ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​គំរូ ចិញ្ចឹម​មាន់​ស្រែ​ និង​ជន្លេន​ក្រហម​ បែប​សាមញ្ញ ក្នុង​ស្រុក​កំពង់លែង​ ទទួល​បាន​ជោគ​ជ័យ ​

កំពង់ឆ្នាំង​ ៖ លោក ម៉ក ថា អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង គឺជា​កសិករ​គំរូ​ម្នាក់​ដែល​ចាប់យក​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ និង​ជន្លេន​ក្រហម​តាមបែប​សាមញ្ញ ទៅតាម​ធនធាន​របស់គាត់ ដោយ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំនេះ ការចិញ្ចឹម​មាន់​ស្រែ​បាន​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ ដោយបាន​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​បាន​ធូរធារ និង​ឲ្យ​កូនស្រី​របស់គាត់​រៀនសូត្រ​ដូច​ក្តី​បំណង ។​

ទាក់ទង​នឹង​ការចិញ្ចឹម​មាន់​ស្រែ​នេះ លោក ម៉ក់ ថា នៅ​ព្រឹក​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០១៨​នេះ​បាន​និយា យឲ្យ​ដឹងថា​ គាត់​បាន​ចាប់​មុខរបរ​ចិញ្ចឹម​មាន់​ស្រែ និង​ចិញ្ចឹម​ជន្លេន​ក្រហម​មាន​រយៈពេល​ជាង​២​ឆ្នាំ​មកហើយ ដោយសារតែ​គាត់​ខ្វះ​ធនធាន​ទើប​គាត់​ចាប់យក​មុខរបរ​ចិញ្ចឹម​មាន់​បែប​សាមញ្ញ​នេះ។

សព្វថ្ងៃនេះ​គាត់​បានធ្វើ​ទ្រុងមាន់​តូច​មួយ​នៅក្នុង​លំនៅដ្ឋាន ដោយបាន​ចិញ្ចឹម​មេមាន់​ស្រែ​ចំនួន​៣០ ក្បាល​ ឲ្យ​វា​ក្រាប​ពង​ធម្មតា​បែប​ធម្មជាតិ រយៈពេល​២១​ថ្ងៃ​ កូន​មាន់បាន​ញាស់​ពី​៤០០ ​ទៅ​៥០០​ក្បាល គាត់​បាន​ចាប់​បំបែក​វា​មក​ដាក់​ក្នុង​ទ្រុង​សំណាញ់ ថែបំប៉ន​ឲ្យ​ចំណី​ស៊ី​ពិសេស​គឺ​ជន្លេន​ក្រហម ដែល​កូន​មាន់​ស៊ី​ឆាប់​ធំធាត់​ល្អ​ណាស់ ហើយ​ក្នុង​រយៈពេល​តែ​១​អាទិត្យ គាត់​បាន​ចាប់កូនមាន់​ទាំង​នោះ​លក់​ទៅ​ឲ្យ​អតិថិជន ដែល​មក​កុម្ម៉ង់​ទិញ ដោយ​កូន​មាន់​មួយ​ក្បាល​លក់​ថ្លៃ​៤.០០០រៀល បើ​កូន​មាន់​មាន​អាយុ​១៥​ថ្ងៃ លក់បាន​មួយ​ក្បាល​ថ្លៃ៥.០០០​រៀល ដោយ​ក្នុង​១​ខែៗ​គាត់​អាច​រកចំណូលបាន​ប្រមាណ​ពី​៣០០ ​ទៅ​៤០០​ដុល្លារ ក្នុង​ការ​ភ្ញាស់​កូន​មាន់​លក់​។ ចំណែក​មាន់​សាច់​វិញ​ គាត់​មាន​ប្រមាណ​១០០​ក្បាល ​ដោយ​ត្រូវ​ចិញ្ចឹម​វា​រយៈពេល​៣​ខែ គឺ​មាន់​១​ក្បាល​វា​អាចមាន​ទម្ងន់​២​គីឡូ ទៅ​២​គីឡូ​កន្លះ ដោយ​លក់​បាន​ថ្លៃ​១៧.០០០​រៀល​ ក្នុង​១​គីឡូ។​

លោក ម៉ក់ ថា បាន​ឲ្យ​ដឹង​ទៀតថា​ ទិសដៅ​របស់គាត់​ត្រូវ​ចិញ្ចឹម​មេមាន់​ឲ្យ​បាន​២០០​ក្បាល ​ដែល​វា​អាច​ផ្ដល់​កូន​មាន់​ឲ្យ​​គាត់​ក្នុង​មួយ​ខែ​ប្រមាណ​១៥.០០០​ក្បាល។ ចំណែក​មាន់​សាច់​វិញ គាត់​នឹង​ចិញ្ចឹម​ឲ្យ​បាន​ពី​៣០០​ ទៅ​៤០០​ក្បាល សម្រាប់​ទុក​លក់​ក្នុង​រដូវ​ចូល​ឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ ក្នុង​ពេល​ខាង​មុខ​នេះ ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន។​

ដោយឡែក​ គាត់​ក៏​មិន​ចោល​មុខរបរ​ចាស់ គឺ​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​ពូជ​មកពី​ប្រទេស​អូស្ត្រាលី​នោះ​ឡើយ ព្រោះ​ជន្លេន​ក្រហម​នេះ​ងាយស្រួល​ចិញ្ចឹម​ណាស់ ដោយ​គ្រាន់តែ​យក​អាចម៍គោ​ស្រស់​យក​មក​ដាក់​ក្នុង​ធុង​ស្នោ​ ហើយ​យក​ពូជ​ជន្លេន​ក្រហម​តែមួយ​គីឡូ​ដាក់​នៅ​ក្នុង​ធុង​ស្នោ​នោះ​ចិញ្ចឹម​ស្រោច​ទឹក​ថែទាំ​ជា​រៀងរាល់ថ្ងៃ​ទៅ គឺ​មាន​រយៈពេល​ពី១ខែ​ ទៅ២ខែ ជន្លេន​ក្រហម​កើតកូន​កើត​ចៅ​ក្នុង​ធុង​ស្នោ បាន​ទទួល​ផល ពី​២០​គីឡូ​ ទៅ​៣០​គីឡូ ដែល​អាច​លក់បាន​ក្នុង​១​គីឡូ​ថ្លៃ​១០.០០០​រៀល និង​ជា​ចំណី​ពិសេស​របស់​កូន​មាន់ និង​មាន់​សាច់ ឲ្យ​វា​ស៊ី​ឆាប់​ធំធាត់ និង​គ្មាន​ជំងឺ​ដង្កាត់​អ្វី​យាយី​ពួកវា​ឡើយ ។​

លោក សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​កំពង់លែង​បាន​និយាយ​ឲ្យ​ដឹង​ថា ​៖ នៅក្នុង​ស្រុក​កំពង់លែង​ បច្ចុប្បន្ន​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ខ្នាត​តូច​ចំនួន​១០​កន្លែង ដែលមាន​ការរីកចម្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ដោយឡែក លោក ម៉ក់ ថា គឺជា​កសិករ​គំរូ​ទី​១​ ដែល​បាន​ចាប់ផ្ដើម​ចិញ្ចឹម​មាន់​បែប​លក្ខណៈ​គ្រួសារ​មុនគេ​បង្អស់ និង​បច្ចុប្បន្ន​គាត់​ក្លាយ​ជា​គ្រូ និង​ជា​កសិករ​គំរូ​ខាង​ចិញ្ចឹម​មាន់ និង​ចិញ្ចឹម​ជន្លេន​ក្រហម ដែលមាន​អតិថិជន​ជាច្រើន​ក្នុងស្រុក និង​ក្រៅ​ខេត្ត បាន​គាំទ្រ​ និង​ជួយ​ទិញ​កូន​មាន់ និង​ជន្លេន​ក្រហម របស់គាត់​មិន​ដាច់​ឡើយ ដែល​ធ្វើឲ្យ​គាត់​ទទួលបាន​ជោគជ័យ ក្នុង​មុខរបរ​ដែល​អាច​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ និង​បាន​ជួយឧបត្ថម្ភ​កូនៗ​រៀនសូត្រ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ ៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114