែស​ឬ​មើលងាយ ចែត​ស្យ៉ា​ម បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ មិន​ខ្សោយ​ជាង​អ្នក​មក​មុនៗ​នោះទេ នេះ​បើ​តាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​ឲ្យ​ដឹង​នោះ។ ហើយ​យ៉ាងណា ចែត​ស្យ៉ា​ម ក៏​មិនទាន់​ប្រាកដ​ថា អាច​ឈ្នះ ឯម ឡេង​លី បានដែរ ព្រោះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​របស់​កម្ពុជា​រូបនេះ មិន​សាមញ្ញ​នោះទេ ព្រោះ​គេ​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​របស់​ថៃ​ច្រើន​រូប​ហើយ។

ចាំមើល ឯម ឡេង​លី និង ចែត​ស្យ៉ា​ម តើន​រណា​ឈ្នះ នៅក្នុង​ការជួបគ្នា​លើកដំបូង​នេះ ? ឯម ឡេង​លី គេ​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ បាន​វាយ​អ្នក​ប្រដាល់​ថៃ វ៉ាន់ ពី​យ៉ាក់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​១៥​ធ្នូ​កន្លងទៅនេះ។

ចំពោះ ចាន់ ប៊ុន​ហឿន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ដែរ គឺ​ថេត រ៉ាវី សន​ស៊ិត​មួយ​ថៃ​ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម ។​
ចាន់ ប៊ុន​ហឿន ជា​ជើងឯក​រង​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ទម្ងន់​៦០​គីឡូក្រាម ។ ជួប​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​នេះ គេ​បាន​ផ្តួល​យកឈ្នះ​អ្នក​ប្រដាល់​ឡាវ​ឈ្មោះ​ណាំ​ផេ​ត ឆ​.​ឆេ​ម​ពា​ន្ត ក្នុង​ទឹក​ទី​៣ កាលពី​ថ្ងៃទី​០២​ធ្នូ​កន្លងទៅនេះ ។ ជា​លើក​ទី​២៩ របស់​ប៊ុន​ហឿន​ហើយ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នេះ​។ ប៊ុន​ហឿន ប្រកួត​ជាមួយ​ថៃ​២៨​លើក​កន្លងមកនេះ គឺ​ឈ្នះ​១៩​លើក ចាញ់​០៧​លើក និង​ស្មើ​០២​លើក។

ថេត រ៉ាវី ដែលជា​គូ​របស់​ចាន់ ប៊ុន​ហឿន​នេះ មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះឡើយ ពីមុនមក ។ អ្នក​ប្រដាល់​ថៃ​នេះ ជា​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​ប្រចាំ​នៅ​ស្រុកថៃ​។ ឆ្លងកាត់​ការប្រកួត​៦៥​លើក ថេត រ៉ាវី វាយ​ឈ្នះ​៥២​លើក ចាញ់​១២​លើក និង​ស្មើ​០១​លើក​។

ចាន់ ប៊ុន​ហឿន គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៧​លើក និង​ចាញ់​១០​លើក និង​ស្មើ​០២​លើក ។ ប៊ុន​ហឿន​គេ​មាន​ថ្វី​កែង​និង​ជង្គង់​ល្អ​ណាស់ តែ​យ៉ាងណា​ការ​ឈ្នះ​ចាញ់​រវាង​ចាន់ ប៊ុន​ហឿន និង ថេត​រ៉ាវី នេះ ពុំមាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះទេ ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114