ព័ត៍មានទាន់​ហេតុការណ៏
Search

កសិករ​ស្រុក​ក្រូចឆ្មារ និយម​ដាំ​ដំណាំ​ប៉ិកគក់​រួមផ្សំ ដើម្បី​ជួយ​ជីវភាព​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ឡើង​

ត្បូងឃ្មុំ​ ៖ កសិករ​ចំនួន​៣​ភូមិ គឺ ភូមិ​ទី​១ ភូមិ​ទី​២ និង​ភូមិ​ទី​៦ ឃុំ​កំពង់ទ្រាស ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ សប្បាយចិត្ត​ក្នុង​ការ​ប្រមូល​ផលដំណាំ​ប៉ិកគក់​ដោយ​សារ ប៉ិកគក់​ងាយ​ដាំ ធន់​នឹង​អាកាសធាតុ វា​ឲ្យ​ផល​ល្អ ងាយ​លក់​មាន​ទីផ្សារ​ល្អ ឆ្នាំនេះ​វា​ឲ្យ​ផល​ល្អ ដូច​ឆ្នាំទៅ​ដែរ ចំពោះ​ទីផ្សារ​ក៏​មាន​ហាងឆេង​ល្អ​ជាង​ឆ្នាំទៅ​ដែរ។

លោក រ៉​ន សឿន ជា​កសិករ​នៅ​ភូមិ​ទី​១ បាន​ឲ្យ​ដឹង​ថា លោក​ដាំ​ប៉ិកគ​ក់​នេះ ​រយៈពេល ៧ ឆ្នាំ​មកហើយ ដោយ​ឃើញ​ថា ប៉ិកគក់​ងាយ​ដាំ​ផល​ក៏​ល្អ ស្រួល​លក់​មាន​ទីផ្សារ​ក្នុងស្រុក​ច្បាស់លាស់។ ផលប្រយោជន៍​ប៉ិកគក់​គេ​យក​មើម​វា​ទៅ​បរិភោគ ធ្វើ​ស្នូលនំ​ប៉ាវ និង​យក​ទៅ​ឲ្យ​សត្វ​ស្វា​ស៊ី​ជា​ចំណី​ទៀតផង។ ឆ្នាំនេះ​នៅ​ដើមរដូវ​ប៉ិកគក់​លក់​បាន​តម្លៃ ក្នុង​១​គីឡូក្រាម ១០០០​រៀល​(១​ពាន់​រៀល​) ខណៈ ឆ្នាំទៅ​ប៉ិកគក់​មាន​តម្លៃ ៦០០​រៀល ទៅ​៧០០​រៀល​ក្នុង​១​គីឡូក្រាម ប៉ុន្មាន​ឆ្នាំនេះ​ប៉ិកគក់​មាន​តម្លៃ​សមរម្យ​ដែល​អាច​ជួយ​ឲ្យ​ជីវភាព​របស់​គាត់​បាន​ធូរធារ​ប្រសើរ​ឡើង​ជាង​មុន។ ហើយ​គាត់​ដាំ​ប៉ិកគក់​នៅ​លើ​ផ្ទៃដី​ទំហំ​១​ហិច​តា ប្រើ​គ្រាប់​អស់​ចំនួន​៤៥​គីឡូក្រាម​គ្រាប់ វា​ឲ្យ​ផល​ពី ៣០​ទៅ​៤៥​តោន​ក្នុង​រយៈពេល​៣​ខែ កសិករ​ចាប់​ដាំ​នៅ​រដូវ​ទឹក​ស្រក ចាប់ពី​ខែតុលា និង​ខែវិច្ឆិកា ហើយ​ចាប់​ប្រមូល​ផល​នៅ​ដី​ម​ខែមករា និង​ដើមខែ​កុម្ភៈ ប៉ិកគក់​អាច​ដាំ​បាន​ចំនួន​២​ដង​ក្នុង​១​រដូវ។ ចំពោះ​ទីផ្សារ​មិនចាំបាច់​ដឹក​ទៅ​លក់​នោះ​ទេ ដោយ​គ្រាន់តែ​ដក​រួច​ច្រក​ថង់ ក្នុង ១​ថង់ ១០​គីឡូក្រាម ម៉ូយ​គេ​មក​ថ្លឹង​យក​ទាំងអស់ ហើយ​ម៉ូយ​ដឹក​យក​ទៅ​លក់​ចែកចាយ​នៅ​ផ្សារ​សួង​ក្នុង​ខេត្ត​ត្បូងឃ្មុំ ផ្សារ​ខេត្តកំពង់ចាម និង​យក​ទៅ​លក់​នៅ​រាជធានី​ភ្នំពេញ​ផងដែរ។

លោក រ៉​ន សឿន បន្ត​ថា ដើម្បី​ទទួល​បាន​ទិន្នផល​ខ្ពស់​ត្រូវការ​ជ្រើសរើស​ពូជ ណា​ដែល​ល្អ ហើយ​ទុក​ពូជ​ដោយ​ខ្លួនឯង។ មុន​ដាំ​ត្រូវ​ភ្ជួរ​ដី ២ ទៅ ៣ ដង​ហាល​ដី​ចោល​មួយ​សប្ដាហ៍ ទើប​រាស់​ឲ្យ​ស្អាត ហើយ​លើក​ជា​រង ទើប​ដាក់​ដាំ​គ្រាប់ ដាក់​ជីធម្មជាតិ​ជីលា​មក​គោ ថែទាំ ស្រោច​ទឹក ជ្រុំ​គល់ ដកស្មៅ និង​កាត់​ត្រួយ​ខ្ចីៗ​ចោល​ចំនួន ៣​ដង ដើម្បី​ឲ្យ​មើម​រីក​ធំ​ល្អ ថែទាំ​រយៈពេល ៣ ខែ​ចាប់​ប្រមូល​ផល។

លោក សឿន បន្ថែម​ថា ចំណូល​ប្រចាំឆ្នាំ​របស់​គាត់​មិន​ទៀង​ព្រោះ​ឆ្នាំ​ខ្លះ​ប៉ិកគក់​មានតម្លៃ​ខ្ពស់ ឆ្នាំ​ខ្លះ​ប៉ិកគក់​មានតម្លៃ​ទាប ក្នុង​១​ហិច​តា ចំណាយ​ដើមទុន​ដាំ​អស់​៥​លាន​រៀល ហើយ​ផាត់​សោហ៊ុយ​ដាំ​នៅសល់​២០​លាន​រៀល​ដែរ នៅពេល​យើង​ដាំ​១​លើក។

លោក ឆន ស៊ា​វ​ឡេង ជា​មេឃុំ​កំពង់ទ្រាស បាន​បញ្ជាក់​ថា ភូមិ​ទាំង​៣​នេះ មាន​ចំនួន​៩៣៩​គ្រួសារ ហើយ កសិករ​ដែល​ដាំ​ប៉ិកគក់ មាន​ចំនួន​៧០​គ្រួសារ​ដែរ ក្រៅពី​ធ្វើស្រែ កសិករ​និយម​ដាំ​ដំណាំ រួមផ្សំ​មានដូចជា ត្រសក់ ត្រឡាច ននោង ល្ពៅ ម្រះ ស្ពៃ​ក្ងោក សណ្តែក​គួរ ពោត មមាញ ត្រប់ ប៉េងប៉ោះ និង ម្ទេស បន្ថែម​ទៀត ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។ តាម​ជាក់ស្តែង​កសិករ​ដែល​បាន​ដាំ​ប៉ិកគ​ក់ គឺ​មាន​ជីវភាព​សមរម្យ​ល្អ​គ្រប់ៗ​គ្រួសារ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114