ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ ទូទាំង​ប្រទេស​ នៅ​ចុងខែ​មេសា​ខាងមុខនេះ​

​ភ្នំពេញ ​៖ ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​២២​ ខែ​មេសា ​ឆ្នាំ​២០១៩​ ខាងមុខនេះ​ នៅ​វិទ្យាល័យ​១០​មករា​១៩៧៩​ ខេត្ត​សៀមរាប​។​
​ ​
យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ចេញផ្សាយ​ថ្ងៃទី​០២ ​ខែមករា​ឆ្នាំ​២០១ ៩​ បាន​ឲ្យ​ដឹងថា ​សម្រាប់​ឆ្នាំនេះ​ ក្រសួង​នឹង​រៀបចំ​ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ ​នៅ​ទូទាំង​ប្រទេស​នៅ​ខេត្ត​សៀមរាប ​នៅ​ថ្ងៃទី​២២​ រហូតដល់​ថ្ងៃទី​២៨​ ខែមេសា​ ឆ្នាំ​២០១៩​ ខណៈ​ឆ្នាំមុន​ក្រសួង​រៀបចំ​ នៅ​ខេត្ត​កំពង់ចាម​។​
​ ​
ការប្រឡង​ជ្រើសរើស​សិស្ស​ពូកែ​នេះ ​គឺ​ដើម្បី​ពង្រឹងគុណភាព​អប់រំ និង​អភិវឌ្ឍ​ធនធានមនុស្ស ប្រកប​ដោយ​សីលធម៌ និង​ចំណេះដឹង​ខ្ពស់។​

លោក​បណ្ឌិតសភា ​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់ថា «​ក្រសួង​អប់រំ យុវជន និង​កីឡា សង្ឃឹមថា លោក​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត និង​ផ្សព្វផ្សាយ សេចក្ដីណែនាំ​នេះ ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​សាធារណៈ និង​ឯកជន​ក្នុង​រាជធានី​ភ្នំពេញ​-​ខេត្ត ព្រមទាំង​អនុវត្ត​សេចក្ដីណែនាំ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។​

​ការជ្រើសរើស​សិស្ស​ពូកែ​នៅ​ទូទាំងប្រទេស​មាន​ពីរ​កម្រិត ​គឺ​ថ្នាក់​ទី​៩​ និង​ថ្នាក់​ទី​១២ ​ដោយ​កម្រិត​នីមួយៗ​ប្រឡង​បី​មុខវិជ្ជា​ គឺ​វិជ្ជា​គណិត​,​រូបវិទ្យា​ និង​អក្សរសិល្ប៍​ខ្មែរ​ ដោយ​១​មុខវិជ្ជា​ ជ្រើសរើស​សិស្ស​ចំនួន​៨០​នាក់​ នៅ​ទូទាំងប្រទេស​ ហើយ​បែងចែក​ទៅតាម​កូតា​ខេត្ត​មាន​ប្រជាជន​តិច​ ឬ​ច្រើន​ដោយ​ធ្វើ​ម៉េច​ឲ្យ​បាន​៨០​នាក់​ ក្នុង​១​មុខវិជ្ជា​ សរុប​ចំនួន​៤៨០​នាក់​។​

ចំណែក​រាជធានី​ខេត្ត​នីមួយៗ​ ត្រូវ​ប្រឡង​ចម្រាញ់​នៅ​ខែមីនា ​ឆ្នាំ​២០១៩​ ដោយ​យក​សិស្ស​ចំនួន​១០​នាក់ ​ក្នុង​១​មុខវិជ្ជា​ ដើម្បី​បន្តទៅ​ចូលរួម​ប្រឡង​ថ្នាក់ជាតិ​។​ មានន័យថា​ថ្នាក់​ទី​៩​ យក​៣០​នាក់​ និង​ថ្នាក់​ទី​១២​យក​៣០​មក​ប្រឡង​នៅ​ថ្នាក់​ជាតិ​។​ បន្ទាប់មក​ យក​តែ​១០​នាក់​ទេ​ ក្នុង​មុខវិជ្ជា​នីមួយៗ​។
​ ​
ចំពោះ​ជ័យលាភី​វិញ​ ក្រសួង ​បានផ្តល់​ចាប់ពី​លេខ​១ ​ដល់​លេខ​១០​ តែ​ជ័យលាភី​លេខ​១​ ដល់​លេខ​៣​ទទួលបាន​ពាន់​អប​ដោយ​ថវិកា​ពី​ក្រសួង​។​

ចំពោះ​ប្រាក់រង្វាន់​លេខ​១ ​ទទួលបាន​ចំនួន​៣​លាន​៥​សែន​រៀល​, ចំណាត់ថ្នាក់​លេខ​២ ​ទទួលបាន​ចំនួន​៣​លាន​២​សែន​រៀល​,​លេខ​៣​ ទទួល​បាន​២​លាន​៩​សែន​រៀល​,​លេខ​៤​ ទទួល​បាន​២​លាន​៦​សែន​រៀល​,​លេខ​៥​ទទួលបាន​២​លាន​៣​សែន​រៀល​,​លេខ​៦​ទទួលបាន​២​លាន​រៀល​,​លេខ​៧​ទទួលបាន​១​លាន​៧​សែន​រៀល​,​លេខ​៨​ទទួល​បាន​១​លាន​៤​សែន​រៀល​,​លេខ​៩​ទទួលបាន​១​លាន​១​សែន​រៀល​,​និង​លេខ​១០​ទទួលបាន​៨០​ម៉ឺន​រៀល​។​

លោក បណ្ឌិតសភា​ចា​រ្យ ហង់ ជួនណា​រ៉ុ​ន ​ធ្លាប់​បានស្នើ​ឲ្យ​គ្រប់​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី ខេត្ត ទាំងអស់​យកចិត្តទុកដាក់ ពិនិត្យ​តាមដាន​លើ​ការជ្រើសរើស​ជ័យលាភី​សិស្ស​ពូកែ​ថ្នាក់​រាជធានី ខេត្ត ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ពោ​ល គឺ​រើស​ឲ្យ​ចំ​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ពិតប្រាកដ មុន​ និង​បញ្ជូន​មក​ចូលរួម​ប្រឡងប្រជែង​នៅ​ថ្នាក់ជាតិ​នៅ​ឆ្នាំក្រោយ​ទៀត​ឲ្យ​បាន​កាន់តែច្រើន ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​យក​ជ័យលាភី​នៅ​ឆ្នាំ​ខាងមុខ​ទៀត​។

ជាមួយគ្នានេះដែរ​ លោក​រដ្ឋមន្ត្រី​ ក៏​ធ្លាប់បាន​ផ្ដាំផ្ញើ​ដល់​ក្មួយៗ ដែលជា​ជ័យលាភី​សិស្ស​ពូកែ និង​ជា​សិស្ស​ពូ កែ​ទាំងអស់​សូម​ឲ្យ​បន្ត​ខិតខំ​កសាង​ខ្លួន​ឲ្យ​ក្លាយជា​យុវជន​ជឿនលឿន ជា​សរសេរ​ទ្រូង​ដ៏​រឹងមាំ​របស់​ប្រទេសជាតិ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114