ព័ត៍មានទាន់​ហេតុការណ៏
Search

ពលរដ្ឋ​ខេត្ត​ស្វាយរៀង ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ ជួយ​ជីក​ស្តារ​ប្រឡាយ​ធ្វើ​ផ្លូវ​ ខណៈ​​រាជរដ្ឋាភិបាល​កម្ពុជា​-វៀតណាម​ កសាង​បង្គោល​ព្រំដែន​មាន​សន្តិភាព​

​ស្វាយរៀង ​៖​ ខណៈដែល​ព្រំដែន​មាន​ស្ថិរភាព សន្តិសុខ​ល្អ ពលរដ្ឋ​មាន​ការវិវឌ្ឍន៍​ នៃ​ជីវភាព និង​សេដ្ឋកិច្ច ជំរុញ​ដល់​ការ​ផ្លាស់ប្ដូរ​ពី​ការរស់នៅ​ប្រមូលផ្ដុំ ក្នុងភូមិ ឆ្ពោះទៅរក​ការរស់នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន គប្បី​ផ្នែក​ពាក់ព័ន្ធ​គួរ​ពិចារណា​កសាង​ហេដ្ឋារចនាសម្ពន្ធ​រូបវន្ត ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​ពលរដ្ឋ ​ជា​ការ​ចាំបាច់ ​បើ​មានលទ្ធភាព ពីព្រោះ​អ្នក​ទាំងនោះ ហើយ​ដែល​ជា​អ្នក​ស្នេហា​ជាតិ និង​ទឹកដី​ពិត។​

តំណាង​ពលរដ្ឋ រស់នៅ​អាស្រ័យ​ផល​លើ​វិស័យ​កសិកម្ម តាម​ប្រប​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា-វៀត​ណាម ក្នុងភូមិ​គោក​តែ​ក ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បាន​សំដែង​នូវ​ការ​សប្បាយ​រីករាយ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន​បាន​កសាង​បង្គោល​ព្រំដែន មាន​សន្តិភាព​នៅទីនេះ​ បាន​ជំរុញឲ្យ​ពលរដ្ឋ​មាន​ជំនឿ​ និង​បម្លាស់ទី​មក​រួម​រស់នៅ​ប្រប​នឹង​បន្ទាត់​ព្រំដែន​ជុំវិញ​ខាងលើនេះ ​ខ្ញុំ​សុំ​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ជួយ ជួស​ជុល​ផ្លូវ និង​ជីក​ប្រឡាយ​មួយ​ខ្សែ ដើម្បី​ប្រើប្រាស់ ខណៈ​ដែល​ពលរដ្ឋ​ក្នុងភូមិ​ជាង​១០​គ្រួសារ បាន​ទៅ​រស់​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ជួប​កង្វះខាត​ផ្លូវ ​ទំនាក់ទំនង​គ្មាន​នៅ​ពេល​មាន​បញ្ហា​ម្ដងម្កាល ពិសេស​ជួប​កង្វះ​ទឹក​បង្កបង្កើនផល​ដាំ​ដំណាំ​នៅ​រដូវប្រាំង។​

ស្រដៀង​គ្នា​ដែរ​ លោក ប៊ូ សុវណ្ណ គណៈកម្មការ​អាចារ្យវត្ត ភូមិ​គោក​តែ​ក​បាន​បញ្ជាក់​ដោយ​មោទនភាព​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ថា ដើមឡើយ​នៅ​តំបន់​មួយ​នេះ​មិនមាន​ការអភិវឌ្ឍន៍​ដូច​ពេលបច្ចុប្បន្ន ពិសេស​បញ្ហា​សន្តិសុខ​ព្រំដែន ធ្វើឲ្យ​ពលរដ្ឋ​មាន​ជំនឿ ​និង​ធ្វើការ​បម្លាស់ទី​ទៅ​រស់នៅ​ព្រំដែន​ដូច​អ្នកភូមិ​ខ្ញុំ​ជាង​១០​គ្រួសារ​ជា​សក្ខីភាព។​

សូម​បញ្ជាក់​ថា ខេត្ត​ស្វាយរៀង ​ជា​ខេត្ត​មួយ​ដែល​ពលរដ្ឋ​ជាង​៩០​ភាគរយ ធ្វើស្រែ​ដាំ​ដំណាំ និង​ចិញ្ចឹម​សត្វ ក្នុងការ​អភិវឌ្ឍន៍​គ្រួសារ​មូលដ្ឋាន។

នៅក្នុង​ឆ្នាំ​២០១៧-២០១៨ នេះ​ កសិករ រួម​នឹង​ការ​គួបផ្សំ​ទៅ​នឹង​មន្ទីរ​ជំនាញ​ បាន​ជំរុញ​ផលិត​ស្រូវ បាន​ប្រមាណ​១០១​ភាគរយ ​នៃ​ផែនការ​ផលិត​ស្រូវ​ប្រចាំ​ឆ្នាំ​របស់​ខេត្ត ជិត​២​សែន​ហិកតា ដោយ​ទទួល​បាន​ទិន្នផល ពី ៣ ទៅ ៤ តោន​ ជាង​ក្នុង​មួយ​ហិកតា ដើម្បី​បម្រើ​ជីវភាព និង​អភិវឌ្ឍន៍​គ្រួសារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114