ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ប្ដី​ស័ក្ដិ​៤​យោធា​ម្នាក់ ខឹង​ប្រពន្ធ​តាម​ទាន់​ខ្លួន​មាន​ស្រី​ស្នេហ៍ ​បែរជា​គំរាម​សម្លាប់​ម៉ា​ពូជ

ភ្នំពេញ ​៖​ បុរស​យោធា​ស័ក្ដិ​៤​ម្នាក់​ ដោយ​ខឹង​ប្រពន្ធ​ និង​បងថ្លៃ​ស្រី ដឹង​រឿង​ខ្លួន​មាន​ស្រី​ថ្មី ក៏​បាន​ប្រើ​អំពើ​ហិង្សា​វាយ​ប្រពន្ធ​ ព្រមទាំង​គំរាម​បាញ់សម្លាប់ បងស្រី​ថ្លៃ​ស្រី និង​ម្ដាយ​ក្មេក ​ទើប​ពួកគេ​ប្ដឹង​ឲ្យ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឃាត់ខ្លួន ប្រគល់​អោយ អាវុធហត្ថ​ចាត់ការ​បន្ត កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២​ ខែ​មករា ​ឆ្នាំ​២០១៩​ នៅផ្ទះ​ជួល​ភូមិ​ព្រៃទា ​សង្កាត់​ចោមចៅ​ទី​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនសង្ស័យ​ជា​ទាហាន​ឈ្មោះ ហង្ស រ៉ា​ឌែ​រ​ ភេទ​ប្រុស​ អាយុ​២៨​ មុខរបរ​ទាហាន រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រីនៅ​ខេត្ត​កំពង់ស្ពឺ​។​ ចំណែកឯ​ជនរងគ្រោះ​ក្នុងករណី​ខាងលើ មាន​៣​នាក់ ទី​១ ស្ត្រី ជា​ប្រពន្ធ ឈ្មោះ សួន ស្រី ទូច អាយុ ២៧​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ស្នាក់​ភូមិ​ភូមិ​កើតហេតុ​ខាងលើ ទី​២ ឈ្មោះ សួន រ៉ុ​ន បងថ្លៃ​ស្រី អាយុ ៣២​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ រស់នៅ​ផ្ទះជួល​ជាមួយគ្នា និង​ទី​៣​ឈ្មោះ សូរ ហ៊ុត ត្រូវជា​ម្តាយក្មេក អាយុ ៥៤​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​រស់នៅ​ផ្ទះ​ជាមួយគ្នា។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ ទាំង​៣​នាក់ បានអោយដឹងថា កាលពី​ថ្ងៃទី​២១ ​ខែធ្នូ​ ឆ្នាំ​២០១៨ ឈ្មោះ ហង្ស រ៉ា​ឌែ​រ ដែលជា​ជនជាប់ចោទ បាន​ទៅ​ការ​បងប្អូន​ក្នុង​ស្រុកភូមិ នៅ​ទី​រួម​ខេត្តតាកែវ ហើយ​គាត់​បាន​នាំ​ស្រី​ស្នេហ៍​របស់​គាត់​ទៅជា​មួយ​ ព្រមទាំង​ឪពុកម្តាយ​របស់​ខ្លួន​ផងដែរ តែ​មិន​យកប្រពន្ធ​ពេញ​សិទ្ធិ ទៅជា​មួយ​នោះ​ឡើយ ដោយសារ​បែបនេះ​ទើប​ត្រូវ​បាន អ្នក​ស្រុក​រស់នៅ ភូមិ​ខាង​ប្តី តេ​ប្រាប់ ប្រពន្ធ​ថា ប្តី​របស់​នាង​ទៅ​ការ​បងប្អូន​បាន​យក​ស្រី​ស្នេហ៍​ទៅជា​មួយ​ផង​។​

ប្រភព​បន្ដថា​ ​គ្រាន់តែ​ឮដំណឹង​នេះ ស្រាប់តែ​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​បងស្រី ជូនទៅ កន្លែង មង្គលការ​នោះ​ ក៏​បានឃើញ ជាក់ស្ដែង​នឹង​ភ្នែក​មែន ហើយ​ក៏​ឃើញ​ឪពុក​ម្តាយក្មេក​និង​ស្រី​ស្នេហ៍​របស់លោក​ប្ដី​ខ្លួន​កំពុង​ហូប​ការ​ជុំគ្នា​នោះដែរ។ បន្ទាប់មក ប្រពន្ធ​ហៅ​ប្តី មក​ក្រៅ ដើម្បី​និយាយ​រក​ខុសត្រូវ ហើយ​បងស្រី ថត​សកម្មភាព ប្អូនថ្លៃ​របស់គាត់​ទុកជា​វត្ថុតាង​។ លុះ​រហូតដល់​ថ្ងៃទី​២៩​ ខែ​ដដែល​ បាននាំគ្នា​ត្រឡប់ មក​ផ្ទះ​វិញ។ នៅពេល​មកដល់​ផ្ទះ​វិញ​លោក​ប្ដី​បាន គំរាម​សម្លាប់​បងថ្លៃ​និង​ម្តាយក្មេក​​​របស់ខ្លួន​ព្រោះតែ​តាមរក​រឿង​គាត់។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​មកដល់​ថ្ងៃ កើតហេតុ​ខាងលើ រឿង​នៅតែ​មិនទាន់​ចប់​ព្រោះ ជនជាប់ចោទ ត្រូវជា​ប្តី​នៅតែ​លួច​ទាក់ទង​ស្រី​ស្នេហ៍​ដដែល ហើយ​យក​ទូរស័ព្ទ បងស្រី​ថ្លៃ ដែល​ថតរូប​ជា​ភស្ដុតាង​នោះ​ លុប​រូប​ចោល​ និង​បោក​ទូរ​ស័ព្ទ​បងថ្លៃ​ ហើយ​គំរាម សម្លាប់​បងថ្លៃ និង​ម្តាយក្មេក ម្តង​ទៀត ធ្វើ​ឲ្យ​ក្រុមគ្រួសារ ស្ត្រី​ជា​ប្រពន្ធ ភិតភ័យ​យ៉ាង​ខ្លាំង​ទើប​បងប្អូន​រត់​មកប្តឹង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​អោយជួយ អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ដោយ​ដឹងថា បុរស​ខាងលើ​ជា​មន្ត្រី​យោធា​ហើយ​បាន​ទាក់ទង​ទៅ អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​បន្ត​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114