ព័ត៍មានទាន់​ហេតុការណ៏
Search

រថយន្ត​ទេសចរណ៍​៤៥​កៅអី ​ធ្វើ​ចរាចរ​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​កំពង់ធំ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ ត្រូវ​​ជាប់​អន្ទាក់​មេព្រៃ

កំពង់ធំ​ ៖ រថយន្ត​ទេសចរណ៍​៤៥​កៅអី ​ធ្វើ​ចរាចរ​​ដឹក​ឈើ​ឆ្លងកាត់​ខេត្ត​កំពង់ធំ​ ឆ្ពោះ​ទៅ​ភ្នំពេញ​ តែ​អស់លក្ខណ៍​ជាប់អន្ទាក់​របស់​មេព្រៃ​ផ្នែក​កំពង់ថ្ម។

ក្នុង​ការ​បង្ក្រាប​រថយន្ត​ទេសចរណ៍​៤៥​កៅអី​ដឹក​ឈើ​ខាង​លើ​នេះ​ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក មុំ សុផល នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ថា ​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ ថ្ងៃទី​០១​ ខែ​មករា​ឆ្នាំ​២០១៩​ លោក​បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​ ​​ទូរស័ព្ទ​រាយការណ៍​ប្រាប់​ថា ​មាន​រថយន្ត​ទេសចរណ៍​៤៥​កៅអី ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ ភ្នំពេញ 3C 6871 ធ្វើ​ចរាចរ​​ដឹក​ឈើ​ចេញពី​ខេត្ត​ព្រះវិហារ​ ឆ្លងកាត់​ខេត្ត​កំពង់ធំ ​ឆ្ពោះទៅ​ភ្នំពេញ​។ ពេល​បានទទួល​ព័ត៌មាន​ភ្លាម ​លោកនាយ​ផ្នែក​ បាន​បញ្ជា​ទៅ​ លោក សូ រ៉ា​ត នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​ឲ្យ​នាំ​កម្លាំង​ស្ទាក់​ចាំ​មើល​រថយន្ត​ដែលមាន​ភិនភាគ​ដូចខាងលើ​ លុះដល់​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ដដែល​ ក៏​ឃើញ​រថយន្ត​នោះ​ធ្វើ​ចរាចរណ៍​កាត់​កន្លែង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តាំងក្រសាំង​ តែ​កម្លាំង​ឃាត់​មិន​ឈប់ ​ក៏​បើករថយន្ត​ដេញ​តាម​ពីក្រោយ​តេ​ទូរស័ព្ទ​ទៅ លោក ឃុន ប៊ុនហួ មេបញ្ជាការ​អាវុធហត្ថ​ស្រុក​បារាយណ៍​ឲ្យ​ជួយ​សហការ​ឃាត់​រថយន្ត​ខាងលើ​ដែល​សង្ស័យថា​ មាន​ដឹក​ឈើ​។ លុះដល់​ម៉ោង​១​និង​០០​នាទី​យប់​ ឈាន​ចូល​ថ្ងៃទី​២​ ខែ​មករា​ ឆ្នាំ​២០១៩​ ទើប​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៦០៣​ ឃាត់​បាន​នៅ​ចំណុច​វាល​ស​សៃ​ព្រំប្រទល់​កំពង់ធំ​/​កំពង់ចាម ក្នុង​ភូមិ​តាំង​គោ​គ ឃុំ​សូ​យោង ​ស្រុក​បារាយណ៍​ ខេត្ត​កំពង់​ធំ​។​

ពេល​រថយន្ត​ឈប់​ អ្នកបើកបរ​រថយន្ត​ បាន​បើកទ្វារ​ចុះ​រត់គេច​បាត់ ​ទើប​បើក​រថយន្ត​យក​មក​កន្លែង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ធ្វើការ​វាស់វែង​ឃើញ​មាន​ឈើ​ប្រភេទ​ឈើ​ធ្លី​ក​ម៉ៃ​តាប់​ប្រវែង​២​ម៉ែត្រៗ​មាន​ចំនួន​(៣៥​ដុំ​)​ ឥឡូវ​រថយន្ត ​និង​ឈើ ​ត្រូវ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​រង់ចាំ​ម្ចាស់​រថយន្ត​មក​ចូលខ្លួន​មក​ផាក​វិន័យ​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114