ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង ​ពឹងផ្អែក​លើ​ខ្សែប្រយុទ្ធ Son ដើម្បី​ស្វែងរក​ជើងឯក​ Asian Cup

កូរ៉េខាងត្បូង​សង្ឃឹមថា​ល្បឿន​នៃ​ការប្រកួត​ដ៏​អស្ចារ្យ និង​គ្រាប់​បាល់​របស់​កីឡាករ Son Heung-min អាចជួយ​ពួកគេ​បញ្ចប់​ការ​រង់ចាំ​រយៈពេល​៥៩ ឆ្នាំ​ដើម្បី​ទទួល​បាន​តំណែង​ជើងឯក​ប្រចាំ​ទ្វីប ខណៈ​ដែល​ការប្រកួត Asian Cup នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ។

ក្រុម​ម្ចាស់​ជើងឯក​អូស្ត្រាលី ជើងឯក ៤ សម័យកាល​ជប៉ុន អ៊ីរ៉ង់ និង​ម្ចាស់ផ្ទះ​អារ៉ាប់​រួម​សុទ្ធតែជា​គូប្រជែង​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​នឹង​មាន​អារម្មណ៍​រីករាយ​ចំពោះ​ការ​ជួប​ជាមួយ​នឹង​ក្រុម​របស់​លោក​Paulo Bento ឡើយ។

ក្រុម​ជើងឯក​រង​កាលពី​ឆ្នាំ ២០១៥ មួយ​នេះ​បានបង្ហាញ​ពី​ភាពខ្លាំង​របស់​ពួកគេ​នៅលើ​ឆាក​អន្ដរជាតិ​ក្នុងពេល​ថ្មីៗ​នេះ ​ដោយបាន​យកឈ្នះ​ម្ចាស់​ជើងឯក​ពិភពលោក​ឆ្នាំ ២០១៤ អាល្លឺម៉ង់​នៅ​ការប្រកួត​បាល់ទាត់​ពិភពលោក​កាលពី​ឆ្នាំមុន​មុនពេល​ក្លាយជា​ម្ចាស់​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games នៅក្នុង​ខែកញ្ញា ។​

ខ្សែប្រយុទ្ធ Son វ័យ ២៦ ឆ្នាំ​រូបនេះ​គឺជា​ស្នូល​នៃ​ជោគជ័យ​ទាំងពីរ​នេះ ហើយ​ការ​ពេញចិត្ត​របស់​រូប​គេ​គឺ​ជាក់ស្ដែង​នៅ Asian Games នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ជា​កន្លែង​ដែល​ជ័យជម្នះ​មួយ​នេះ ​ធ្វើ​ឲ្យ​ក្រុម​របស់​ពួកគេ​គេច​ផុតពី​ការ​ចូល​បម្រើកងទ័ពរ​បស់​ប្រទេស​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ២១ ខែ ។​

ខ្សែប្រយុទ្ធ​របស់​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ដែលមាន​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ជាមួយ​នឹង​ការ​ស៊ុត​ច្បាស់​ៗ​ពី​ជើង​ទាំងពីរ​របស់​គេ​បាន​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ទាក់ទាញ​សម្រាប់​ក្លិប​របស់​រូបគេ​ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៧ គ្រាប់​នៅ​ក្នុង​ការប្រកួត​ចំនួន ៧ លើក​ចុង​ក្រោយ​ក្នុង​ក្របខ័ណ្ឌ Premier League ។ ប៉ុន្តែ​រូ​ប​គេ​នឹង​អង្គុយ​មើល​ការប្រកួត​របស់​កូរ៉េខាងត្បូង​នៅ​ពីរ​ប្រកួត​ដំបូង​នៅ​សប្តាហ៍​ក្រោយ​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប​របស់គាត់​នៅក្នុង​ការ​ត្រលប់​មកវិញ​សម្រាប់​ការប្រកួត Asian Games កាលពី​ឆ្នាំមុន ។​

កីឡាករ Son ដែល​ជា​កីឡាករ​អាស៊ី​កំពុង​ជោគជ័យ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​ក្របខ័ណ្ឌ Premier League នឹង​សង្ឃឹមថា កូរ៉េខាងត្បូង​នឹង​ធ្វើ​បាន​ល្អ​ពេល​ប្រកួត​នឹង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​កៀហ្ស៊ីស៊ី​ស្ថាន​មុន​ពេល​ដែល​រូបគេ​បាន​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពូ​ល C ជួប​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ថ្ងៃទី ១៦ ខែ​មករា។

គួរ​រម្លឹក​ផង​ដែរ​ថា ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កូរ៉េ​បាន​រង​បរាជ័យ ២-១ ដោយ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អូស្ត្រាលី​នៅ​ក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ ២០១៥ ដោយ​មិន​បាន​ឈ្នះ​ពានរង្វាន់ Asian Cup ចាប់តាំង​ពី​ឆ្នាំ ១៩៦០ ដែល​ជា​កំណត់ត្រា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ៕ AFP