ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​រាជធានី​ភ្នំពេញ ​នឹង​ដាក់​រថយន្តក្រុង​៦០​គ្រឿង ​សម្រាប់​ដឹក​ពលរដ្ឋ​ចូលរួម​សប្បាយ​ពេល​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ដោយ​មិន​គិត​ប្រាក់​

ភ្នំពេញ​ ៖ អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​លោក ​ឃួ​ង ស្រេង រួមជាមួយ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​,​មន្ទីរ និង​អាជ្ញាធរ​ដែនដី កាលពី​ព្រឹក​ថ្ងៃទី​២៨​ធ្នូ​នេះ​ បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​សកម្មភាព​រៀបចំ​លំអ និង​ការងារ​ជាច្រើន​ទៀត​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​ចំណែក​របស់ខ្លួន​អ្នកទទួល​អនុវត្ត​ដើម្បី​ត្រៀម​សម្ពោធ​វិមាន​អនុស្សាវរីយ​ឈ្នះៗ​ ដែលជា​ការត្រួតពិនិត្យ​ចុងក្រោយ​នៅ មុន​ពិធី​សម្ពោធ​មកដល់​ គឺ​ថ្ងៃទី​២៩.៣០ ​និង​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​។​

​លោក​ ឃួ​ង​ ស្រេង បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ រួមជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ជុំ​រិញ​ការ​លាង​សំអាត​ផ្លូវថ្នល់​វិថី​ឈ្នះៗ​,​បូម​ដី រៀបចំ​ទីតាំង​ចំណត កែលំអ​បរិស្ថាន​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ឲ្យ​បាន​ស្អាត​ រួមទាំង​ពិនិត្យ បន្ថែម​ការតុបតែង​លំអ​ភ្លើង​បំភ្លឺ​ទាំង​ខាងក្នុង និង​ខាងក្រៅ​បរិវេណ​វិមាន​ឈ្នះៗ​។

ក្នុងនោះដែរ​ លោក​អភិបាល ​ក៏បាន​ណែនាំ​ឲ្យ​មន្ទីរ​សាធារណៈ​ការបន្ថែម​ធុង​សំរាម​នៅ​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ចំនួន​១៥០​បន្ថែមទៀត​។ ​ជាពិសេស​ទៀត​នោះ រដ្ឋបាល រាជធានី​ភ្នំពេញ​ នឹង​ត្រៀម​រថយន្ត​ក្រុង​ប្រមាណ​៦០​គ្រឿង​សម្រាប់​ដឹក​ប្រជាពលរដ្ឋ ដែលមាន​បំណង​ចូលរួម​កម្សាន្ត​សប្បាយ​ក្នុង​ឱកាស​សម្ពោធ​វិមាន​ឈ្នះៗ​នេះ ​ដោយ​មិន​យកប្រាក់​ចូលទៅ​ទីតាំង​ប្រារព្ធ​ពិធី​ទាំង​មកពី​ត្រើយ​ខាងលិច និង​ត្រើយ​កើត​ទន្លេ និង​បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​អញ្ជើញ​ទៅ​ចូល​រួម​កម្សាន្ត សប្បាយ​រីករាយ​ឲ្យ​បាន​ច្រើន​កុះករ​។​

នៅ​រសៀល​ថ្ងៃទី​២៨​ធ្នូ​នេះ​ដែរ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​ក៏បាន​រៀបចំ​ពិធី​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី​រៀបចំ​ពិធី​សម្ពោធ​វិមាន ឈ្នះៗ​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ជោគជ័យ​ទៅតាម​ទំនៀម​ទម្លាប់​។​

ការ​សម្ពោធ​វិមាន​ឈ្នះៗ​ គឺជា​និមិត្តរូប​ នៃ​ការអនុវត្ត​ដោយ​ជោគជ័យ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន ​គម្រប់​ខួប​២០​ឆ្នាំ និង​បាន​នាំមក​នូវ​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស​ចេញ​ផុត​ពី​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​ និង​បាន​ធ្វើ​ឲ្យ​ខ្មែរ​គ្រប់រូប​ឈ្នះ​ទាំងអស់គ្នា​ ដោយ​មិន​មានការ​បង្ហូរឈាម​ហើយ ​សូម្បីតែ​អង្គការសហប្រជាជាតិ​ក៏​មិនអាច​ស្វែងរក​សន្តិភាព និង​បញ្ចប់ សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​នេះ​បាន​ផង​។

​វិមាន​ឈ្នះៗ​ ក៏​ជា​និមិត្តរូប​ នៃ​សន្តិភាព ជា​សំណង់​ប្រវត្តិសាស្ត្រ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ ​បាន​យល់​ពី​ខ្លឹមសារ​ នៃ​សន្តិភាព​ដែល​ជា គ្រឹះ​ នៃ​ការអភិវឌ្ឍន៍​។​

ដូច្នេះ​ កូន​ខ្មែរ​គ្រប់រូប​ត្រូវតែ​ថែរក្សា​សុខ​សន្តិភាព​ដែល​រក​បាន​ដោយ​ការ​យក​សាច់​ស្រស់​ឈាម​ស្រស់​ទៅ​ប្ដូរ​បាន​មក​នេះ ឲ្យ​បាន​ឋិតថេរ​​គង់វង្ស និង​ប្រឆាំង​ដាច់ខាត​រាល់​ការ​ប៉ុនប៉ង​ណាមួយ​ ដើម្បី​បំផ្លាញ​សន្តិភាព បំផ្លាញ​សេចក្តី​សុខ​របស់​ប្រជាពលរដ្ឋ​ គឺ​ត្រូវការពារ​ឲ្យ​បាន​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​៕