ព័ត៍មានទាន់​ហេតុការណ៏
Search

«​អប្សរា​» ពី​ទេវ​កថា​ឥណ្ឌា មក​ចម្លាក់​ខ្មែរ និង​របាំ​តន្តី​ខ្មែរ​

ភ្នំពេញ ៖ របាំ​អប្សរា រួម​ទាំង​របាំ​ព្រះរាជ​ទ្រព្យ​ទាំង​អស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ ដោយ​អង្គការ​យូណេស្កូ នៅ​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​។

ការ​ចារឹក​នាម នៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បីល្បាញ​នេះ បាន​បញ្ជាក់​ពី​តម្លៃ​ជា​សាកល​ដ៏​ធំធេង​អស្ចារ្យ​នៃ​ស្នាដៃ​សិល្បៈ​របាំ​តន្តី​ប្រកបដោយ​អត្ថន័យ​វប្បធម៌​នេះ​។ ចំពោះ​ប្រជាជន​កម្ពុជា​ទូទៅ របាំ​អប្សរា គឺជា​មោទនភាព ជា​និមិត្ដ​រូប​ជាតិ​និង​ប្រជាជន​។ របាំ​អប្សរា ស្ថិតនៅ​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ជម្រៅ​បេះដូង​ខ្មែរ​គ្រប់ៗ​រូប​។

យោង​តាម​ប្រភព​ព័ត៌មាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា ដោយ​ឃើញ​នូវ​តម្លៃ​សាកល​ដ៏​ធំធេង​អស្ចារ្យ​នៃ​របាំ​អប្សរា​នេះ​ហើយ ទើប​សម្រេច​លើកយក​អត្ថបទ​សិក្សា​ស្តីអំពី “​អប្សរា​” ពី​ទេវកថា​ឥណ្ឌា មក​ចម្លាក់​ខ្មែរ និង​របាំ​តន្តី​ខ្មែរ មក​ចូលរួម​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១៤ ស្តីអំពី “​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ​និង​មោទកភាព​”​។

បើ​តាម​ការ​បង្ហាញ​របស់ លោក​បណ្ឌិតសភា​ចា​រ្យ សោម សុ​មុនី សមាជិក​ពេញ​សិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ជាក់​ថា ឫសគល់ «​អប្សរា​» គឺ​ស្ថិត​ក្នុង​វប្បធម៌​ឥណ្ឌា​គឺ​ទេវ​កថា ឥណ្ឌា រឿង “​អណ្ដើក​កូ​ម៌ៈ​” ឬ រឿង “​កូរ​សមុទ្រ​ទឹកដោះ​” ទោះបី​សម្តេចព្រះសង្ឃរាជ ជួន ណាត លោក​មិន​ទទួលយក​ក៏ដោយ ហើយ​យើង​ក៏​មិនអាច​គិតថា​ហេតុអ្វី​បានជា​សម្តេចព្រះសង្ឃរាជ លោក​បដិសេធ​ការ​លើក​ឡើង​ថា “​តាម​សេចក្តី​តំណាល​ក្នុង​គម្ពីរ​ព្រាហ្មណ៍​ថា ស្ត្រី​សួគ៌​ពួក​មួយ​ដែល​ផុស​ឡើង​អំពី​ទឹក ក្នុង​កាលដែល​កូរទឹក​អម្រឹត​” នោះទេ (​កូរទឹក​អម្រឹត ជា​សេចក្តី​នៃ​រឿង គឺ​កូរ​សមុទ្រ​ទឹកដោះ​ដើម្បី​យក​ទឹក​អម្ឫត​ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​ភាព​អមតៈ​)​។

កាលដើមឡើយ មាន​មហាសមុទ្រ​ទឹកដោះ​នៅ​លើ​ចក្រវាល​ទាំងមូល​។ ពួក​ទេវតា និង​អសុរា​ដែល​ចង់បាន​ទឹក​អម្ឫត គឺ​ទឹកមន្ត​ជីវិត​អមតៈ បាន​ច្បាំង​គ្នា​ដើម្បី​ទឹកអម្រឹត​។ ដោយហេតុ​ចម្បាំង​អស់​ពេល​ដ៏​យូរ ក៏​មិន​ចាញ់​មិន​ឈ្នះ ព្រះ​វិស្ណុ​ក៏​ចេញ​មក​ពន្យល់​ពួក​ទេវតា និង​អសុរា​ឲ្យ​រួមគ្នា​កូរ​សមុទ្រ​ទឹកដោះ​នោះ​។ នៅក្នុង​សមុទ្រ​ទឹកដោះ​មាន​ទឹក​អម្ឫត​និង​វត្ថុ​ទិព្វ​ជាច្រើន​ឥត​គណនា ដោយ​ចង់​ឃើញ​នូវ​វត្ថុ​ទិព្វ​ទាំងនោះ និង​ចង់បាន​នូវ​ជីវិត​អមតៈ ទាំង​ពពួក​ទេវតា និង​អសុរា​បាន​យល់ព្រម​តាម​ព្រះ​វិស្ណុ រួមគ្នា​កូរ​សមុទ្រ​ទឹកដោះ ដោយ​សន្យា​គ្នា​ថា បើ​ទឹកអម្រឹត​លេចឡើង​ចំ​មុខ​ពពួក​ទេវតា នោះ​ទឹកអម្រឹត​បាន​ទៅ​ពពួក​ទេវតា បើ​ទឹកអម្រឹត​លេចឡើង​ចំ​មុខ​ពពួក​អសុរា​នោះ​ទឹកអម្រឹត​បាន​ទៅ​ពពួក​អសុរា​។ ព្រះ​វិស្ណុ​បាន​ដក​ភ្នំ​ម​ន្ទ​រៈ យក​មក​ធ្វើជា​ឧបករណ៍​សម្រាប់​កូរ ហើយ​បែង​ខ្លួន​ជា​អវតា​មាន​ឈ្មោះថា អណ្ដើក​កូ​ម៌ៈ ដើម្បី​ទ្រ​ភ្នំ​ម​ន្ទ​រៈ កុំឱ្យ​លិច​។ កាលនោះ ស្ដេច​នាគ​ឈ្មោះ វាសុកី បាន​យក​ខ្លួន​ធ្វើជា​ព្រ័ត្រ​សម្រាប់​ឲ្យ​គេ​ទាញ​។ ពួក​ទេវតា​ទាញ​ខាង​កន្ទុយ ឯ​ពួក​អសុរា​ទាញ​ខាង​ក្បាល​។

ក្រៅ​ពី​នេះ ក៏មាន “​អប្សរា​” ក្នុង​សិល្បៈ​ចម្លាក់​ខ្មែរ​ដូចគ្នា​ដែរ ដូចជា​នៅក្នុង​ទេវ​កថា រឿង អណ្តើក​កូ​ម៌ៈ របាំ​អប្សរា និង​ទេព​អប្សរា ក៏​មាន​ឆ្លាក់​នៅ​លើ​កំផែង និង​លើ​ថែវ​ប្រាសាទ​មួយចំនួន​ផងដែរ​៕