ព័ត៍មានទាន់​ហេតុការណ៏
Search

Kobayashi ក្លាយជា​កីឡាករ​លោត​ជិះ​ស្គី​ជប៉ុន​លើកដំបូង​គេ​ឈ្នះ​ការប្រកួត​បើកឆាក Four Hills ក្នុង​រយៈពេល​២១​ឆ្នាំ​

​កីឡាករ Ryoyu Kobayashi បាន​ក្លាយជា​កីឡាករ​ជប៉ុន​លើកដំបូង​គេ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ ឈ្នះ​ជើង​បើកឆាក​នៅ​ការប្រកួត​លោត​ជិះ​ស្គី Four Hills ក្នុង​ទីក្រុង Oberstdorf ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃអាទិត្យ​។​

គាត់​រកបាន​ពិន្ទុសរុប​២៨២.៣​ពិន្ទុ ក្រោយ​ការ​លោត​២​លើក ដើម្បី​ផ្តួល​កីឡាករ​ម្ចាស់​ស្រុក​អាល្លឺម៉ង់ Markus Eisenbacher​ដែល​ឈរ​នៅ​លេខ​២ មាន​២៨១.៩​ពិន្ទុ ហើយ​និង​កីឡាករ Stefan Kraft របស់​អូទ្រីស ឈរ​នៅ​លេខ​៣ មាន​២៨០.៥​ពិន្ទុ​។​

កីឡាករ​វ័យ​២២​ឆ្នាំ​ម្នាក់នេះ បាន​ក្លាយជា​កីឡាករ​ជប៉ុន​ដំបូង​គេ​ឈ្នះ​ព្រឹ​ត្ត​ការណ៍ Four Hills ចាប់តាំងពី​អតីត​កីឡាករ Kazuyoshi Funaki កាលពី​ឆ្នាំ​១៩៩៧-៩៨ ដែល​បានឈ្នះ​ការប្រកួត​នេះ នៅលើ​ភ្នំ​ពាល់​អាល្លឺម៉ង់ កាលពី​រយៈពេល​២១​ឆ្នាំមុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ Kobayashi មិនទាន់​អស់ចិត្ត​នោះទេ ថ្វីត្បិតតែ​សម្រេចបាន​ជ័យជំនះ​នៅមុខ​ក្រុម​អ្នកគាំទ្រ​ជាង​២៥.០០០​នាក់​ក្នុង​រដ្ឋ Bavaria​នេះ​ក៏ដោយ​។​

លោក​បាន​និ​យ​ថា លោក​មិនទាន់​គិតពី​ជើងឯក​មួយ​នេះ​នៅឡើយ​ទេ លោក​ត្រូវតែ​បោះជំហាន​បន្តិច​ម្តងៗ ហើយ​បច្ចុប្បន្ន លោក​កំពុងតែ​សំឡឹងមើល​ការប្រកួត Garmisch-Partenkrichen មួយទៀត​៕