ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ឹម ជីវ៉ា សាងផ្នួស​សងគុណ​ឪពុក​-​ម្តាយ​ជា​លើក​ទី​២ ​បន្ទាប់ពី​រួចផុត​ពី​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត​

​ភ្នំពេញ ​៖​ តារា​សម្ដែង​ប្រុស ​លោក អ៊ឹម ជីវ៉ា កាលពី​ថ្មីៗ​​កន្លងមកនេះ​ ត្រូវបាន​ទស្សនិកជន​ដឹង​ហើយ​ថា ​លោក​បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់​ និង​ភ្ញាក់ផ្អើល​មួយ​ ខណៈ​ដែល​រថយន្ត​របស់​លោក​ ត្រូវបាន​ក្រឡាប់​អំឡុងពេល​ធ្វើដំណើរ​ទៅ​ចូលរួម​ពិធី​អបអរ​បុណ្យ​សមុទ្រ​នា​ទឹកដី​ខេត្តកោះកុង ​បណ្តាល​ឲ្យ​តៃកុង​ឡាន​ម្នាក់​ស្លាប់​។ ​ប៉ុន្តែ​ជា​សំណាងល្អ​គ្រានោះ​ គឺ​លោក អ៊ឹម ជីវ៉ា និង​ក្រុមការងារ​រួម​ដំណើរ​ពុំបាន​ស្ថិត​ក្នុង​ហេតុការណ៍​ឡើយ​ ពោលគឺ​លោក​ស្ថិត​នៅ​ឯ​ផ្ទះសំណាក់​ដោយ​សុវត្ថិភាព​។​

ស្រប​ពេលដែល​តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា បាន​រួច​ចាក​ផុតពី​គ្រោះ​អាក្រក់​មួយ​នេះ​ ដោយសារតែ​មានគុណ​បុណ្យ​ នៃ​អំពើ​ល្អ​តាម​ជួយ​ថែរក្សា​ និង​ឃុំគ្រង​ជីវិត​លោក​នោះ​ ដើម្បី​ជា​ការ​តបស្នង​សាង​គុណ​ឪពុក​-​ម្តាយ​ និង​មនុស្ស​ដែល​ធ្លាប់​មានគុណ​មកលើ​ខ្លួន ​លោក អ៊ឹម ជីវ៉ា ក៏បាន​សម្រេចចិត្ត​ប្រកាស​ចូល​សាងផ្នួស​ជា​លើក​ទី​២ ក្នុង​គោលបំណង​ចំនួន​៥​ចំណុច ​រហូត​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​សម្ដែង​ការ​គាំទ្រ ​និង​លើក​សរសើរ​។​

ចំពោះ​ពិធី​សាងផ្នួស ​ដោយ​ការ​គ្រង​ស្បង់​ចីវរ ​ប្រារព្ធ​ធ្វើទៅ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា​របស់​លោក អ៊ឹម ជីវ៉ា ខាងលើនេះ ​គឺ​បាន​ប្រព្រឹត្តិ​ឡើង ​នា​ព្រឹក​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០១៩ ​ដោយ​មានការ​ចូលរួម​ពី​សាច់ញាតិ ​ឪពុក​-​ម្តាយ​ បងប្អូន​ និង​មិត្ត​ជិតស្និទ្ធ ​រួមទាំង​តារា​សិល្បៈ​រួម​អាជីព​មួយចំនួន​ផង​ដែរ​។ ពិធី​នេះ ​បាន​ធ្វើឡើង​ស្ថិតនៅ​វត្ត​នាគ​វ័​ន្ត សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​

បើតាម​ការរៀបរាប់​ឲ្យ​ដឹង​ពី​សំណាក់ ​លោក អ៊ឹម ជីវ៉ា នៅមុន​ពេល​គ្រង​ស្បង់​ចីវរ​ចូល​សាងផ្នួស​ជា​ព្រះសង្ឃ​បានបញ្ជាក់​ថា ​ដោយ​ខ្ញុំ​មាន​ឧបនិស្ស័យ​ជ្រះថ្លា​ជាមួយ​ព្រះពុទ្ធសាសនា ខ្ញុំបាទ​ នឹង​សាងផ្នួស​(​បួស​) ជា​លើក​ទី​២ ម្តង​ទៀត។​ ខ្ញុំបាទ​ បាន​បួស​ជា​សាមណេរ​រួច​ម្តង​ហើយ ​កាលពី​អំឡុង​ឆ្នាំ​២០១២ ហើយ​ខ្ញុំបាទ​ នឹង​ត្រូវ​បួស​បំពេញ​ជា​ភិក្ខុ​ម្តង​ទៀត ​គឺ​នៅ​ថ្ងៃទី​០៣ ខែ​មករា នេះ​តែម្តង​។​

តារា​ប្រុស​ លោក អ៊ឹម ជីវ៉ា បន្តទៀតថា កម្មវិធី​នេះ ​គឺ​ប្រារព្ធ​ធ្វើ​ទៅ​តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា​ដោយមាន​ការ​ដង្ហែ​ទៅ​បំបួស​ជាដើម​។ ​ចំពោះ​គោលបំណង ​នៃ​ការ​សាងផ្នួស​នេះ​ គឺ​ទី​១,​ដើម្បី​បំពេញ​តួនាទី​ជា​កូន​ខ្មែរ​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា។ ​២,​ដោយសារតែ​ខ្ញុំបាទ​ធ្លាប់​ជា​កូន​សិស្សលោក​(​ព្រះសង្ឃ​)​រស់នៅ​ដោយសារ​បាយ​បាត្រ​រៀន​សូត្រ​នៅ​វត្ត​នាគ​វ័​ន្ត​តាំងពី​តូច​។ ៣,​ដើម្បី​សង​គុណ​ឪពុកម្ដាយ និង​អ្នកមានគុណ មនុស្ស​ល្អៗ​ ដែល​តែងតែ​ជួយ​ខ្ញុំបាទ​ទាំង​ថវិកា កម្លាំងចិត្ត និង​ជួយ​គ្រប់​ប៉ែ​ប​យ៉ាង​ពេល​ខ្ញុំបាទ​កំពុង​ពិបាក ​និង​វេទនា​។​
៤,​ខ្ញុំបាទ​សូម​លា​មាត់​លា​ពាក្យ​ទាំងឡាយ​ដែល​ខ្ញុំបាទ​បាន​ធ្លាប់​និយាយ​ទាំងអស់ និង​សូ​ម​ខមាទោស​ចំពោះ​មនុស្ស​ដែល​ខ្ញុំ​ធ្លាប់ធ្វើ​ខុស​លើ​ពួកគាត់​ដោយ​ប្រការ​ណា​មិនដឹង​ខ្លួន​ និង​អភ័យ​ទោស​ឲ្យ​ចំពោះ​មនុស្ស​ដែល​ធ្លាប់ធ្វើ​ខុស​លើ​ខ្ញុំបាទ និង ទី​៥,​សូម​បួងសួង​ឲ្យ​ប្រជាជន​ខ្មែរ​ ចេះ​ស្រលាញ់​ និង​សាមគ្គី​គ្នា​កាន់តែខ្លាំង​ឡើង និង​សូមឲ្យ​ប្រទេស​យើង​មាន​សុខសន្តិភាព​ ស្ថិរភាព​ មានការ​រីកចម្រើន ​រហូត​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ ​និង​ឈ្លាស​វៃ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។​

តារា​សម្តែង​ប្រុស ​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមទៀតថា​ ចំពោះ​ពេលវេលារ​ដែល​ខ្ញុំបាទ​បួស ​គឺ​មិនទាន់​បាន​កំណត់ថា ​សឹក​ពេលណា​នោះទេ។

​សូមបញ្ជាក់ថា​ នៅក្នុង​ពិធី​សាងផ្នួស​ជា​ភិក្ខុសង្ឃ​របស់ លោក អ៊ឹម ជីវ៉ា នា​ព្រឹក​ថ្ងៃ​ទី​៣​មករា​នេះ​ដែរ​ គេ​កត់សម្គាល់ឃើញ​មានការ​ចូលរួម​ពី​សិល្បករ​មួយចំនួន​ដូចជា អតីត​តារា​កំប្លែង​ នាយ​ឃ្លោក ,​អ្នកស្រី ថុង ស៊ីវ​ទៀង ម្ចាស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ ,MC វុទ្ធី ,​យ៉េ​យ៉េ ,​អ្នកស្រី ប្រជ្រុយ រួម​នឹង​អ្នក​សិល្បៈ​មួយចំនួនទៀត​៕