ព័ត៍មានទាន់​ហេតុការណ៏
Search

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កំពុង​រង់ចាំ​លទ្ធផល​ក្រោយ​ការបោះឆ្នោត​ប្រធានាធិបតី

សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​កាលពី​ថ្ងៃ​ចន្ទ​បាន​រង់ចាំ​យ៉ាង​អន្ទះសា​ ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រធានាធិបតី​មួយ​ដែល​នឹងធ្វើ​ឲ្យ​គេ​មើលឃើញ​ពី​ការផ្ទេរអំណាច​ដោយ​សន្តិ​ភាពជា​លើកដំបូង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ​។​

យោង​តាម​ក្រុមប្រឹក្សា​សង្ឃ​រាជ្យ​កាតូលិក​ដ៏​មាន​ឥទ្ធិពល​របស់​ប្រទេស​នេះ​បាន​ឲ្យ​ដឹងថា ការបោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​បាន​ដំណើរការ​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់​បន្ទាប់ពី​មានការ​ពន្យារ​អស់​រយៈពេល​ពីរ​ឆ្នាំ​នៅក្នុង​ប្រទេស​ដែល​មិនមាន​ស្ថិរភាព​មួយ​នេះ​។​

ប៉ុន្តែ​មាន​របាយការណ៍​នៃ​ការប៉ះទង្គិច​គ្នា​នៅតាម​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត Kivu ភាគ​ខាងកើត​ដែល​បាន​ឆក់យក​ជីវិត​មន្ត្រី​ប៉ូលិស​ម្នាក់ មន្ត្រី​បោះឆ្នោត​ម្នាក់​និង​ជន​ស៊ីវិល​ពីរ​នាក់​។​

ខណៈដែល​ការបោះឆ្នោត​នេះ​អាច​នាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​មេដឹកនាំ​ដោយ​សន្តិ​ភាពជា​លើកដំបូង​ចាប់តាំងពី​ប្រទេស​នេះ​ទទួលបាន​ឯករាជ្យ​ពី​ប៊ែលហ្សិក​ក្នុង​ឆ្នាំ​១៩៦០​មក​នោះ ក្រុមអ្នកវិភាគ​បាន​ព្រមាន​អំពី​ការគំរាមកំហែង​នៃ​ការបះបោរ​និង​ការសង្ស័យ​អំពី​លោក​ប្រធានាធិបតី Joseph Kabila ដែល​មិន​ព្រម​លាឈប់​ក្នុង​ឆ្នាំ​២០១៦​បន្ទាប់ពី​ការ​កាន់តំណែង​ពីរ​អណ​ត្តិ​របស់គាត់​បាន​ផុតកំណត់​។​
​ភាពជឿជាក់​របស់​ការ​បោះឆ្នោត​នេះ​ត្រូវបាន​បំផ្លាញ​ដោយ​ការពន្យារពេល​និង​ការចោទប្រកាន់ថា ម៉ាស៊ីន​បោះឆ្នោត​អេឡិចត្រូនិក​នឹង​ជួយ​ដល់​ការបន្លំ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​

ក្រុម​អ្នកសង្កេតការណ៍​កាតូលិក​ដែលមាន​វត្តមាន​នៅតាម​ការិយាល័យ​បោះឆ្នោត​៧៨​ភាគរយ​នឹងត្រូវ​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ​អំពី​ដំណើរការ​រាប់​សន្លឹកឆ្នោត​។​

កាលពី​ល្ងាច​ថ្ងៃអាទិត្យ អំពើ​ហិង្សា​បាន​ផ្ទុះឡើង​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​តំបន់ Walungu នៃ​ខេត្ត South Kivu បន្ទាប់ពី​មន្ត្រី​បោះឆ្នោត​ម្នាក់​ត្រូវ​បាន​គេ​ចោទប្រកាន់​ពី​បទ​ព្យាយាម​បន្លំ​សន្លឹកឆ្នោត​ដើម្បី​គាំទ្រ​ដល់​អ្នក​ស្នង​តំណែង​តាម​ការ​ពេញចិត្ត​របស់​លោក Kabila ។

គួរ​បញ្ជាក់​ថា លទ្ធផល​បណ្តោះអាសន្ន​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៦​ខែ​មករា​ ខណៈ​លទ្ធផល​ចុងក្រោយ​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៥ ​ខែមករា​ ហើយ​ប្រធានាធិបតី​ថ្មី​នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​ទី​១៨​ខែមករា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114