ព័ត៍មានទាន់​ហេតុការណ៏
Search

គ​.​ជ​.​ប មិនបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​ទេ​

ភ្នំពេញ ​៖ អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក សោម សូ​រី​ដា បាន​អះអាង​ថា មកដល់ពេលនេះ គ​.​ជ​.​ប មិនបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១៨​នាក់​នោះ​ទេ ហើយ​ការ​ដកហូត​សិទ្ធិ​បោះឆ្នោត​កន្លងមក មានតែ​ជនបរទេស​ដែល​ត្រូវ​បាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ដកហូត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ប៉ុណ្ណោះ​។

លោក សោម សូ​រី​ដា បាន​អះអាង​បែបនេះ ការឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន នៅក្នុង​កិច្ច ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តី​ពី​ការ​ផ្តល់​សុពលភាព និង​ការប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៨ និង​ចំនួន​ការិយាល័យ​បោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨​។

លោក សោម សូ​រី​ដា បញ្ជាក់​យ៉ាងនេះ​ថា “​ការ​ដកហូត​សិទ្ធិ​បោះឆ្នោត​នេះ សម្រាប់​តែ​ជន​បរទេស​ដែល​ត្រូវបាន​ខាង​អន្តោ​ប្រវេសន៍​ដកហូត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ហើយ​កន្លងមក​យើង​មានការ​ប្តឹង ឬ​ឯកសារយោង​ពាក់ព័ន្ធ​អន្តោ​ប្រវេសន៍ ដែល​ប្រើប្រាស់​ឯកសារ​ខុសច្បាប់​…​ដូច្នេះ​ចង់​បញ្ជាក់​ដែរ​ថា ១១៨​នាក់​មិន​ស្ថិតនៅក្នុង​ស្ថានភាព ដែល​ត្រូវបាន​ដកហូត​សិទ្ធិ​បោះឆ្នោត​នោះទេ គឺ គ​.​ជ​.​ប អត់​ដែល​បាន​ដកហូត​សិទ្ធិ​បោះឆ្នោត​របស់​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១១៨​ទេ”​។

សូម​បញ្ជាក់​ថា អតីត​ថ្នាក់ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​រូប ត្រូវ​បាន​តុលាការ​កំពូល​បាន​ប្រកាស​ហាម​ធ្វើ​សកម្មភាព​នយោបាយ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ជាមួយនឹង​ការប្រកាស​រំលាយ​គណបក្ស​របស់​ពួកគេ​ផង​ដែរ ហើយ​ក្នុងចំណោម​អ្នក​ទាំង​១១៨​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចង់​ទទួល​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ឡើងវិញ ត្រូវតែ​គោរព​សាលដីកា​របស់​តុលាការ​កំពូល ហើយ​ធ្វើ​ពាក្យសុំ​ត្រឹមត្រូវ​។ ចំណែក​អ្នក​ដែល​មិន​ទទួលស្គាល់​សាលដីកា​របស់​តុលាការ​កំពូល​ទេ គឺ​មិនអាច​ទទួល​បាន​ការ​លើក​លែង​បម្រាម​នេះ​បានទេ ហើយ​ក្រសួងមហាផ្ទៃ​មាន​ភារកិច្ច​រៀបចំ​បញ្ជី វាយតម្លៃ​លើ​អ្នក​ដែល​ធ្វើ​សកម្មភាព​ប្រឆាំង​សាលដីកា​របស់​តុលាការ​កំពូល និង​អ្នក​មិន​បាន​ធ្វើ​សកម្មភាព​ប្រឆាំង ដើម្បី​ដាក់​ជូន​នាយករដ្ឋមន្ត្រី​ទួល​ថ្វាយ​ព្រះមហាក្សត្រ​។

ការ​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​អតីតមន្ត្រី​គណបក្សប្រឆាំង​នេះ ធ្វើឡើង​តាមរយៈ​សេចក្តី​ស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី (​ស្ទួន​) ដែល​នឹង​ចូល​ជា​ធរមាន​នា​ពេល​ខាងមុខ​។ សេចក្តី​ស្នើច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា ៤៥​ថ្មី (​ស្ទួន​) នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ ធ្វើឡើង​ដោយ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៨៧​រូប និង​បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។

ទាក់ទង​បញ្ហា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​កាត់​សិទ្ធិ​ធ្វើ​នយោបាយ​មាន​ជម្រើស​៣​សម្រាប់​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ គឺ​ទី​១, ស្នើសុំ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផ្ទាល់ ទី​២,​លើក​សំណើ​ផ្ទាល់​ទៅ​នាយករដ្ឋមន្ត្រី ទី​៣, ថ្វាយ​លិខិត​ផ្ទាល់​ទៅ​ព្រះមហាក្សត្រ ដើម្បី​ស្នើសុំ​លើកលែង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114