ព័ត៍មានទាន់​ហេតុការណ៏
Search

រំលឹក​កុប្បកម្ម​ដ៏​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង ​៖ អ្នកនាំពាក្យ​ថា គួរ​ដាក់ទោស សម ង្សី និង​បក្សពួក​ឲ្យ​ធ្ងន់​បំផុត ពីព្រោះ​ជា​ការ​យក​ក្រោម​លេស​ដំឡើង​ប្រាក់​ឈ្នួល ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​

ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​រំលឹក​អំពី​ការ​ធ្វើ​កុបកម្ម​ដ៏​ហិង្សា​មួយ នៅលើ​ផ្លូវ​វេ​ង​ស្រេង កាលពី​៥​ឆ្នាំមុន ដើម្បី​ផ្តួលរ​រំលំ​រដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​លេសទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ កម្មការិនី ហើយ​ថា គួរ​នាំខ្លួន​ទណ្ឌិត សម រ​ង្ស៉ី មក​កាត់ទោស​ឲ្យ​ធ្ងន់ធ្ងរ​បំផុត ពីព្រោះ​កុបកម្ម​ដ៏​ហិង្សា ដែល​ដឹកនាំ​ដោយ សម រង្ស៊ី និង​បក្ខពួក បានធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​។​

ការ​រំលឹក​របស់ លោក សុខ ឥសាន ធ្វើឡើង​កាល​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩ តាមរយៈ​សា​អេឡិចត្រូនិក តេ​ឡេ​ក្រាម ហើយក៏​ជា​ខួប​៥​ឆ្នាំ នៃ​កុបកម្ម​ដ៏​ហិង្សា នៅ​ផ្លូវ​វេ​ង​ស្រេង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​បក្ខពួក​ជា​មេដឹកនាំ​សហជីព​មួយចំនួន​។​

លោក សុខ ឥសាន សរសេរ​យ៉ាងនេះ​ថា “​អនុស្សាវរីយ​​ដ៏​ឈឺចាប់​ នៃ​អ្នកបះបោរ​”​។ លោក​អះអាងថា ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៤ ប្រជាជន​កម្ពុជា នៅ​ចងចាំ​មិនទាន់​ភ្លេច​នៅឡើយ​អំពី​ព្រឹត្តិការណ៍​បះ​បោរ និង​កុប្បកម្ម​ដ៏​ហិង្សា​ ដឹកនាំ​ដោយ​ទណ្ឌិត សម ង្សី និង​បក្សពួក ដែល​យក​ប្រជាជន និង​កម្មករ​និយោជិត​មក​ធ្វើជា​ត្រីមុខ ក្រោម​លេស​ថា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល នៅ​ផ្លូវ​វេ​ង​ស្រេង​ បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​មួយចំនួន ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​ឯកជន​អស់​ជា​ច្រើន​។​

តាម​ លោក សុខ ឥសាន “​តាម​ការពិត គឺជា​អំពើ​កុប្បកម្ម​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់ តាម​បែប​បដិវត្តន៍​ពណ៌​ដូច​នៅ​បណ្ដា​ប្រទេស​នៅ​អា​ហ្វ្រិ​ច និង​នៅ​មជ្ឈិម​បូព៌ា​”​។​

បញ្ហា​គួរកត់សម្គាល់ ការធ្វើ​កុប្បកម្ម​ដ៏​ហិ​ង្សា​នេះ បានកើត​ឡើង​នៅ​ពាក់​កណ្តាល​អធ្រាត្រ ដែល​មិន​មែន​ជា​ករណី​ធម្មតា នៃ​ការ​ធ្វើ​បាតុកម្ម​អ​ហិង្សា​របស់​កម្មករ​និយោជិត​ឡើយ​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​ហិង្សា​នេះ បើសិនជា​គ្មាន​ការ​ចាត់វិធានការ​​ទប់ស្កាត់ និង​បង្ក្រាបបាន​ទាន់ពេលវេលា​ទេនោះ ហានិភ័យ​អាច​នឹង​កើតមានឡើង​នៅ​កម្ពុជា ដោយ​សន្តិភាព​ត្រូវបាន​បំផ្លាញ ភាពច្របូកច្របល់​ក្នុង​សង្គម នឹង​កើតមាន ហើយ​គ្រោះមហន្តរាយ​ដូច​ពី​អតីតកាល នឹង​ត្រឡប់មកវិញ​ជាមិនខាន ដែល​មិន​អាច​ស្មាន​ដល់​។

លោក​បញ្ជាក់ថា “​មេ​ក្រ​ម៉ី ដែល​ចង់​នាំ​កម្ពុជា​ឲ្យ​ធ្លាក់​ទៅរក​គ្រោះមហន្តរាយ​នោះ គ្មាន​អ្នកណា​ក្រៅពី​ជន​ក្បត់ជាតិ​ឈ្មោះ​ទណ្ឌិត សម រង្សី និង​បក្សពួក​នោះទេ។ ក្រុម​ជន​ទាំងនេះ គួរតែ​នាំខ្លួន​មក​កាត់​ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​បំផុត ដើម្បី​ជម្រះ​ដល់​ទុក្ខសោក​ នៃ​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ និង​របួស​”​។​

លោក សុខ ឥសាន លើកឡើង​ដែរ​ថា ព្រឹត្តិការណ៍​ដែល​ ទណ្ឌិត សម រង្សី និង​បក្សពួក​មួយ​ក្តាប់​តូច​បាន​ដឹកនាំ​បង្កើត​អំពើ​ហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់ គឺជា​អំពើ​ដែល​មិនអាច​អត់ឱន​ឲ្យ​បានជា​ដាច់ខាត​។

ប្រឈមមុខ​ចំពោះ​អំពើ​ល្មើសច្បាប់​ដ៏​ធ្ងន់ធ្ងរ​នេះ កង​ប្រដាប់​អាវុធ​បាន​ចេញ​អន្តរា​គម​ន៏​ទប់ស្កាត់ និង​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​បាន​ទាន់ពេលវេលា ដើម្បី​រក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ និង​សេចក្តីសុខ​របស់​ប្រជាជន​កម្ពុជា ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ដូច​ពី​អតីតកាល​កើត​មាន​នៅ​កម្ពុជា​ជាថ្មី​ទៀត​ឡើយ​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើកសវនាការ​លើ​សំណុំរឿង​ផ្លូវ​វេ​ង​ស្រេង ដែលមាន​ជនជាប់ចោទ​ជា​មេដឹកនាំ​សហជីព​ចំនួន​៦​រូប ដែល​រួមមាន​ឈ្មោះ អាត់ ធន់​, ឈ្មោះ ម៉ម ញឹម​, ឈ្មោះ ប៉ាវ ស៊ីណា​, ឈ្មោះ ជា មុនី​, ឈ្មោះ រ៉ុង ឈុន និង​ឈ្មោះ យ៉ាង សោ​ភ័​ណ្ឌ ហើយ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង​២​រសៀល ចៅក្រម​បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​២​ឆ្នាំ​៦​ខែ តែ​ទោស​នេះ​ត្រូវបាន​ព្យួរ និង​បង្គាប់​ឲ្យ​រួមគ្នា​សង​សំណង​ទៅ​ដើមបណ្ដឹង​ចំនួន​២​នាក់ ​ចំនួន​៣៥​លាន​រៀល បើកផ្លូវ​ប្ដឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់​។​

មេដឹកនាំ​សហជីព​ចំនួន​៦​រូបនោះ ត្រូវបាន​ចោទប្រកាន់​ពីបទ ទី​១, ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ទី​២,បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស។ ទី​៣, គំរាមកំហែង​ថា​នឹង​ធ្វើ​ឲ្យ​មាន​ការខូចខាត​ដែល​ភ្ជាប់​នី​វ​បញ្ជា​អ្វីមួយ។ ទី​៤,បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរ​សាធារណៈ ប្រព្រឹត្ត​នៅមុន​ចំណុច​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០១៤ ជា​បទល្មើស ដែលមាន​ចែងឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២១៨ មាត្រា​៤១១ មាត្រា​៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៧៨ ​នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​៕