ព័ត៍មានទាន់​ហេតុការណ៏
Search

ច្រានចោល​ការ​ចោទប្រកាន់​របស់ សម រង្ស៊ី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា ដីកាចាប់ខ្លួន ត្រូវបាន​ប្រកាស​ជា​សាធារណៈ គ្មាន​អ្វី​អាថ៌កំបាំង

ភ្នំពេញ​ ៖​ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ក្រឡាហោម ស ខេង បាន​អះអាងថា លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួចហើយ ដូច្នេះ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ ឬ​មិន​ចូល វា​ស្ថិតនៅលើ​បុគ្គល សម រង្ស៊ី ខ្លួនឯង គ្មាន​អ្នកណា​ហាមឃាត់​ឡើយ ចំណែក​ដីកាចាប់ខ្លួន​ក៏ត្រូវ​បានប្រកាស​ជា​សាធារណៈ​ហើយ​ដែរ មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​។​

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់​បែបនេះ នៅក្នុង​លិខិត​បដិសេធ​មួយ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច កាលពី​ថ្ងៃអាទិត្យ ទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ និង​បន្ទាប់ពី​លោក សម រង្សី បាន​និយាយ​នៅតាម​វិទ្យុផ្សាយសំឡេង​ជា​ភាសា​ខ្មែរ បម្រើ​ឲ្យ​បរទេស​មួយ​ថា សម្តេច ស ខេង បាន​ប្រាប់​លោក​ដោយផ្ទាល់​មាត់​ថា សម្តេច​មានការ​ពិបាក​ក្នុងការ​ធ្វើការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ស ខេង គឺជា​អ្នក​ដែល​បាន​ផ្តល់យោបល់​ឱ្យ​លោក​កុំ​ឲ្យ​អាល​វិល​ត្រឡប់មក​កម្ពុជា​វិញ ចាំ​រៀបចំ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​រួច​សិន​។​

សម្តេច​ក្រឡាហោម ស ខេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ថ្មីៗ​នេះ​ក្នុងការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី លោក សម រង្ស៊ី បាន​និយាយ​ចោទប្រកាន់ មួលបង្កាច់​មកលើ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​មកលើ​រូបខ្ញុំ អំពី​ដំណើរការ​ដោះស្រាយ​បញ្ហានយោបាយ​កម្ពុជា នាពេល​កន្លងមក​។ ការលើកឡើង​របស់លោក សម រង្ស៊ី ដែល​និយាយថា ខ្ញុំ​បាន​ហាមឃាត់​គាត់​មិន​ឲ្យ​វិល​ត្រឡប់មក​ប្រទេស​វិញ​នោះ គឺជា​ពាក្យសម្តី​មួលបង្កាច់ ដើម្បី​បិទបាំង​ភាព​កំសាក រត់គេច​ចេញពី​សំណាញ់​ច្បាប់​របស់ខ្លួន​តែប៉ុណ្ណោះ​”​។ សម្តេច ស ខេង បញ្ជាក់ថា “​ក្នុងនាម​ជា​អ្នក​ដែល​ចូលរួម​ក្នុង​ឆាក​នយោបាយ ខ្ញុំ​ដូចជា​មិន​ដល់​ថ្នាក់​ឆោតល្ងង់​ប្រាប់ សម រង្ស៊ី មិន​ឲ្យ​វិល​ចូល​ស្រុក​នោះទេ​។ ប្រការនេះ ខុស​ទាំងស្រុង​ពី​ច្បាប់រដ្ឋធម្មនុញ្ញ និង​អាច​ផ្តល់ឱកាស​គ្រប់ពេលវេលា​ឲ្យ សម រង្ស៊ី មាន​លេស​វាយប្រហារ​មកលើ​រូបខ្ញុំ​វិញ នៅពេលដែល​សមត្ថកិច្ច​បានទទួល​ដីកា ដើម្បី​ចាប់ខ្លួន សម រង្ស៊ី រួចហើយ​”​។

សម្តេច​ក្រឡាហោម ស ខេង បញ្ជាក់ទៀតថា “​ខ្ញុំ​សូមបញ្ជាក់ថា លោក សម រង្ស៊ី បាន​ប្រព្រឹត្ត​បទល្មើស​ជាច្រើន និង​ត្រូវបាន​តុលាការ​ផ្តន្ទាទោស​រួចហើយ​។ ទណ្ឌិត​រូបនេះ សម្រេច​រត់គេចខ្លួន​មិន​ចូល​ប្រទេស​ដោយ​ខ្លួនឯង ហើយ​ការ​ត្រឡប់​ចូល​ប្រទេស​វិញ ឬ​យ៉ាងណា​នោះ​វា​ស្ថិតនៅលើ​បុគ្គល សម រង្ស៊ី ខ្លួនឯង​តែប៉ុណ្ណោះ គ្មាន​អ្នកណា​ហាមឃាត់​ឡើយ​។ ការចេញ​ដីកាចាប់ខ្លួន​ទណ្ឌិត សម រង្ស៊ី គឺ​ត្រូវ​បានប្រកាស​ជា​សាធារណៈ ហើយ​ការបញ្ជាក់​របស់ខ្ញុំ​ចំពោះ​សារព័ត៌មាន និង​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ អំពី​ដីកាចាប់ខ្លួន​នេះ គឺធ្វើឡើង​ជា​សាធារណៈ ដែល​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​។ ការដែល សម រង្ស៊ី និយាយថា ខ្ញុំ​មានការ​លំបាក​ធ្វើការ​ជាមួយ និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នោះ​គឺជា​រឿង​ភូតកុហក​បោកប្រាស់​សុទ្ធសាធ ប្រការនេះ​សម រង្ស៊ី ចង់​ឲ្យ​សាធារណៈមតិ មានការ​ភ័ន្ត​ច្រ​លំ​មកលើ​រូបខ្ញុំ និង​ជា​ល្បិចកល​នយោបាយ​របស់លោក សម រង្ស៊ី ខ្លួនឯង​តែប៉ុណ្ណោះ​”​។​

តាម​សម្តេច​ក្រឡាហោម ស ខេង “​សម រង្ស៊ី ទេ ដែល​ខ្ញុំ​ពិបាក​ធ្វើការ​ជាមួយ​។ ជាក់ស្តែង​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៣ ខ្ញុំ​ដែល​តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា រីឯ​លោក សម រង្សី តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​។ ខ្ញុំ​និង​សម រង្ស៊ី បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ អំពី​សេចក្តីព្រាង​កិច្ចព្រមព្រៀង​មួយ រវាង​គណបក្ស​ទាំងពីរ​។ ខ្ញុំ​បាន​សុំ​យោបល់​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។ ខ្ញុំ និង សម រង្ស៊ី បាន​ឯកភាព​ទាំងស្រុង ហើយ​សង្ឃឹមថា នៅ​ព្រឹក​ថ្ងែ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៣ នឹង​បាន​ចុះហត្ថលេខា​ទៅលើ​កិច្ចព្រមព្រាង​នោះ​នៅក្នុង​កិច្ចប្រជុំ​នៅ​មន្ទីរ​រដ្ឋសភា​។ ប៉ុន្តែ​ផ្ទុយ​ពី​ការរំពឹង​ទុកពេល​ចាប់ផ្តើម​ភ្លាម កឹម សុខា បាន​ជំទាស់​នឹង​សេចក្តីព្រាង​នោះ ទាំងស្រុង​ដែល​នាំ​ឲ្យ​កិច្ចចរចារ​ត្រូវ​បរាជ័យ ហើយ​ពួកគេ​ងាក​ទៅរក​ប្រមូល​កម្លាំង​ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត និង​ធ្វើ​បដិវត្តន៍​ពណ៌​ជា​បន្តទៀត​។ បញ្ហា​នេះ​ទេ ដែល​បញ្ជាក់ថា សម រង្សី ជា​មនុស្ស​ពិបាក​ធ្វើការ និយាយ​បាតដៃ​ជា​ខ្នងដៃ មិន​ទៀងត្រង់ ក្រឡេចក្រឡុច មិន​ទទួលខុសត្រូវ និង​អាច​និយាយបានថា គឺ សម រង្ស៊ី ទេ​ជា​អ្នកបោក​ខ្ញុំ​។ ខ្ញុំ​សូមបញ្ជាក់ថា ខ្លួន​ខ្ញុំ​ផ្ទាល់​បានរួម​ការងារ​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន គ្រប់​កាលៈទេសៈ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ជាង​៤០​ឆ្នាំ​កន្លងមកហើយ​។ ជោគជ័យ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៦ កន្លងទៅនេះ​បានបញ្ជាក់​យ៉ាងច្បាស់​តាមរយៈ​នូវ​ការឯកភាព​ខ្ពស់ និង​ភាព​កាន់តែ​រឹងមាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​”​។​

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​២៨ ខែធ្នូ លោក សម រង្ស៊ី បាន​ថ្លែង​នៅក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី​ថា សម្តេច​ក្រឡាហោម ស ខេង បាន​ប្រាប់​លោក​ដោយផ្ទាល់​មាត់​ថា សម្តេច​មានការ​ពិបាក​ក្នុងការ​ធ្វើការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​សម្តេច​ក្រឡាហោម ស ខេង គឺជា​អ្នក​ដែល​បាន​ផ្តល់យោបល់​ឱ្យ​លោក​កុំ​ទាន់​អាល​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុងស្ថានភាព​ដែល​នយោបាយ​កំពុង​តានតឹង​។ លោក សម រង្ស៊ី បញ្ជាក់ថា សម្តេច ស ខេង និង​រូបលោក បាន​ជជែក​គ្នា​ពី​ផែនការ​បោះឆ្នោត​ទម្លាក់​សម្តេច​តេ​ជោ ហ៊ុន សែន ចេញពី​តួនាទី​ជា​នាយករដ្ឋមន្ត្រី តាមរយៈ​ការប្រើប្រាស់​យន្តការ​សភា ក៏ប៉ុន្តែ​ផែនការ​នេះ​ត្រូវបាន​ផ្អាក​ទៅវិញ​៕