ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ ​មក​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា ​ក្នុង​ទឹកដី​ខេត្ត​រតនគិរី​ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល​២០១៩ មានការ​ធ្លាក់​ចុះ​១៨,៣១%

​រតនគិរី ៖ លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី បាន​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរ​ ដែល​អញ្ជើញ​ចូលមក​កម្សាន្ត​នៅក្នុង​ខេត្តរតនគិរី ក្នុងឱកាស​បុណ្យចូលឆ្នាំ​សកល​២០១៩​ គិតពី​ថ្ងៃ​៣០-៣១​ ដល់​ថ្ងៃទី​១​ ខែមករា ​ឆ្នាំ​២០១៩ មាន​ចំនួន​៧,៩៧៥​នាក់ ​ក្នុងនោះ​ភ្ញៀវ​ទេសចរ​ជាតិ​​ចំនួន​៧,៧៣២​នាក់ ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២៤៣​នាក់​។ ចំនួននេះ គឺមាន​ការ​ធ្លាក់​ចុះ​១៨,៣១%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​ ក្នុងនោះ​ភ្ញៀវ​ជាតិ​ធ្លាក់ចុះ​១៨,៦៥% និង​ភ្ញៀវ​អន្តរជាតិ​មានការ​ធ្លាក់​ចុះ​៥,៨១%​។

​លោក ង៉ែត ពិ​ទូ បាន​បន្ដទៀតថា មូលហេតុ​ នៃ​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវ​ជាតិ​អន្តរជាតិ​ឆ្នាំនេះ​ គឺ​បណ្តាល​មកពី​ ការ​ឈប់​សម្រាក​មាន​រយៈ​ពេល​ខ្លី ហើយ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក៏បាន​រៀបចំ​នូវ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​ដូចគ្នា​ ជាពិសេស​ឆ្នាំនេះ​ រាជរដ្ឋាភិបាល ​បានរៀបចំ​នូវ​ព្រឹត្តិការណ៍​ធំៗ នៅ​វិមាន​ឈ្នះ​ឈ្នះ ​ក្នុង​រាជធានី​ភ្នំពេញ​ នា​ថ្ងៃបុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ទីនោះ​ផង​ដែរ​។ ដូច្នេះ​ភ្ញៀវ​ជាតិ​អន្តរជាតិ​សម្រុក​ទៅលេង​កម្សាន្ត​សប្បាយ​នៅ​វិមាន​ឈ្នះ​ឈ្នះ​។​

ប្រធាន​មន្ទីរ​រូប​នេះ​ ក៏បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ​ទោះជា​យ៉ាងណា​ចំនួន​ នៃ​ការ​ធ្លាក់​ចុះ​ភ្ញៀវ​ជាតិ​អន្តរជាតិ​មកលេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី ក៏​ស្ថិត​ក្នុង​ភាព​វិជ្ជមាន​ដែរ​មិនទាន់​ដល់​សញ្ញា​ដក ( – ) នោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114