ព័ត៍មានទាន់​ហេតុការណ៏
Search

សិស្សសាលា​បឋមសិក្សា​អង្គ​ភ្នំ​តូច​ ខេត្ត​កំពត​ ជាង​២០០​នាក់​ ទទួល​បាន​សម្ភារៈ​សិក្សា​ តាមរយៈ​តារា​ស្រី ពេជ្រ ចរណៃ​

​ភ្នំពេញ​ ៖ ​តារា​សម្ដែង​ស្រី​ កញ្ញា ពេជ្រ ចរណៃ ដោយមាន​ការចូលរួម​ចំណែក​ពី​សប្បុរសជន​នៅ​ក្រៅ​ប្រទេស ​គឺ​លោក សុខ សារា​វុ​ត្ថ រួមទាំង​ក្រុមការងារ​នោះ ​កាលពី​ថ្ងៃទី​២៩​ធ្នូ ពោល​គឺ​មុន​ថ្ងៃ​ឆ្លង​ឆ្នាំ​២​ថ្ងៃ ​បាន​នាំយក​សម្ភារៈ​សិក្សា​ និង​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​ និង​ផ្តល់​ក្តី​ស្រលាញ់​ដល់​សិស្ស​ជាង​២០០​នាក់ ​ស្ថិតនៅ​សាលាបឋមសិក្សា​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

ចំពោះ​សម្ភារៈ​សិក្សា​ដែល​ត្រូវ​បាន​តារា​សម្ដែង ​កញ្ញា ពេជ្រ ចរណៃ យក​ទៅ​ចែក​ជូន​ដល់​សិស្ស​សាលា​ចំនួន​២៥០​នាក់​ខាងលើនេះ​រួមមាន សៀវភៅ ,​ប៊ិច ,​ខ្មៅ​ដៃ​,​ជ័រលុប ,​បន្ទាត់ ​និង​ថវិកា​ផ្ទាល់ខ្លួន​ខ្លះៗ​ទៀត ​ដើម្បី​ចែក​ដល់​សិស្ស​ និង​លោកគ្រូ​-​អ្នកគ្រូ ​ដែល​កំពុង​បង្រៀន​នៅ​សាលាបឋមសិក្សា​អង្គ​ភ្នំ​តូច​នោះ​ផងដែរ​។​

កញ្ញា ពេជ្រ ចរណៃ នា​ក្នុងឱកាស​នោះ​ ក្រៅតែពី​ការចែករំលែក​សម្ភារៈ​សិក្សា​ដល់​ប្អូនៗ​សិស្ស​នៅ​ទីនោះ​ហើយ ​គឺ​នាង​ក៏បាន​ថ្លែង​ពី​ចំណាក់​អារម្មណ៍​របស់​ខ្លួន ​ដើម្បី​ផ្ដាំផ្ញើ​ដល់​ក្មេងៗ​ឲ្យ​ខិតខំ​សិក្សា​និង​ស្តាប់​នូវ​ដំបូន្មាន​ល្អ​ពី​ឪពុកម្ដាយ ​និង​លោកគ្រូ​អ្នកគ្រូ​ ដែលជា​អាណាព្យាបាល​ទី​២​ផង​ដែរ​។​

មិនតែប៉ុណ្ណោះ ​កញ្ញា ពេជ្រ ចរណៃ ក៏បាន​អំពាវនាវ​និង​បំផុត​ដល់​ពួកគាត់​(​សិស្ស​)​ឲ្យ​ជៀស​ចាក​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​ទៀត​ផង​។​

តារា​ស្រី ​កញ្ញា ពេជ្រ ចរណៃ បានបញ្ជាក់​បន្ថែមថា​ នាង​ខ្ញុំ ពេជ្រ ចរណៃ ជំនួស​ឲ្យ​លោកគ្រូ​ អ្នកគ្រូ​សូម​ថ្លែង​អំណរ​អរគុណ​បងប្រុស សុខ សារា​វុ​ត្ថ ទោះបី​បង​រស់នៅ​ប្រទេសក្រៅ​ តែ​បង​តែងតែ​ជួយ​មកដល់​ប្អូនៗ​ដែល​ខ្វះខាត​នូវ​សម្ភារៈ​សិក្សា នឹង តែងតែ​ជួយ​ដល់​លោកយាយ ​លោកតា ​ចាស់ជរា​ដែល​ខ្វះខាត​ និង​ជួប​ទុក្ខលំបាក​។​

លើសពីនេះ ​កញ្ញា ពេជ្រ ចរណៃ ក៏បាន​អះអាង​ពី​ឆន្ទៈ​របស់ខ្លួន​ថា ​នាង​នឹង​បន្ត​ធ្វើ​សកម្មភាព​មនុស្ស​ធម៌​នេះ​បន្តទៀត​ ថ្វីត្បិតតែ​ខ្លួន​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក៏ដោយ ​តែ​នាង​នឹង​ប្រកាស​អំពាវនាវ​ដល់​សប្បុរសជន​ដើម្បី​ចូលរួមចំណែក​ការងារ​នេះ​ជា​បន្តបន្ទាប់​ទៀត​៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114