ព័ត៍មានទាន់​ហេតុការណ៏
Search

លោកស្រី Susanna Dinnage ច្រានចោល​តំណែង​នាយក​ប្រតិបត្តិ​នៅ Premier League

​លោកស្រី Susanna Dinnage បានធ្វើ​ឲ្យ​បាល់ទាត់​អង់គ្លេស​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ជាមួយនឹង​ការ​សម្រេចចិត្តថា លោកស្រី​លែង​ចង់​ក្លាយជា​ប្រធាន​ប្រតិបត្តិ​នៅ​ក្របខណ្ឌ Premier League​ទៀតហើយ ថ្វីត្បិតតែ​ការ​ពីមុន​លោកស្រី បាន​ព្រម​ទទួលយក​តំណែង​មួយ​នេះ​ក៏ដោយ។​

លោកស្រី Dinnage ដែលជា​អ្នកប្រតិបត្តិ​នៅ​ស្ថានីយ៍ទូរទស្សន៍​នោះ ត្រូវបាន​គេ​ប្រកាសថា នឹង​ក្លាយជា​អ្នក​បន្តវេន​ពី​លោក Richard Scudamore កាលពី​ខែវិច្ឆិកា ដោយ​ការតែងតាំង​របស់លោក​ស្រី ត្រូវបាន​គេ​ចាត់ទុកថា ជា​ជំហាន​ដ៏​សំខាន់​មួយ​សម្រាប់​ស្ត្រី នៅក្នុង​រដ្ឋបាល់​កីឡា​។​

តាម​ការគ្រោងទុក លោកស្រី Dinnage នឹង​បន្តវេន​ពី​លោក Scudamore ដែល​គ្រប់គ្រង​តំណែង​មួយ​នេះ​អស់​រយៈពេល​១៩​ឆ្នាំ​មកហើយ​នោះ នៅ​ដើមឆ្នាំ​២០១៩​។​

ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី បាន​ច្រានចោល​តំណែង​មួយ​នេះហើយ ក្នុងនោះ​សេចក្តីថ្លែងការណ៍​របស់​ក្រុម Premier League​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា “​ថ្វីត្បិតតែ​មានការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ក្របខណ្ឌ Premier League​កាលពី​ខែវិច្ឆិកា លោកស្រី បច្ចុប្បន្ន​បាន​ណែនាំ​គណៈកម្មាធិការ​តែងតាំង​ថា លោកស្រី Susanna Dinnage លែង​ចង់បាន​តំណែង​ប្រតិបត្តិ​មួយ​នេះ​ទៀតហើយ​”​។​

សូមបញ្ជាក់ថា ពេលដែល​លោក Scudamore បាន​ទទួលយក​តំណែង​ប្រធាន​ប្រតិបត្តិ​កាលពី​ឆ្នាំ​១៩៩៩ កិច្ចព្រមព្រៀង​សិទ្ធ​ផ្សាយ​របស់​ទូរទស្សន៍​ក្នុងស្រុក​សម្រាប់​ការប្រកួត Premier League​មានតម្លៃ​៦៧០​លាន​ផោន​៕
កីឡាករ​Roger Federer​ពេញចិត្ត​នឹង​ប៉ះ​ជាមួយ​កីឡាការិនី​Serena Williams នៅ Hopman Cup
​ព្រឹ​ត្តិការណ៍ Hopman Cup អាច​នឹង​ក្លាយជា​ការប្រកួត​ដ៏​រំភើប​បំផុត​នៃ​ការចួលរួម​រវាង​កីឡាករ និង​កីឡាការិនី ចាប់តាំងពី​ការប្រកួត​”Battle of the Sexes នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០​។​

កីឡាករ​Roger Federer​និង​កីឡាការិនី​Serena Williams​ដែល​ស្ថិតនៅ​ក្នុងចំណោម​កីឡាករ​-​កីឡាការិនី​អស្ចារ្យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ៍​វាយ​តឺ​ន្នី​ស​នោះ នឹងត្រូវ​ជួបគ្នា​ជា​លើកដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ ពេលដែល​ក្រុម​សហរដ្ឋអាមេរិក និង​ក្រុម​ជើង​ឡើង​ការពារ​ជើងឯក​ស្វី​ស ជួបគ្នា​នៅ​ការប្រកួត​ម្ខាង​២​នាក់ នៅ​ព្រឹ​ត្ត​ការណ៍​ចម្រុះ​ក្រុម​មួយ​នេះ​។​

ការប្រកួត​នៅ​ឆ្នាំនេះ គេ​រំពឹងថា នឹង​ក្លាយជា​ការប្រកួត Hopman Cup ចុងក្រោយ​គេ​នៅក្នុង​ទីក្រុង Perth របស់​ប្រទេស​អូស្ត្រាលី ហើយ​ការប្រកួត​ក្នុង​ពូ​ល​នា​ថ្ងៃ​អង្គារ​នេះដែរ ត្រូវបាន​គេ​លក់​សំបុត្រ​ដាច់​អស់ ដោយសារតែ​ពួកគេ​ចង់​មើលឃើញ​ជំនួប​រវាង​មនុស្ស​អស្ចារ្យ​បំផុត​នៅក្នុង​ពិភព​វាយ​តឺ​ន្នី​ស​។​

កីឡាករ Federer ក្រោយ​ឈ្នះ​ការប្រកួត​បើកឆាក Hopman Cup ម្ខាង​ម្នាក់ កាលពី​ថ្ងៃអាទិត្យ​ថា វា​គឺជា​រឿង​ដ៏​គួរ​រំភើបចិត្ត​មួយ​សម្រាប់​ពួកយើង​ទាំង​២​នាក់ ហើយ​លោក​សង្ឃឹមថា​នឹងមាន​ក្រុម​អ្នកគាំទ្រ​ច្រើន​នឹងចូលរួម​ទស្សនា​។​

ដោយឡែក កីឡាការិនី Williams បាន​និយាយ​អំឡុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ថា នាង​ក៏​ទន្ទឹងរង់ចាំ​ការប្រកួត​មួយ​នេះ​ផងដែរ ហើយ​និង​អាល​បាន​ថតរូប​ជាមួយ​កីឡាករ Federer សម្រាប់​បង្ហោះ​ចូល​ទំព័រ Instagram របស់​នាង​៕