ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៩​នេះ​ ក្រសួងសុខាភិបាល​ ចាប់ផ្ដើម​កែលំអ​សេវា​សុខាភិបាល​ នៅតាម​មន្ទីរពេទ្យបង្អែក ​​ទូ​ទាំង​ប្រទេស​

​ភ្នំពេញ​ ៖​ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា​ នៅ​ឆ្នាំ​២០១៩​នេះ​ ក្រសួងសុខាភិបាល​ចាប់ផ្ដើម​កែលំអ​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នៅ​ទូទាំងប្រទេស​ជា​បន្តទៀត ​បន្ទាប់ពី​ក្រសួង​បានធ្វើ​កំណែ​ទម្រង់​សេវា​នេះ​នៅតាម​មណ្ឌល​សុខភាព​ទទួលបាន​ជោគជ័យ​រួចមក​។​

លោកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ទីប្រឹក្សា​ក្រសួងសុខាភិបាល​ និង​ជា​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិ​បាល​បាន​មានប្រសាសន៍​កាលពី​ព្រឹក​ថ្ងៃទី​០១​ ខែមករា ​ឆ្នាំ​២០១៩ ​ឲ្យ​ដឹងថា​ ការកែលំអ​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នៅ​ទូទាំងប្រទេស​នេះ ​គឺ​ផ្តោត​សំខាន់​ទៅលើ​ការ​គ្រប់គ្រង​មន្ទីរពេទ្យ ការផ្តល់សេវា​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់ បរិស្ថាន​ល្អ អនាម័យ​ស្អាត ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ ​និង​ចំនួន​ប្រជាពលរដ្ឋ​ទៅ​ទទួល​សេវា​ជាដើម​។​

លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្តទៀត​ថា ​ការកែ​សេវា​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នេះ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​គុណភាព​ក្នុង​ការផ្តល់សេវា​ជួន​ប្រជាពលរដ្ឋ​នៅតាម​តំបន់​ជនបទ ​ក៏​ដូចជា​ទីប្រជុំជន​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​ខណៈ​បច្ចុប្បន្ន​មាន​មន្ទីរពេទ្យបង្អែក​ខ្លះ​នៅ​មិនទាន់​ផ្តល់​សេវា​ជួន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​នៅឡើយ​នោះ​។​

លោកស្រី​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិ​បាល បាន​អំពាវនាវ​ដល់​គ្រប់​មន្ទីរពេទ្យបង្អែក​ទាំ​ង​អស់​ត្រូវ​ចូលរួម​ប្រឡងប្រណាំង​ទាំងអស់គ្នា ​ដើម្បី​ចូលរួម​កែលំអ​សេវា​សុខាភិបាល​នៅ​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែ​មានគុណ​ភាព​និង​ប្រសិទ្ធភាព​ខ្ពស់។​

លោក​វេជ្ជបណ្ឌិត កែ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​០១ ​ខែ​មករា ​ឆ្នាំ​២០១៩​ ដោយ​បង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​ក្រសួងសុខាភិបាល​ដែល​ធ្វើ​កំណែ​ទម្រង់​នៅ​តាម​មន្ទីរ​ពេទ្យ​បង្អែក​នេះ​ ព្រោះថា​នឹង​ជួយ​បង្កើន​នូវ​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​ឲ្យ​មកប្រើប្រាស់​សេវា​សុខា​ភិបាល​នៅ​មន្ទីរពេទ្យបង្អែក​របស់​រដ្ឋ​កាន់តែច្រើន​ថែមទៀត​។​

លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា ​ការរៀបចំ​ឲ្យ​មានការ​ប្រឡងប្រណាំង​នៅ​ថ្នាក់​មន្ទីរពេទ្យបង្អែក​នេះ​នឹង​ជួយ​លើក​ទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ​ និង​បុគ្គលិក​មន្ទីរពេទ្យ​ទាំងអស់ ​ខិតខំ​បង្កើន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រង កា រ​ផ្តល់​សេវា បរិស្ថាន អនាម័យ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ​នៅតាម​មន្ទីរពេទ្យ​របស់ខ្លួន​បាន​កាន់តែ​ប្រសើរ​ថែម​ទៀត​ផងដែរ​។​
​លោក​វេជ្ជបណ្ឌិត​បាន​ប្ដេជ្ញា​ថា​ នឹង​ខិតខំ​កែលំអ​សេវា​សុខាភិបាល​នៅតាម​មណ្ឌល​សុខភាព​ ក៏ដូចជា​មន្ទីរពេទ្យ​បង្អែក ឲ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​ចូលរួម​ប្រឡងប្រណាំង​ដណ្តើមយក​ជ័យលាភី​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​ផ្សេងៗ​ទៀត​។​

គួរ​បញ្ជាក់ថា​ ក្រសួងសុខាភិបាល​ធ្វើ​កំណែ​ទម្រង់​សេវា​សុខាភិបាល​នៅតាម​មន្ទីរពេទ្យបង្អែក​នេះ​បន្ទាប់ពី​ក្រសួង ​បាន​អនុវត្ត​ដោយ​ជោគ​ជោគជ័យ​ទៅលើ​ការកែ​ទម្រង់​សេវា​នៅតាម​មណ្ឌល​សុខ​ភាព​កាលពី​ឆ្នាំ​២០១៧​ កន្លងទៅ​ ដែល​ក្នុងនោះ​មាន​មណ្ឌល​សុខភាព​ចំនួន​៥​ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់​ថ្នាក់ជាតិ​ពី​លេខ​១​ដល់​៥ និង​មណ្ឌល​សុខភាព​ចំនួន​១៧​ទៀត​ ទទួលបាន​ការវាយតម្លៃ​ជាប់​ចំណាត់ថ្នាក់​ខេត្ត​លេខ​១​ សម្រាប់​ខេត្ត​នីមួយៗ​ផងដែរ​៕​





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114