ព័ត៍មានទាន់​ហេតុការណ៏
Search

ឆ្នាំ​២០១៨​ មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ជួយសង្គ្រោះ​កុមារ​ និង​ស្ត្រី​កម្ពុជា​ ជាង​១​លាន​នាក់​

​ភ្នំពេញ ​៖​ យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ មាន​កុមារ​និង​ស្ត្រី​កម្ពុ​ជាជាង​១​លាន​នាក់​ បានទទួល​ការព្យាបាល​ និង​ជួយសង្គ្រោះ​ពី​មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​៥ ​ទីតាំង នៅ​រាជធានី​ភ្នំពេញ​ និង​ខេត្តសៀមរាប​។​

សេចក្ដីប្រកាស​ព័ត៌មាន​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដដែល​បាន​បន្តថា​ ក្នុងចំណោម​កុមារ​ និង​ស្ត្រី​ជាង​១​លាន​នាក់ ​ដែល​ទទួលបាន​ពិនិត្យ​ និង​ព្យាបាល​ជំងឺ​នោះ​ មាន កុមារ​មាន​ជំងឺ​ចំនួន៩៦១ ២៥៦ ករណី បានមក​ពិនិត្យ​ព្យាបាល​នៅ​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​កុមារ​មាន​ជំងឺ​ធ្ងន់ធ្ងរ​មាន​ចំនួន ១៦១៤២៦ នាក់ និង​កុមារ​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​មាន​ចំនួន ១៤៦១៥ នាក់ បាន​សម្រាក​ព្យាបាល​។ ដោយឡែក​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៥៤ ៨១៦ នាក់ និង​ស្ត្រី​សម្រាលកូន​មាន ចំនួន​២៧ ៣០៩ នាក់ បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ​។

​មន្ទីរពេទ្យ បាន​បន្ថែមទៀតថា ខ្លួន​បាន​កាត់បន្ថយ​អត្រា​មរណរ​បស់​កុមារ​បាន​ចំនួន​២​ភាគរយ (០,២៣ ភាគរយ​) ក្នុង​ឆ្នាំ​២០១៨ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ( ០,២៥ ភាគរយ​)​។
​ ​
លោក​វេជ្ជបណ្ឌិត ហេង សុ​ទ្ធី​ អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា​ធ្លាប់បាន មានប្រសាសន៍ថា ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយ​ព្យាបាល​កុមារ​ដែល​ឈឺ​ប្រហែលជា ៨០ % នៃ​កុមារ​ដែល​ឈឺ​នៅ​ទូទាំងប្រទេស​។ ដូច្នេះ ទំហំ​ នៃ​ការព្យាបាល​ធំ​ណាស់ ហើយ​មន្ទីរពេទ្យ​ជា​មន្ទីរពេទ្យ​ដែល​អត់​បង់ប្រាក់​ហើយ​ប្រកប​ដោយ​គុណភាព ហើយ​សាធារណជន​ក៏ដូចជា​រដ្ឋាភិបាល​លោក​ទទួលស្គាល់​នៅ​ចំណុច​ទាំង​អស់​នេះ។ ​ដូច្នេះ ដើម្បី​ឲ្យ​ដំណើរ​បាន មន្ទីរពេទ្យ​នៅតែ​ត្រូវការ​ការគាំទ្រ​ទាំង​ចិត្តគំនិត ស្មារតី ក៏ដូចជា ថវិកា​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ ដូច្នេះ​រាល់​ថវិកា ក៏​ដូច​អំណោយ​សប្បុរសជន​ទាំងអស់​គឺមាន​អត្ថន័យ​ណាស់​សម្រាប់​ជួយ​កុមារ​កម្ពុជា​។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា កុមារ​ដែល​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​គន្ធបុប្ផា​ទាំង​នៅ​ភ្នំពេញ និង​សៀមរាប​មាន​ជាង​២៥០០​នាក់ ហើយ​សម្រាប់​ជំងឺ​ដែល​មក​បើក​ថ្នាំ​ប្រហែល​៣០០០ ទៅ​៣៥០០ នាក់ ​ក្នុង​មួយថ្ងៃ​។​

គួរ​បញ្ជាក់ថា ​ចាប់តាំងពី​ឆ្នាំ​១៩៩២​មក ទឹកប្រាក់​ជាង​៧០០​លាន​ដុល្លារ​អាមេរិក ​បាន​ចំណាយ​លើ​មន្ទីរពេទ្យ​គន្ធបុប្ផា ជាមួយនឹង​ការព្យាបាល​កុមារ ១,៧​លាន​នាក់ និង​ការពិគ្រោះ​យោបល់​ចំនួន​១៣,៥​លាន​ករណី​។​
​មន្ទីរពេទ្យ​គន្ធបុប្ផា ​ត្រូវបាន​សាងសង់ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Beat Richner ដែលជា​ជនជាតិ​ស្វី​ស​។ ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា​លោក​វេជ្ជបណ្ឌិត បេ​អាត រី​ច្នឺ (Beat Richner) បាន​លាលែង​តំណែង​របស់លោក​ពី​ប្រធាន​គ្រប់គ្រង​មន្ទីរពេទ្យ កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​លោក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ហើយ បាន​ទទួល​មរណភាព កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៧​នៅ​ប្រទេស​ស្វី​ស​ដោយ​ជំងឺ ក្នុង​ជន្មាយុ ៧១​ឆ្នាំ​។​

ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​ នៃ​កម្ពុជា ​បានសម្រេច​បង្កើត​«​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០១៨​នេះ ជាមួយ​ថវិកា​ទ្រទ្រង់​ដំណាក់កាល​ដំបូង​ជាង​១១​លាន​ដុល្លារ​អាមេរិក​។​

ពិធី​បើក​ដំណើរការ «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​» ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​ប្រធាន​កិត្តិយស​នៃ​មូលនិធិ​។

ក្នុង​ពិធី​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មាន​មូលហេតុ​ចម្បងៗ​ចំនួន​៣ ដែល​នាំ​ឲ្យ​សម្តេច​សម្រេច​បង្កើត «​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​»​នេះ​ឡើង​។ មូលហេតុ​ចម្បង​ទាំង​៣​នោះ​រួមមាន​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា មាន​មូលហេតុ​ចំនួន​៣ ដែល​នាំ​ឲ្យ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

មូលហេតុ​ចម្បងៗ​នោះ​រួមមាន ​៖ ១.ការលើកកម្ពស់​សុខុមាល​ភាព​មាតា ទារក និង​កុមារ គឺជា​អាទិភាព​ចម្បង​មួយ​នៅក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​, ២.រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ពី​ព្រោះតែ​ទទួលស្គាល់​នូវ​ស្នាដៃ និង​គុណភាព​ នៃ​ការ​ផ្តល់​សេវា​ថែទាំ​មាតា ទារក និង​កុមារ​របស់​មន្ទីរពេទ្យ​នេះ និង​ទី​៣.ឈរលើ​ទិដ្ឋភាព​ហិរញ្ញវត្ថុ ទន្ទឹម​ការ​បង្កើន​ថវិកា​រដ្ឋ​ជា​បន្តបន្ទាប់​ក្នុង​ពេលកន្លងមក រួមទាំង​ការវិភាជន៍​ប្រាក់ចំណូល​ពី​ទេសចរ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ផង វា​ជា​ពេល​ដ៏​សមរម្យ​បំផុត​ដែល​គួរ​គប្បី​មាន «​មូលនិធិ​គន្ធបុប្ផា​» មួយ​ផ្ទាល់ខ្លួន​។​

ដោយឡែក ​រាជរដ្ឋាភិបាល​ស្វី​ស​បានប្រកាស ផ្ដល់ជំនួយ​ចំនួន​១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដ​ល់​កម្ពុជា​ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​រយៈពេល​៣​ឆ្នាំ​បន្តទៀត​ គឺ​ចាប់ពី​ឆ្នាំ​២០១៩ ​ដល់​ឆ្នាំ​២០២១​ខាងមុខនេះ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114